ស្ទឹងត្រែងៈ គ្រួសារ​យោធិន​ និង​ពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​ប្រមាណ​ ៤០០ ​គ្រួសារ​ នៅ​ស្រុក​សេសាន និង​ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង​បាន​ទទួល​អណ្តូងទឹក​ស្អាត​ចំនួន​ ២០ ​បន្ថែម​ទៀត​ពី​ក្រុមការងារ​នៃ​ «​មូលនិធិ​អណ្តូង​ទឹកស្អាត មាតាបិតា​សម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​» ខណៈ​ពលរដ្ឋ​ទាំងនោះ​កំពុង​ប្រឈម​នឹង​កង្វះ​ទឹកស្អាត​ប្រើប្រាស់​។

លោក​ សុវណ្ណ ពិសេដ្ឋ អភិបាល​ស្រុក​សេសាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលរមាស កំពុង​ជួប​ប្រឈម​បញ្ហា​កង្វះ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដោយសារ​ទឹក​នៅ​តាម​ប្រព័ន្ធ​ដងអូរ និង​ស្រះត្រពាំង​មួយ​ចំនួន​នៅក្នុង​ឃុំ​បាន​គោករីង​ជា​បណ្ដើរៗ​ក្នុង​រដូវប្រាំង​នេះ​។

ដោយ​ប្រឈម​នឹង​បញ្ហា​នេះ​ក្រុមការងារ​នៃ​ «​មូលនិធិ​អណ្តូង​ទឹកស្អាត មាតាបិតា​សម្តេច​តេជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​» ដែល​ដឹកនាំ​ដោយ​លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​ចុះមក​ជួយ​អន្តរាគមន៍ សាងសង់ អណ្ដូង​ទឹកស្អាត [​អណ្ដូងស្នប់​] ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ឃុំ ក្បាល​រមាស​ចំនួន​ ១០ ​អណ្ដូង​ដើម្បី​បាន​ទឹកស្អាត​ប្រើប្រាស់​។

លោក​ ពិសេដ្ឋ ថ្លែង​ថា​កាលពី​ថ្ងៃទី​ ២៩ ខែ​កុម្ភៈ លោកស្រី​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង​ក្រុម​ការងារ​នៃ​ «​មូលនិធិ​អណ្ដូង​ទឹកស្អាត​មាតាបិតា​សម្តេច​តេជោ​ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» ​បាន​ចុះ​មក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អណ្ដូង​ចំនួន​ ៥ ​នៅ​ភូមិ​ក្បាលរមាស​ថ្មី​នៃ​ឃុំ​ក្បាលរមាស​។ ការដាក់​ឲ្យ​ប្រើប្រាស់​អណ្តូង​ទាំងនេះ​នៅ​ទីតាំង​ផ្នែក​ខាងលើ​នៃ​ខ្នង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ​២ ដើម្បី​ឆ្លើយតប​ភាពចាំបាច់​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​ស្មើនឹង​ ១០០ ​ខ្នង​ផ្ទះ​។

លោក​បញ្ជាក់ថា​៖ «​អំណោយ​ជា​អណ្ដូង​ទឹកស្អាត​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ការរួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដាច់ស្រយាល និង​ងាយ​រងគ្រោះ​ដោយ​ភាពរាំងស្ងួត​»​។

ជាមួយ​គ្នា​នេះ​តំណាង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ភូមិ​ក្បាលរមាស​ថ្មី អ្នកស្រី យ៉ៅ សុង អាយុ​​ ៤៧ ​ឆ្នាំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អណ្ដូងទឹក​ស្អាត​ថ្មី​នេះ​បាន​ផ្ដល់​សារប្រយោជន៍​ជាច្រើន​ដល់​អ្នកភូមិ​របស់​ពួកគាត់​ក្នុង​ការប្រកបរបរ​កសិកម្ម និង​ការធ្វើ​អាជីវកម្ម​ផ្សេងៗ​ទៀត​។

