សៀមរាបៈ ករណី​ផ្ទុះ​ហ្គាស​នៅ​ក្រុង​សៀមរាប​កាល​ពី​ថ្ងៃទី ​១៤ ​សីហា​ បាន​ធ្វើ​ឱ្យ​មនុស្ស ​១៣ ​នាក់​រង​របួស ​ក្នុង​នោះ​មាន​ជនជាតិ​អាមេរិក​ម្នាក់​ និង​អង់គ្លេស​ម្នាក់​ ខណៈ ​៧ នាក់ ​ក្នុង​ចំណោម​នោះ ​រួម​ទាំង​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ម្នាក់​ផង​ ត្រូវ​បាន​អាជ្ញាធរ ​និង​ក្រុម​គ្រួសារ​សហការ​គ្នា​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស ​ថៃ ​រីឯ ​៦ ​នាក់​ផ្សេង​ទៀត ​កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស ​កម្ពុជា​។

តាម​របាយការណ៍​របស់​នគរបាល​បាន​ឲ្យ​ដឹង​ថា ករណី​ផ្ទុះ​កន្លែង​បញ្ចូល​ហ្គាស​នេះ គឺ​ស្ថិត​ក្នុង​ភូមិ​បន្ទាយ​ចាស់ ​សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប ​ដែល​មាន​ម្ចាស់​ឈ្មោះ​ ឈុក​ ឈុនលី​ ប្រកប​មុខ​របរ​លក់​ហ្គាស​។

ករណី​នេះ​​កើត​ឡើង​កាល​ពី​ម៉ោង ​១ ​រសៀល​ថ្ងៃទី ​១៤ ​សីហា​ ដោយ​បាន​ធ្វើ​ឱ្យ​មនុស្ស ​១៣ ​នាក់​រង​របួស​ តែ​គ្មាន​អ្នក​ស្លាប់​ទេ។ រីឯ​សម្ភារ​ខូចខាត​រួមមាន ​ម៉ូតូ ​២ ​គ្រឿង​ និង​រថយន្ត ​១ គ្រឿង ​ត្រូវ​ឆេះ​ខ្ទេច​ ខណៈ​រថយន្ត ​១ គ្រឿង​ទៀត​ រង​ការ​ខូចខាត​ដោយសារ​បែក​កញ្ចក់​ ព្រម​ទាំង​មាន​ឧបករណ៍​ខូចខាត​ផ្សេង​​មួយ​ចំនួន​ទៀត។

លោក ​ណុប ​សារ៉ាក់ ​អធិការ​ក្រុង​សៀមរាប​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​​ថា ​អាជ្ញាធរ​មិន​ទាន់​រក​ឃើញ​មូលហេតុ​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ផ្ទុះ​ហ្គាស​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​ចម្លើយ​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​លើក​ឡើង​ថា ដំបូង​ឡើយ​គឺ​មាន​ការ​ផ្អើល​ឆោឡោ​អំពី​ការ​ធ្លាយ​ហ្គាស និង​បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ដែល​ជា​អ្នក​ជិត​ខាង​ចូលរួម​អន្តរាគមន៍​ទប់ស្កាត់​កុំ​ឱ្យ​ហ្គាស​នោះ​ធ្លាយ​។

លោក​បន្ត​ថា​ នៅ​ពេល​ឆោឡោ​នោះ ​ក៏​មាន​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ ​ហួត​ មុន្នីពិសាខ ដែល​បម្រើ​ការ​នៅ​ការិយាល័យ​បង្ក្រាប​ និង​ការពារ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ចូលរួម​អន្តរាគមន៍​ទប់ស្កាត់​ក្នុង​នាម​លោក​ជា​មន្ត្រី​នគរបាល​ផង ​និង​ជា​អ្នក​រស់នៅ​​ជិត​ខាង​គ្នា​ផង ​ដើម្បី​ជួយ​ជម្លៀស​ពលរដ្ឋ​ពី​កន្លែង​កើត​ហេតុ​ និង​ជួយ​ផ្ដល់​ដំណឹង​ទៅ​មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​។ ប៉ុន្តែ​នៅ​ពេល​កំពុង​ជួយ​នោះ ស្រាប់​តែ​ហ្គាស​បាន​ផ្ទុះ​ឡើង​តែ​ម្ដង​បណ្ដាល​ឲ្យ​លោក​រង​របួស​​។

លោក​ថា៖ «​ករណី​ហ្នឹង​វា​មាន​តែ​ការ​ឆេះ​រោល​ដង​ខ្លួន ដូច​ជា​ ដៃ​ជើង​ និង​មុខ​ប៉ុណ្ណឹង​ទេ វា​មិនមាន​បែក​ក្បាល ឬ​របួស​អី​ផ្សេងៗ​ទៀត​ទេ។ បើ​តាម​សាក្សី ​ហ្គាស​ហ្នឹង​ធ្លាយ​ចេញ​ពី​ធុង​ ហើយ​ប្រហែល​ធ្លាយ​ខ្លាំង​ពេក ​ទើប​បណ្ដាល​ឱ្យ​ផ្ទុះ​តែ​ម្ដង ​ប៉ុន្តែ​ក្នុង​ករណី​នេះ ​ស្ដ្រី​ម្នាក់​ដែល​ជា​បុគ្គលិក​នៅ​កន្លែង​លក់​ហ្គាស​ហ្នឹង កុំ​តែ​បាន​មន្ត្រី​របស់​យើង​ដែល​​រង​របួស​ម្នាក់​ហ្នឹង​ បាន​ហៅ​ឱ្យ​​ចេញ​ កុំ​អី​គាត់​អាច​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិត»​។

