កំពង់ធំៈ បន្ទាប់ពីសោកនាដកម្មដ៏រន្ធត់កើតឡើងពីយប់ថ្ងៃសៅរ៍កញ្ញា បឿន សុគី អាយុ ១៦ ឆ្នាំ បានឈរសម្លឹងមើលរូបថតក្នុងប្លាស្ទិកនៅផ្ទះកើតហេតុក្នុងស្រុក ប្រាសាទសម្បូរណ៍ ខេត្ត កំពង់ធំ។ បុរសក្នុងរូបថតនោះគឺជាគូដណ្តឹងរបស់នាងដែលគ្រោងនឹងរៀបការនៅក្នុងខែ មីនា ខាងមុខ។
ប៉ុន្តែអ្វីៗវារលាយទៅហើយ បន្ទាប់ពីបុរសជាអនាគតស្វាមីនាងបានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងពីធីរាំកម្សាន្ត ថ្ងៃចូលរោងការអ្នកជិតខាងខណៈរូបនាងនិងគូដណ្តឹងបានភ្ជាប់ពាក្យ ១ ឆ្នាំមកហើយ។
បើតាមបុគ្គលិកពេទ្យឲ្យដឹងថា មនុស្ស ១១ នាក់ស្លាប់ ៣៣ នាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកកាលពីយប់ថ្ងៃសៅរ៍ ហើយនគរបាល អះអាងពីម្សិលមិញដែរថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យអាយុ ២៤ឆ្នាំ ម្នាក់ដែលមានជម្លោះជាមួយកូនកំលោះកាលពីប៉ុន្មានថ្ងៃមុន។
លោក ហាំង ធុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កំពង់ធំ ថ្លែងថា៖ «វាជាព្រឹត្តិការណ៍តក់ស្លុតបំផុតនៅក្នុងខេត្ត»។
លោក កេ ខាណារ៉ា ស្នងការរងខេត្ត ដែលស៊ើបអង្កេតរឿងក្តីនេះបដិសេធមិនប្រាប់ឈ្មោះជនសង្ស័យទេ ប៉ុន្តែថា ជននោះនិងកូនកំលោះឈ្លោះគ្នាកាលពីថ្ងៃទី ២២ ខែ មករា។ អាជ្ញាធរភូមិបានសម្រុះសម្រួល ហើយជនសង្ស័យមិនពេញចិត្តនឹងដំណោះស្រាយនោះឡើយ។
លោកបន្តថា៖ «វាជាការប៉ុនប៉ងធ្វើឃាតមនុស្ស ព្រោះអ្នកវាយប្រហារបានរៀបចំគម្រោងទុកមុន។ កូនកំលោះនិងកូនក្រមុំ ក៏រងរបួសក្នុងការវាយប្រហារនោះផងដែរ»។
ដេកនៅលើគ្រែក្នុងមន្ទីរពេទ្យនៅថ្ងៃត្រូវរៀបការ នាង ភឿន សុផល អាយុ ២០ឆ្នាំ ដែលនឹងក្លាយជាកូនក្រមុំនោះ បានប្រាប់ថា នាងភ្ញាក់ផ្អើលចំពោះមូលហេតុនៅពីក្រោយការវាយប្រហារនេះ។
កញ្ញាបន្តថា៖ «ខ្ញុំមិនដឹងថាអ្នកណាធ្វើបែបនេះលើខ្ញុំទេ ព្រោះគ្រួសារខ្ញុំមិនដែលឈ្លោះជាមួយនឹងអ្នកជិតខាងទេ»។ ជើងរបស់នាងត្រូវពេទ្យចងប្លាស្ទិក និងមានស្នាមឈាម ដោយការថតកាំរស្មី បង្ហាញអំពីការបែកឆ្អឹងធ្ងន់ធ្ងរ។
