ភ្នំពេញៈ ​មន្ត្រី​នគរបាល​បាន​អះអាង​ពី​ម្សិលមិញ​ថា មាន​​បុរស​ ៣ ​នាក់​ បាន​រងរបួស​ធ្ងន់-ស្រាល ដោយសារ​ការផ្ទុះ​ឆេះ​ស្ថានីយ​ប្រេងឥន្ធនៈ​ ១ ​កន្លែង​ នៅ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​អង្គារ​។ ក៏ប៉ុន្តែ​មូលហេតុ​នៅ​មិនទាន់​ដឹង​ទេ ខណៈ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​នៅឡើយ​។

លោក ឱ ស៊ីលីហូវ នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​និរោធ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ហេតុការណ៍​នេះ​បាន​កើត​នៅ​ម៉ោង​ ៧:៣០ ​នាទី​យប់​ថ្ងៃ​អង្គារ​នៅ​ស្ថានីយ​ប្រេង​តេលា ឈ្មោះ សម្បត្តិ មានហេង នៅតាម​ផ្លូវជាតិ​លេខ​ ១ ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្តថា ឧប្បតិ្តហេតុ​នោះបាន​បណ្ដាល​ឲ្យ​បុរស​ជា​​កម្មករ​ ៣ ​នាក់​រួមមាន ឈ្មោះ ស្រ៊ួច ញៀន អាយុ​ ១៨ ​ឆ្នាំ​, ភួង បូរ៉ា អាយុ​ ១៧ ​ឆ្នាំ និង​ឈ្មោះ​ ស៊ន ស៊ីថា អាយុ​ ៣១ ​ឆ្នាំ​ បាន​របួសធ្ងន់-ស្រាល និង​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​។

លោក​ ស៊ី លីហូវ បាន​បញ្ជាក់ថា​៖ «​មក​ទល់​ពេល​នេះ​ស្ថានភាព​របស់​ជនរងគ្រោះ​ឈ្មោះ​ ស្រ៊ួច ញៀន និង ភួង បូរ៉ា កំពុង​ស្ថិតក្រោម​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​ឈ្មោះ ស៊ន ស៊ីណា ដែល​រងរបួស​ស្រាល និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ព្រះកុសុមៈ បាន​ធូរស្រាល​បន្តិច​ហើយ​»​។

លោក​បាន​បន្តថា ចំពោះ​មូលហេតុ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​ [​ម្សិលមិញ​] ​នេះ​ក្រុមមន្ត្រី​នគរបាល​នៅ​ពុំទាន់​ដឹង​ទេ​។

ក៏ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាលជាតិ​ចេញ​ផ្សាយ​ពី​ម្សិលមិញ​ថា លទ្ធផល​បឋម​បាន​រកឃើញ​ថា ករណីនេះ​មកពី «​ធ្លាយ​ស៊ីទែន​ស្ដុកហ្គាស​»​។

យ៉ាងណាក្ដី​ការផ្ទុះ​ឆេះ​ស្ថានីយ​ប្រេង​នេះ​ពុំ​បាន​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​នៅ​ជិត​នោះទេ ដោយសារ​មាន​ការជួយ​អន្តរាគមន៍​បាន​ទាន់ពេល​ពី​អាជ្ញាធរ​​ និង​សមត្ថកិច្ច​ដោយ​បាន​ប្រើ​​រថយន្ត​ពន្លត់​អគ្គិភ័យ​ ១៩ ​គ្រឿង​ និង​ប្រើ​ទឹក​អស់​ ២៧ ​រថយន្ត ឬ​​ស្មើ​ជាង​ ១២០ ​ម៉ែត្រគុប​។

ជុំវិញ​គ្រោះ​អគ្គិភ័យ​នេះដែរ​លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ​ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​ខែ​មករា​ឆ្នាំនេះ គ្រោះ​អគ្គិភ័យ​​បាន​កើតឡើង​ ៧៧ ​លើក​ដោយ​បាន​សម្លាប់​មនុស្ស​ ៥ ​នាក់ និង​ម្នាក់ទៀត​រងរបួស​ព្រមទាំង​បាន​បំផ្លាញ​ផ្ទះ​អស់​ ៧២ ​ខ្នង និង​តូប​លក់ដូរ​អស់​ ២៧ ​តូប​។

បើតាម​លោក នេត វន្ថា កត្តា​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ រួមមាន​ទុស្សេ​ចរន្តអគ្គិសនី ៤០ ​ភាគរយ កត្តា​ភ្លើងចង្ក្រាន ទៀន ធូប និង​ការបោះចោល​នូវ​កន្ទុយ​ភ្លើង​ផ្សេងៗ​ខ្វះ​ការប្រុងប្រយ័ត្ន​ ៣៩ ​ភាគរយ និង​ ២១ ​ភាគរយ​ទៀត​គឺ​មិនទាន់​ដឹង​ពី​មូលហេតុ និង​កំពុង​ស៊ើបអង្កេត​នៅឡើយ​៕