ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា គាំទ្រ​ដោយ​ប្រទេស​ស៊ុយអែត និង​អង្គការ​យូនីសេហ្វ​រួម​គ្នា​ការពារ​ការអប់រំ​សម្រាប់​កុមារ ដោយ​ការផ្តល់ជូន​ជា​សៀវភៅ​សិក្សា​ក្នុង​មុខវិជ្ជា​គោល ដើម្បី​កុំឱ្យ​សិស្សានុសិស្ស​បោះបង់​ការសិក្សា​ចោល ក្នុងអំឡុង​ពេល​ដែល​សាលារៀន​របស់​ពួកគេ​ត្រូវបាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ចត្តាឡីស័ក​ហើយ​មិនទាន់​អាច​ចូល​សិក្សា​បាន​នៅឡើយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ស្ថាប័ន​ទាំង​ ៣ ចុះ​ថ្ងៃទី ២៤ កុម្ភៈ បានឱ្យដឹងថា ទោះជា​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ត្រូវ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​ ១១ ខែ មករា ឆ្នាំ​ ២០២១ ​ក៏ដោយ ក៏មាន​សាលាបឋមសិក្សា​ចំនួន​ ១៣ អនុវិទ្យាល័យ​ចំនួន​ ១៨ និង​វិទ្យាល័យ​ចំនួន​ ១៩ ដែល​មាន​ទីតាំង​នៅក្នុង​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរមានជ័យ ពុំ​អាច​បើក​ដំណើរការ​ព្រម​គ្នា​ជាមួយ​នឹង​សាលារៀន​ដទៃទៀត​ឡើយ​។

ស្ថាប័ន​ទាំង​ ៣ ​នេះ​បាន​បន្តថា កត្តា​ដែល​សាលារៀន​ទាំងនេះ​មិន​ទាន់​អាច​បើក​ដំណើរការ​បាន ព្រោះ​សាលារៀន​ទាំងនោះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ចត្តាឡីស័ក សម្រាប់​ពលករ​ចំណាក​ស្រុក​កម្ពុជា ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ ដើម្បី​ជា​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩​។

ជាមួយ​នឹង​បញ្ហា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ធ្វើការ​វាយតម្លៃរ​ហ័ស​មួយ​លើ​តម្រូវការ​របស់​សិស្សានុសិស្ស​ដែល​រង​ផលប៉ះពាល់​ពី​បញ្ហា​នេះ ហើយ​បាន​រកឃើញ​ថា ការខ្វះ​សៀវភៅ​សិក្សា​គឺជា​បញ្ហា​ប្រឈម​ធំជាងគេ​បំផុត​មួយ ដែល​សិស្សានុសិស្ស​កំពុង​ជួប​ប្រទះ ជាពិសេស​សិស្ស​ដែល​ត្រូវ​រៀន​ពី​ចម្ងាយ​នៅតាម​ផ្ទះ ឬ​ដែល​ត្រូវ​ទៅ​រៀន​នៅ​សាលា​មួយទៀត​នៅ​ក្បែរ​សាលារៀន​ខ្លួន​។

ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​នេះ យូនីសេហ្វ ដោយមាន​ការគាំទ្រ​ថវិកា​ពី​ប្រទេស​ស៊ុយអែត​បាន​ទិញ​សៀវភៅ​សិក្សា​មុខវិជ្ជា​គោល​សម្រាប់​ចែកជូន​សិស្ស​នៅក្នុង​សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​ចំនួន​ ៥០ ចាប់ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ១២​។ ជា​សរុប សៀវភៅ​សិក្សា​ចំនួន​ ៣៥ ០៥៥ ​ក្បាល​ត្រូវ​បាន​ចែកជូន​ទៅដល់​សាលារៀន​នៅ​តំបន់​ភាគ​ឦសាន ដែល​បាន​ជួយ​ដល់​សិស្ស​ប្រមាណ ៣២ ៤៨៦ ​នាក់ ​ឱ្យ​អាច​បន្ត​ការសិក្សា​របស់​ពួកគេ​បាន​។

