The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្ទុះ​មីន​តោន​​បណ្ដាល​ឲ្យ​បុរស ២ នាក់​ស្លាប់​ នៅ​ឧត្តរ​មានជ័យ​

ផ្ទុះ​មីន​តោន​​បណ្ដាល​ឲ្យ​បុរស ២ នាក់​ស្លាប់​ នៅ​ឧត្តរ​មានជ័យ​

Content image - Phnom Penh Post
នគរបាល​ពិនិត្យ​រណ្ដៅ​មីនតោន​ផ្ទុះ​​​។ នគរបាល

ផ្ទុះ​មីន​តោន​​បណ្ដាល​ឲ្យ​បុរស ២ នាក់​ស្លាប់​ នៅ​ឧត្តរ​មានជ័យ​

ឧ​ត្ត​រ​មាន​ជ័យ: បុរស​២នាក់​ ក្នុង​ចំណោម​ ៣ ​នាក់​បាន​ស្លាប់​ ស្ថិត​នៅ​ភូមិ​សែនសំ ​ឃុំ​អូរស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ នៅ​ថ្ងៃ​ទី ១៤​ ខែ មីនា​​ ដោយ​សារ​ផ្ទុះ​មីន​តោន​ ខណៈ​ពួក​គេ​ទាំង​ ៣ នាក់​ បាន​ដើរ​ស៊ី​ឈ្នួល​ដោះ​មីន​តាម​ដី​ចម្ការ​ និង​ដី​ស្រែ​ឲ្យ​អ្នក​ភូមិ។​ នេះ​បើ​តាម​លោក​ អិន​ កាយ​ អធិ​ការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ។

លោក​ អិន ​កាយ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា ​បុរស​ម្នាក់​មិន​មាន​រង​គ្រោះ​ថ្នាក់​ តែបុរស​ ២ ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ ក្នុង​ករណី​ផ្ទុះ​គ្រាប់​មីន​តោន​ចំនួន ​២ ​គ្រាប់​ បន្ទាប់​អ្នក​ភូមិ​ម្នាក់​បាន​ជួល​ពួកគេ​ទាំង​ ៣ ​នាក់​ឲ្យ​ជួយ​ដោះ​គ្រាប់​មីន​​ចេញ​ពី​ដី​ចម្ការ​របស់​ខ្លួន​ ដោយ​ដឹង​ថា ​ពួក​គេ​ធ្លាប់​មាន​បទ​ពិសោធ​ជាង​ ១០ ​ឆ្នាំ​មក​ហើយ។​

​លោក​បន្ត​ថា ​លោក​មិន​បាន​ដឹង​ពី​តម្លៃ​ប្រាក់​ឈ្នួល​ដោះមីន​នេះ​ទេ ​ប៉ុន្ដែ​ខណៈ​ភាគី​អ្នក​ស៊ី​ឈ្នួល ​និង​ម្ចាស់​ចម្ការ​ព្រម​ព្រៀ​ង​គ្នា ​មាន​បុរស​ម្នាក់​ឈ្មោះ ​ហុក រ៉ា​ឆាន​ ជា​អ្នក​កាន់​ឧប​ករ​ណ៍​រាវ​មីន​ ដោយ​ក្នុង​ដំណើរ​រាវ​រក​មីន​នោះ​ ស្រាប់​តែ​ពួក​គេ​ប្រ​ទះ​ឃើញ​មីន​កប់​ក្នុង​ដី​ ប៉ុន្ដែ​មិនទាន់​ច្បាស់​ថានៅត្រង់​ចំណុច​ណា​ឲ្យ​ប្រាកដ ​ហើយ​ពួក​គេ​ក៏​ផ្អាក​សកម្ម​ភាព​សិន។​