អង្គុយនៅពីក្រោយគូដណ្តឹង លោក ជា ចក់ អាយុ ២២ឆ្នាំ ដែលជាកូនកំលោះបានបន្ទរថា មនុស្សប្រហែល ១០០ នាក់កំពុងរាំពេលគ្រាប់បែកផ្ទុះ។បន្ទាប់មករូបគេឃើញ សុផល ក្នុងភាពច្របូកច្របល់និងដឹងថាខ្លួនរងរបួសក្រោយមក។
លោក ជា ចក់ បាននិយាយថា៖ «បន្ទាប់ពីផ្ទុះគ្រាប់បែក ខ្ញុំបានរត់ទៅបីប្រពន្ធខ្ញុំ ព្រោះនាងរបួសជើងស្តាំ តែខ្ញុំមិនដឹងថា ខ្លួនឯងរងរបួសទេ រហូតទាល់តែឃើញឈាមហូរ»។
លោក ចក់ ក៏មិនបានដឹងដែរអំពីមូលហេតុនៃការវាយប្រហារនេះដែរ តែនិយាយថា «គាត់ខកចិត្ត» ប៉ុន្តែ នឹងទទួលស្គាល់អាពាហ៍ពិពាហ៍នេះវិញ «បន្ទាប់ពីយើងបានប្រសើរឡើង»។
ភ្ញៀវម្នាក់ឈ្មោះ ម៉ន ស៊ីធី អាយុ ២៧ឆ្នាំ បានបាត់បង់ឪពុកនាងនៅក្នុងការវាយប្រហារនេះ ហើយម្តាយនិងបងប្អូនស្រីពីរនាក់ និងបងប្អូនប្រុសពីរនាក់ទាំងអស់សុទ្ធតែរងរបួស។
អ្នកនាងបន្តថា៖ «ខ្ញុំសំណាងក្នុងចំណោមគ្រួសាររបស់ខ្ញុំដែលមិនរងរបួសដោយសារនៅពេលនោះ ខ្ញុំគ្រាន់តែឈរមើលឪពុកខ្ញុំរាំក្នុងវង់»។
អ្នកនាង ស៊ីធី បានបន្តថា ខ្ញុំមិនដឹងថា ត្រូវធ្វើដូចម្តេចទេចំពោះមហន្តរាយនេះព្រោះមិនមានប្រាក់ គ្រាប់គ្រាន់ដើម្បីធ្វើពិធីបុណ្យបញ្ចុះសពឪពុកឡើយ។
នៅផ្ទះរៀបចំពិធីមង្គលការកើតហេតុនោះ វាហាក់ដូចជាមិនមានសញ្ញាណាបង្ហាញថា ជាកន្លែងគួររងការវាយប្រហារដោយគ្រាប់បែកនោះទេ។ ការតុបតែងរៀបចំមានលក្ខណៈធម្មតានៅឡើយនៅក្នុងរោង។
ខណៈកំពុងឈរនៅក្រោមផ្ទះ អ្នកស្រី សាន មុំ អាយុ ៤២ឆ្នាំ ជាម្តាយកញ្ញា សុផល បានប្រាប់ថា ភាពចលាចលបានកើតឡើងបន្ទាប់ពីគ្រាប់បែកផ្ទុះ ហើយអ្នកទៅចូលរួមពិធីនេះបានរត់ប្រសេកប្រស្រាចនិងរត់រកសមាជិកគ្រួសាររបស់ខ្លួន។
អ្នកស្រីបន្តថា៖ «បន្ទាប់ពីឮសំឡេងផ្ទុះគ្រាប់បែកមនុស្សជាច្រើនបានដួលលើដី ហើយជាច្រើនទៀតបានរងរបួស»។ «ខ្ញុំពិតជាអាណិតកូនស្រីរបស់ខ្ញុំណាស់ ពីព្រោះខ្ញុំមានកូនស្រីតែម្នាក់ វាជាលើកទី១ដែលគ្រួសារខ្ញុំរៀបចំពិធីមង្គលការកូន ប៉ុន្តែនាងមិនអាចរៀបការបាន»។
ស្រ្តីជាម្តាយជនរងគ្រោះរូបនេះបានបន្តថា៖ «គេពិតជាដឹងហើយថា ថ្ងៃនេះភ្ញៀវជាច្រើននឹងមកចូលរួមមង្គលការនាង ប៉ុន្តែភ្ញៀវទាំងអស់បែរជាមានទុក្ខនៅពេលពួកគេមកដល់ផ្ទះរបស់ខ្ញុំ ពីព្រោះអ្វីដែលពួកគេបានឃើញគឺសាកសព ដែលបានស្លាប់នៅនឹងផ្ទះខ្ញុំទៅវិញ»៕ PS