លោក​ ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា ក្រសួង​អប់រំ ស្វាគមន៍​ចំពោះ​ការគាំទ្រ​បន្ថែម​ពី​យូនីសេហ្វ និង​ប្រទេស​ស៊ុយអែត សម្រាប់​សាលារៀន និង​សិស្សានុសិស្ស​ដែល​រង​ផលប៉ះពាល់​ក្នុង​ខេត្ត​នានា​នៅជាប់​ព្រំដែន​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងបន្តថា ទោះបី​ជា​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ជួបប្រទះ​ការលំបាក​ពី​ការឆ្លង​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ ក៏​ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព ដើម្បីឱ្យ​សិស្ស​អាច​នៅតែ​បន្ត​ការសិក្សា​បាន និង​ធានាថា ពួកគេ​មាន​សុវត្ថិភាព​ពី​ជំងឺ​នេះ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «​ដូច្នេះ ហើយ​បាន​ជា​ការផ្ដល់​សៀវភៅ​សិក្សា​នៅពេលនេះ​ដល់​សិស្ស​ដែល​រង​ផលប៉ះពាល់ គឺជា​អន្តរាគមន៍​ចំពោះមុខ​ដ៏មាន​សារៈសំខាន់​ដើម្បី​ជួយ​ឱ្យ​ពួកគេ​នៅតែ​បន្ត​ការសិក្សា​បាន​»​។

លោក​ ប៊ីយ៉ន ហ៊ែហ្កម៉ាឃ ​ឯកអគ្គរាជទូត​ប្រទេស​ស៊ុយអែត​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា ការអប់រំ គឺជា​សិទ្ធិមនុស្ស​មូលដ្ឋាន​ដ៏សំខាន់ ប៉ុន្តែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ បាន​បន្ត​បង្អាក់​ដល់​ការសិក្សា​របស់​កុមារ​កម្ពុជា​រាប់ពាន់នាក់​។

លោក​បាន​ថ្លែងថា​៖ «​ប្រទេស​ស៊ុយអែត​មាន​សេចក្ដី​សោមនស្ស​រីករាយ ដែល​អាច​ចូលរួម​ជួយ​ដល់​ការឆ្លើយតប​ជាបន្ទាន់​ដ៏មាន​សារៈសំខាន់​នេះ ដើម្បី​ធានាថា កុមារី និង​កុមារា​ដែល​រស់នៅ​ក្នុង​ខេត្ត​រង​ផលប៉ះពាល់​ផ្ទាល់​ពី​ជំងឺ​កូវីដ​ ១៩ អាច​ទទួលបាន​ធនធាន​សិក្សា​គ្រប់គ្រាន់ ដើម្បី​បន្ត​ការសិក្សា​របស់​ពួកគេ​»​។

លោកស្រី ​ហ្វ័រូហ្គ ហ្វយូហ្សិថ​ ​នាយិកា​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​និយាយថា​៖ «​តម្រូវការ​ចាំបាច់​ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​មានការ​អាក់ខាន​ដល់​ការរៀនសូត្រ​ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវ​គិតគូរ​សាជាថ្មី​នូវ​ការអប់រំ ដែល​សមស្រប​ទៅនឹង​ស្ថានភាព​ផ្លាស់ប្តូរ​ទាំងនេះ​។ កុមារ​គ្រប់រូប​ត្រូវតែ​មាន​សិទ្ធិ​ទទួល​បាន​ការអប់រំ ហើយ​គ្រប់គ្នា​ត្រូវ​រួមគ្នា​បំពេញ​នូវ​សិទ្ធិ​នោះ​ឱ្យ​ពួកគេ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពិនិត្យ​នូវ​ជម្រើស​ដទៃទៀត​ក្នុង​ការគាំទ្រ​ដល់​ការវិលត្រឡប់​ប្រកប​ដោយ​សុវត្ថិភាព​របស់​កម្មករ​ចំណាកស្រុក​ដោយ​ចាត់ទុក​ការប្រើប្រាស់​សាលារៀន ជា​មជ្ឈមណ្ឌល​ធ្វើ​ចត្តាឡីស័ក​គួរតែ​ជា​ជម្រើស​ចុងក្រោយ ដើម្បី​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ចេញពី​ការបិទ​សាលារៀន​ទាំងនោះ​»​។

នៅក្នុង​ឆ្នាំ​ ២០២០ ការអប់រំ​របស់​កុមារ​ត្រូវ​បាន​រង​ប៉ះពាល់​យ៉ាងខ្លាំង​ពី​មេរោគ​រាតត្បាត​នេះ ហើយ​ជា​លទ្ធផល​មាន​សាលារៀន​ជាច្រើន​ត្រូវបាន​បិទទ្វារ​។ ដូច្នេះ យូនីសេហ្វ កំពុង​ធ្វើការ​តស៊ូ​មតិ​ឱ្យ​បន្ត​ការអប់រំ​នៅ​ជុំវិញ​ពិភពលោក និង​កសាង​ទ្បើង​វិញ និង​គិតគូរ​សាជាថ្មី​នូវ​ប្រព័ន្ធ​អប់រំ​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​ទាំងអស់ និង​មាន​ភាពធន់​ទៅនឹង​វិបត្តិ​នានា​នៅ​ថ្ងៃ​អនាគត​៕