បើ​តាម​អធិការ​រូប​នេះ ​ក្រុម​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ ​បាន​ចេញ​ប្រតិបត្តិការ​ភ្លាម ​ដោយ​បាញ់​ទឹក​ពន្លត់​ភ្លើង​ និង​ការពារ​កុំ​ឱ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​ជិត​ខាង ​គឺ​នៅ​អំឡុង​ពេល​ប្រហែល ​៣០ ​នាទី​ បន្ទាប់​ពី​ការ​ផ្ទុះ​ឆេះ​។ លោក​ថា​ ចំណែក​អ្នក​របួស ​៧ ​នាក់ ​ដែល​បញ្ជូន​ទៅ​ថៃ គឺ​មាន​មន្ត្រី​នគរបាល​ និង​ជនជាតិ​អង់គ្លេស ​រីឯ​ជនជាតិ​អាមេរិក​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​ ហើយ ​៥ ​នាក់​ទៀត ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​។

លោក​ ណុប​ សារ៉ាក់​ បន្ថែម​ថា​ ចំណែក​ខាង​ម្ចាស់​កន្លែង​លក់​ហ្គាស​នោះ ​បាន​សន្យា​ថា​នឹង​ចូល​ខ្លួន​មក​ដោះស្រាយ​ចំពោះ​មុខ​សមត្ថកិច្ច​ដើម្បី​ទូទាត់​សំណង​ ចំពោះ​ជន​រងគ្រោះ​​ថ្នាក់​ទាំង​អស់។​ ប៉ុន្តែ​លោក​បញ្ជាក់​ថា អាជ្ញាធរ​ មិន​ទាន់​មាន​វិធានការ​ណា​មួយ​ចំពោះ​ម្ចាស់​ទីតាំង​នេះ​នៅ​ឡើយ​ទេ ​ដោយសារ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​។

លោកថា៖​ «យើង​អត់​ទាន់​អាច​ចោទ​ប្រកាន់​គាត់​បាន​ទេ ដោយសារ​តែ​គាត់​អត់​បាន​នៅ​ទីតាំង​ហ្នឹង​ទេ ព្រោះ​គាត់​រវល់​ទៅ​បុណ្យ ​និង​ទុក​ឱ្យ​បុគ្គលិក​នៅ​មើល​អានេះ ​(ព័ត៌មាន) ​ដែល​ខ្ញុំ​ទទួល​បាន​ភ្លាមៗ​ នៅ​ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ផ្ទាល់»​។

ទោះ​ជា​យ៉ាង​ណា​ ក្រសួង​រ៉ែ និង​ថាមពល ​កាល​ពី​ម្សិលមិញ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​បញ្ជាក់​ថា ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ​ដែល​កើត​មាន​ករណី​ផ្ទុះ​ហ្គាស​នេះ ​គឺ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ឡើយ​ ហើយ​ក្រសួង​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​លើ​ករណី​នេះ​បន្ថែម​ទៀត​។

ក្រសួង​រ៉ែ​ក៏​បាន​ណែនាំ​​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​បើក​ដំណើរការ​ស្ថានីយ​ប្រេង ​ជា​ពិសេស​ឧស្ម័ន​ឥន្ធនៈ​ ត្រូវ​តែ​មាន​វិជ្ជាជីវៈ ​និង​បច្ចេកទេស​សុវត្ថិភាព​ឱ្យ​បាន​ច្បាស់លាស់​ហើយ​តម្រូវ​ឱ្យ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ជំនាញ ​និង​ស្ថាប័ន​ពាក់ព័ន្ធ ​ដើម្បី​ចៀសវាង​ការ​បង្ក​ឱ្យ​មាន​ហានិភ័យ​គ្រោះថ្នាក់​ដល់​ខ្លួន​ និង​អ្នក​ដទៃ​បែប​នេះ​។

ជាមួយ​គ្នា​នេះ​ លោក ​នួន​ ពុទ្ធារ៉ា អភិបាល​ក្រុង​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ដែរ​ថា ​អភិបាល​ខេត្ត​លោក ​ទៀ ​សីហា បាន​សម្រេច​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​សម្រាប់​អ្នក​រង​របួស​ទាំង​អស់​ រួម​ទាំង​ការ​ចុះ​ទៅ​​សួរសុខ​ទុក្ខ​ផ្ទាល់​ដល់​អ្នក​រង​របួស​ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ផង​ដែរ។

លោក​បន្ត​ថា៖​ «​បើ​តាម​ខ្ញុំ​ដឹង​ ប៉ុន្តែ​មិន​ច្បាស់ ​១០០ ភាគរយ​ទេ ឯកឧត្តម​អភិបាល​គាត់​ថា​នឹង​ជួយ​ថ្លៃ​ព្យាបាល​ទាំង​ស្រុង​សម្រាប់​មន្ត្រី​ប៉ូលិស»៕