​លោក​បន្ថែម​ថា​ ខណៈ​មាន​បុរស​ម្នាក់​ដើរ​ចេញ​ពី​កន្លែង​សង្ស័យ​មាន​មីន​ទៅ​រក​មើល​អន្ទាក់​ដាក់​ស​ត្វ​ព្រៃ​ ហើយ​​បុរស​ម្នាក់​ទៀត​ទៅ​ដាំ​ទឹក​ឆុង​កា​ហ្វេ​ដែល​នៅ​ក្បែរ​ទី​តាំង​មីន​ រីឯ​បុរស​ម្នាក់​ទៀត​ បាន​យក​ចប​កាប់​ ទៅ​កាយ​រក​មីន​នោះ​ ដោយ​ភ្លាម​ៗ​នោះ ​រូប​គេ​ក៏​បាន​កាប់​ប៉ះចំ​គ្រាប់​មីន​ ហើយ​ក៏​ផ្ទុះ ​បណ្ដាល​ឲ្យ​ស្លាប់​ទាំង ២ ​នាក់​ដែល​នៅ​ក្បែរ​គ្នា​នោះ​ ហើយ​បុរស​ដែល​ទៅ​មើល​អន្ទាក់​សត្វ​នោះ ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ។​

​លោក​ អិន​ កាយ​ បាន​​បញ្ជាក់​ថា​៖ «ពួក​គាត់​ទាំង​ ៣ ​នាក់​ហ្នឹង​ គឺ​ធ្លាប់​រកស៊ី​ដោះ​មីន​ជាង​ ១០ ឆ្នាំ​ហើយ ​គាត់​ដោះ​មីន​​ច្រើន​គ្រាប់​មក​ហើយ ​អ៊ី​ចឹង​អ្នក​ភូមិ​ឃើញ​គាត់​ជំនាញ​ ក៏​ជួល​គាត់​មក​ឲ្យ​ដោះ​នៅ​ដី​ចម្ការ​គាត់។​ ទី​តាំង​កន្លែង​ហ្នឹង​ ខ្ញុំ​ធ្លាប់​បាន​រាយ​ការណ៍​ឲ្យ​អ្នក​ជំនាញ​គេ​មក​យក​ចេញ ៥ ​គ្រាប់​រួច​មក​ហើយ ​ព្រោះ​កន្លែង​ជាទី​តាំង​ប្រយុទ្ធ​គ្នា​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​ក៏​ធ្លា​ប់​បាន​ណែ​នាំ​ពួក​គាត់​ច្រើន​ដង​ដែរ​ តែ​អ្នក​ភូមិ​មិន​ហ៊ាន​ធ្វើ​ខ្លួនឯង​ ក៏​ទៅ​ជួល​អ្នក​ជំនាញ​ហ្នឹង​ ទើប​បាន​មាន​គ្រោះ​អ៊ីចឹង»។​

លោក​ ឃុន​ រី​​ម​ នា​យ​ប៉ុស្ដិ៍​រដ្ឋ​បាល​ឃុំ​អូរ​ស្វាយ​ កាល​ពី​ម្សិល​មិញ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​​ករណី​នេះ​បាន​ទេ ​ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

​លោក​ ហេង​ រតនា ​នា​យក​មជ្ឈ​មណ្ឌល​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា ​ស៊ីម៉ាក់​ (CMAC)​ បានបញ្ជាក់​អំ​ពី​ករណី​គ្រោះថ្នាក់​ដោយសារ​ផ្ទុះ​មីន​នេះ​ ហើយ​អះ​អាង​ថា​ ពួក​គេ​មិន​មែ​ន​ជា​អ្នក​ជំ​នាញ​ដោះ​មីន​ដែល​ធ្លាប់​ទទួល​ការ​បណ្ដុះ​បណ្ដាល​នោះ​ទេ ​ដោយគ្រាន់​តែ​​ចេះ​ជំនាញ​តៗ​គ្នា​តាំង​ពី​ជំនាន់​ប៉ុល ពត​ ហើយ​ក៏​នាំ​គ្នា​ប្រកប​មុខរបរ​នេះ​ ដោយ​មិន​មាន​អាជ្ញាប័ណ្ណ។