អ្នកស្រី​ថ្លែងថា​៖ «​កាលពី​មុន​ទទួលបាន​អំណោយ​អណ្ដូង​ទឹកស្អាត​នេះ អ្នកភូមិ​យើង​ភាគច្រើន​បាន​នាំគ្នា​ទៅ​ដងទឹក​អូរ ហើយ​ដឹកយក​មកប្រើប្រាស់​ និង​ដាំស្ល​។ អូរ ដែល​មាននៅ​សេសសល់​ទឹក​នា​រដូវប្រាំង​នេះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ភូមិ​ប្រមាណ​ ២-៣ ​គីឡូម៉ែត្រ ហើយ​ទឹក​មិន​ថ្លា​ល្អ​ដូចជា​ទឹកអណ្ដូង​នាពេល​នេះ​ទេ​»​។

ចំណែក​លោក​ ផាត់ យុត្ត អភិបាល​ស្រុក​សៀមប៉ាង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែកមាស ឃុំ​ស្រែសំបូរ និង ឃុំ​សន្តិភាព​កំពុង​ប្រឈម​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ ព្រោះ​ភូមិសាស្ត្រ​នៃ​ឃុំ​ទាំង​ ៣ ​ខាងលើ​នេះ​ជា​តំបន់​ខ្ពង់រាប មិន​សម្បូរ​ប្រព័ន្ធ​ប្រឡាយ ឬ​អាង​បិទ​ទឹក ដូចជា តំបន់​ទំនាបកណ្ដាល​នោះទេ​។

លោក​ យុត្ត អះអាង​ថា អាជ្ញាធរ​មាន​គម្រោង​សាងសង់​អណ្ដូង​ទឹកស្អាត​រហូតដល់​ ៣០ ​អណ្ដូង ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​ ៣ ​ខាងលើ​នេះ​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​ ២០២០ ​នេះ​។ លោក​អភិបាល​បាន​និយាយថា នៅពេល​នេះ​អាជ្ញាធរ​កំពុង​កៀរគរ​មូលនិធិ​ពី​សប្បុរសជន វិស័យ​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ជា​ដៃគូ ដើម្បី​សាងសង់​អណ្ដូង​ទឹកស្អាត​បន្ថែមទៀត​។

លោក​ ផាត់ យុត្ត បញ្ជាក់ថា​៖ «​នៅពេល​នេះ​ក្រុមការងារ​មូលនិធិ​អណ្ដូង​ទឹកស្អាត​មាតាបិតា​សម្តេច​តេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​បាន​ផ្ដល់ជូន​អណ្ដូង​ចំនួន ​១០ ក្នុង​នោះ​អណ្ដូង​ចំនួន​ ៦ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង បានដាក់​ឲ្យ​ប្រើប្រាស់​ហើយ​អណ្ដូង​មួយចំនួន​ទៀត​កំពុង​ដំណើរការ​សាងសង់ និង​រក​មូលនិធិ​មក​បន្ថែម​»​។

សូមបញ្ជាក់​ផងដែរ​ថា គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៣ មក​ដល់​ឆ្នាំ​ ២០២០ ​នេះ «​មូលនិធិ​អណ្តូង​ទឹកស្អាត​មាតាបិតា​សម្តេច​តេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​» បាន​ដោះស្រាយ​បញ្ហា​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅ​ទូទាំងប្រទេស​តាមរយៈ​ការធ្វើ​អណ្តូងទឹក​ស្អាត​បាន​ចំនួន​ជាង​ ៨០០ ​អណ្តូង​។ ក្នុងនោះ​អណ្ដូង​ប្រមាណ​ ៦០០ ​អណ្ដូង​ត្រូវ​បាន​សាងសង់​រួចរាល់ និង​បានដាក់​ឲ្យ​ដំណើរ​ការប្រើប្រាស់​ជា​ផ្លូវការ​៕