ភ្នំពេញៈ ក្រសួង​ទេសចរណ៍​កំពុង​រៀបចំ​ «​សៀវភៅ​ផែនការ​អភិវឌ្ឍន៍​ផែនទី បង្ហាញ​ផ្លូវ​ទេសចរណ៍​ភាគ​ពាយព្យ ឧត្តរ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​» ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ខេត្ត​ក្នុង​តំបន់ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ ជាពិសេស​តភ្ជាប់​ខ្សែក្រវាត់​តែមួយ​លើ​វិស័យ​ទេសចរណ៍​រវាង​ខេត្ត​ចំនួន​ ៩ ​ក្នុង​តំបន់​ទាំងនេះ​។

លោក​ ម៉ែន ភារម្យ ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ៣ មិថុនា ថា​ក្រុម​ការងារ​ក្រសួង​ទេសចរណ៍​បាន​រៀបចំ​តាក់តែង «​សៀវភៅ​ផែនការ​អភិវឌ្ឍន៍ ផែនទី​បង្ហាញ​ផ្លូវ​ទេសចរណ៍ ភាគ​ពាយព្យ ឧត្តរ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​» ជាង​ ១ ​ឆ្នាំ​មក​ហើយ និង​គ្រោង​បញ្ចប់​នៅ​ខែ​មិថុនា​នេះ រួច​ដាក់​ទៅ​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ដើម្បី​ពិនិត្យ អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

លោក​ថ្លែងថា កាលពី​ថ្ងៃទី​ ២ មិថុនា ក្រសួង​ទេសចរណ៍​តាមរយៈ​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ​បាន​រៀបចំ​កិច្ចប្រជុំ​ចុងក្រោយ​ដើម្បី​ពិនិត្យ​លើ «​សៀវភៅ​ផែនការអភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​ទេសចរណ៍ ភាគ​ពាយព្យ ឧត្តរ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​» ​ជាមួយ​តំណាង​មកពី​ខេត្ដ​ចំនួន​ ៩ ​នៃ​តំបន់​ភាគ​ពាយព្យ ឧត្តរ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។ ខេត្ដ​ទាំង​ ៩ ​នោះ​រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង​។

លោក ភារម្យ ថ្លែងថា​៖ «​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ យើង​បាន​ប្រជុំគ្នា​ដើម្បី​យក​ធាតុ​ចូល​ចុងក្រោយ​ដើម្បី​ដាក់​នៅក្នុង​សៀវភៅ​របស់​យើង ត្រៀម​ដាក់​ទៅសុំ​ការឆ្លង​ពី​ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​ទេសចរណ៍​ [​ថោង ខុន​]​។ គោលដៅ​នៃ​ការរៀបចំ​សៀវភៅ​នេះ​គឺជា​ផែនទី​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ពេល​ដែល​ចង់​មកលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​សក្តានុពល​តាម​តំបន់​ខាងលើ​គាត់​អាច​ឃើញ​នៅក្នុង​សៀវភៅ​នេះ គឺ​មាន​គោលដៅ​ទេសចរណ៍​ធំៗ​ទាំងអស់​»​។

លោក​បន្តថា​ក្រោយ​បញ្ចប់​វិបត្ដិ​កូវីដ​១៩ ក្រសួង​ទេសចរណ៍​មាន​គោលបំណង​ណែនាំ​ដល់​ទេសចរ​ជាតិ អន្តរជាតិ​ពី​គោលដៅ​ទេសចរណ៍​ថ្មី​នៅ​ខេត្ត​តាម​តំបន់​ទន្លេសាប​តែម្ដង​។ ក្នុងនោះ​ [​ភ្ញៀវ​] ទេសចរ​អាច​ទស្សនា​គោលដៅ​ទេសចរណ៍​ ៣ ​ដែល​សំខាន់​គឺ​ទេសចរណ៍​បែប​វប្បធម៌ ធម្មជាតិ និង​កសិទេសចរណ៍​។

លោក​បញ្ជាក់​ថា​៖ «​សៀវភៅ​នេះ​ក៏​ជា​ស្ពាន​មួយ​សម្រាប់​ការវិនិយោគ ដែល​សៀវភៅ​នេះ​បាន​បង្ហាញ​ពី​តំបន់​សក្តានុពល​ទេសចរណ៍​សំខាន់ៗ​ដែល​ពួកគាត់​អាច​ចាប់​ឱកាស​ទៅ​វិនិយោគ​បាន​»​។

លោក​ តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បានបញ្ជាក់​ពី​ថ្ងៃ​ទី​ ៣ មិថុនា ដែរ​ថា តាមរយៈ​សៀវភៅ​ផែនការ​អភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​ទេសចរណ៍​គឺ​កាន់តែ​ជំរុញ​ឲ្យ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ជុំវិញ​តំបន់​ខាងលើ​ក្លាយ​ទៅ​ជា​សក្តានុពល​ថ្មី​បន្ថែមទៀត​ស្របតាម​ទស្សនទាន​មាសស មាសបៃតង និង​មាស ផលិតកម្ម​ស្រូវ​។

លោក​ថ្លែងថា​៖ «​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​បរិយាប័ន្ន គឺ​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិរក្ស​សម្បត្តិ​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ព្រមទាំង​រក្សា​ការពារ​ និង​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​ផងដែរ​។ និយាយ​ជារួម​ផែនការអភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​ទេសរចរណ៍​ពាយព្យ ឧត្តរ និង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​គឺ​ពិតជា​កាលានុវត្តភាព​ថ្មី សម្រាប់​វិស័យ​ទេសចរណ៍​សម្រាប់​ជា​ផលប្រយោជន៍​រួមទាំង​អ្នកទេសចរ និង​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ជា​ប្រទីប​នៃ​ផ្នត់គំនិត​ថ្មីៗ​ក្នុង​ការរៀបចំ​ជា​កញ្ចប់​ខ្សែ​ទស្សនកិច្ច​រួម និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកទេសចរ​ក្នុង​គោលបំណង​កម្សាន្ត​តាម​បណ្តា​តំបន់​ទាំងនេះ​នាពេល​អនាគត​»​។

លោក​ ឈឿន សេរីវុធ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា តាមរយៈ​ការរៀបចំ​សៀវភៅ​ផែនការអភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​ទេសចរណ៍​ខាងលើ​នេះ​បាន​រឹតបន្តឹង​ទំនាក់ទំនង​ខេត្ដ​នៅ​តំបន់​ខាងលើ​ឲ្យ​សហការ​គ្នា​ក្នុង​ការពង្រីក​សក្តានុពល​ទេសចរណ៍​តាម​តំបន់​របស់ខ្លួន​បាន​ប្រសើរឡើង​ និង​មាន​ភាព​សម្បូរបែប​។

លោក​ថ្លែងថា​៖ «​ខេត្ត​ទាំង​ ៩ ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នឹង​សហការ​គ្នា​រៀបចំ​តំបន់​ទេសចរណ៍​ជា​ខ្សែ​តែមួយ​តែម្ដង​។ តាមរយៈ​ផែនការ​អភិវឌ្ឍន៍ ផែនទី​បង្ហាញ​ផ្លូវ​ទេសចរណ៍​នេះ​ខេត្ដ​នីមួយៗ​នឹង​បន្ត​ពិភាក្សា​រៀប​ប៉ូល​ទេសចរណ៍​ប្លែកៗ​ពីគ្នា​ដើម្បី​ឲ្យ​ទេសចរជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​»៕