លោក​ ហេង​ រតនា​ បញ្ជាក់​ថា​៖ «គេ​ជួល​គាត់​ទេ​ ព្រោះ​ធ្លាប់​ដឹង​ថា​ គាត់​ចេះ​ដោះ​មីន​កន្លង​មក​អ៊ីចឹង​ ហើយ​មិន​ដែល​ធ្លាប់​បណ្ដុះ​បណ្ដាល​ទេ​ ហើយ​​ស្រុក​កំណើត​គាត់​នៅ​ឯ​បាត់​ដំបង​ឯណោះ ​ខ្ញុំ​ថា ​ពួក​គាត់​ធ្វើ​ហ្នឹង​ គឺ​វា​ខុស​ពី​ច្បាប់​ហើយ​ ព្រោះ​គ្មាន​ជំនាញ​ គ្មាន​អាជ្ញា​ប័ណ្ណ​ ហើយ​យើង​នឹង​ត្រួត​ពិនិត្យ​បញ្ហា​ហ្នឹង​ដែរ។​ មន្ត្រី​យើង​ នឹង​ចុះ​ទៅ​នៅ​ថ្ងៃទី​ ១៥​ មីនា​នេះ​ ដើ​ម្បី​​ឆែក​ទីតាំង​កន្លែង​ហ្នឹង​ ព្រោះ​ទី​តាំង​ហ្នឹង​មាន​មនុស្ស​ចេញ​ចូល​ឆ្លង​កាត់​ជា​ហូរហែ​»។​

​តាម​របាយ​ការណ៍​រប​ស់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​​បាន​បង្ហាញ​ថា ​ករណី​នេះ​កើត​ឡើង​នៅ​ម៉ោង ​១២:​៤៥ ​នាទី​ ដោយ​ពួក​គេ​ជា​អ្នក​ស៊ី​ឈ្នួល​រាវ​មីន​ឲ្យ​គេ ​ហើយ​កាប់​ចំ​មីន​តោន​ បណ្តាល​​ឲ្យ​ផ្ទុះ​ស្លាប់​ចំនួន​ ២​ នាក់។​ ជន​រង​គ្រោះ​ទាំង​ ៣ ​នាក់​ ទី​១​ ​ឈ្មោះ ​ហុក​ រ៉ា​ឆាន​ ភេទ​ ប្រុស​ អាយុ ​១៨​ ឆ្នាំ ​មុខ​របរ​ ស៊ី​ឈ្នួល​រាវ​មីន​ មាន​ទីលំ​នៅ​ ភូមិ​ព្រះ​អណ្តូង​ ឃុំ​ស្តុក​ប្រវឹក ​ស្រុក​រុក្ខ​គិរី​ ខេត្ត​បាត់​ដំបង​ (​ស្លាប់​នៅ​នឹង​កន្លែង​)​ ទី២ ​ឈ្មោះ ​ម៉ៅ ​កំសត់​ ភេទ​ ប្រុស​ អាយុ​ ២២​ ឆ្នាំ ​មុខរបរ​ ស៊ី​ឈ្នួល​រាវ​មីន​ មាន​ទីលំ​នៅ ភូមិ​ត្រពាំង​បី​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ (​ស្លា​ប់​​​​នៅ​នឹង​កន្លែង​)​ និង​ទី៣.​ឈ្មោះ ​តែ​ម​ ប៊ុន​ធី​ម​ ភេទ​ ប្រុស​ អាយុ ​៤៩ ​ឆ្នាំ​ មាន​ទីលំ​នៅ​ ភូមិ​ត្រ​ពាំង​បី​ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មានជ័យ (​ពុំមាន​រង​របួស)​។​ សព​ពួក​គេ​ទាំង ២ នាក់​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕​

អត្ថបទគួរចាប់អារម្មណ៍