
ភ្នំពេញៈ កូដកម្មប៉ុន្មានសប្តាហ៍ បានក្លាយជាអំពើហិង្សា កាលពីរសៀលថ្ងៃសៅរ៍ ដោយកងរាជអាវុធហត្ថ ដែលគេជួលឲ្យមកយាមរោងចក្រកាត់ដេរ បានបាញ់កាំភ្លើងខាងក្នុងអគារ និងបង្ករបួសធ្ងន់ធ្ងរ ដល់បុរសម្នាក់ និងកម្មករប្រមាណ ១០ នាក់ផ្សេងទៀត។
នៅពេល ដែលកម្មករប្រហែល ២ ពាន់នាក់ ធ្វើកូដកម្មនៅរោងចក្រ SL កាលពីរសៀលថ្ងៃសៅរ៍ ដោយខ្លះរាំងស្ទះផ្លូវ នៅខាងក្រៅ និងខ្លះទៀតធ្វើបាតុកម្ម ក្នុងរោងចក្រ អ្នកយាមបានបាញ់កាំភ្លើងបង្ហើលើក្បាលកម្មករ។ នេះបើតាមលោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ កម្ពុជា ដែលតំណាងឲ្យកម្មករនៅរោងចក្រ SL។
លោក សេង បាននិយាយក្នុងវីដេអូឃ្លីប ដែលបង្ហោះនៅលើវេបសាយសហភាពកម្មករកម្ពុជាថា ពេលលោក ស៊ុន សេង អាយុ ៥០ ឆ្នាំ ព្យាយាមបំបែកការឈ្លោះប្រកែកគ្នា រវាងកម្មករធ្វើកូដកម្ម និងអ្នកដែលវិលត្រឡប់ចូលធ្វើការវិញ អ្នកយាមបានចាប់ទាញគាត់ ហើយបានវាយដំលើគាត់ដោយគ្មានត្រាប្រណី។
តំណាងកម្មកររោងចក្រ SL ម្នាក់ បានថ្លែងថា លោក សេង ត្រូវបាននាំទៅពេទ្យកាល់ម៉ែតជាកន្លែងដែលលោកបានសម្រាកព្យាបាល កាលពីរសៀលម្សិលមិញ។
លោក សៅ ឈិន អ្នកគ្រប់គ្រងរដ្ឋបាលរបស់រោងចក្រ បានថ្លែងថា កម្មករ គឺជាអ្នកបង្កអំពើហិង្សា ហើយបានឲ្យដឹងថា យ៉ាងហោចណាស់កម្មករ ១០ នាក់បានរងរបួស។ កម្មកររោងចក្រ SL បានធ្វើការតវ៉ាជាងមួយខែមកហើយ៕ TK