ព្រះសីហនុៈ ជន​ជាប់ឃុំ​ជា​ស្ត្រី​ចំនួន ១៤៦ នាក់ ត្រូវបាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ទៅ​ពន្ធនាគារ​ខេត្តកំពត ដើម្បី​បញ្ចៀស​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍ ក្រោយពី​ជន​ជាប់ឃុំ​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន ៣៤ នាក់ រកឃើញ​វិជ្ជមាន​ជំងឺ​នេះ បន្ទាប់ពី​លទ្ធផល​នៃ​ការវិភាគ​សំណាក​កាលពី​ថ្ងៃទី ៨ ឧសភា មាន​សុខភាព​ធម្មតា។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៦ ឧសភា ថា គិត​ត្រឹម​ថ្ងៃទី ១៦ ខែឧសភា​នេះ ក្រៅពី​រកឃើញ​ករណី​វិជ្ជមាន​លើ​ជន​ជាប់ឃុំ​ចំនួន ៣៤ នាក់​កាលពី​ថ្ងៃទី ៨ ខែឧសភា គឺ​មិនមាន​ករណី​វិជ្ជមាន​ថ្មី​ទេ។ ចំណែក​ការយក​សំណាក​លើក​ទី ២ គឺ​នៅ​រយៈពេល​ប្រហែល ១ សប្ដាហ៍​ទៀត​ក្រុមគ្រូពេទ្យ​នឹង​មក​យក។

លោក​បាន​ថ្លែងថា៖ «សុខភាព​ពួកគាត់ (ជន​ជាប់ឃុំ​ដែល​វិជ្ជមាន​កូវីដ១៩) អត់​មានអី​ខុស​ប្រក្រតី​ទេ។ យើង​ព្យាបាល​ធម្មតា ហើយ​យើង​ឱ្យ​ពួកគាត់​ហាត់ប្រាណ និង​ហូបចុក​ពេញលេញ»។

លោក​ សវនា បាន​ឱ្យ​ដឹងថា ដើម្បី​បញ្ចៀស​ការចម្លង​មេរោគ​កូវីដ១៩ ក្នុង​សហគមន៍​ក្នុង​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ ពិសេស​ចំពោះ​ជន​ងាយ​រងគ្រោះ​ជា​ជន​ជាប់ឃុំ​ស្ត្រី អគ្គនាយកដ្ឋាន​ពន្ធនាគារ​បានសម្រេច​ផ្ទេរ​ជន​ជាប់ឃុំ​ជា​ស្ត្រី​ចំនួន ១៤៦ នាក់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ដ​កំពត រហូត​ដល់​បញ្ចប់​ការឆ្លង​រីករាលដាល​ក្នុង​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ ទើប​ផ្ទេរ​ត្រឡប់​មក​វិញ។

លោក​ថ្លែងថា៖ «យើង​សម្រេចចិត្ដ​ផ្ទេរ​ពួកគាត់​ទៅ​ពន្ធនាគារ​ខេត្ដ​កំពត ព្រោះ​គាត់​ជា​ជនជាប់ឃុំ ដែល​ងាយ​រងគ្រោះ​ហើយ​ដោយសារ​តែ​ពន្ធនាគារ​ខេត្ត​យើង​បាំង​តែ​របង​សុវត្ថិភាព។ យើង​អត់​មាន​កំផែង របង​ថ្មបាំង​ជិត ដូច្នេះ​យើង​គិតថា​បញ្ហា​ងាយ​ឆ្លង»។

បើតាម​លោក​ សវនា ការផ្ទេរ​ជន​ជាប់ឃុំ​ស្ត្រី​ទាំង ១៤៦ នាក់​ទៅ​ពន្ធនាគារ​ខេត្ដ​កំពត​នេះ គឺ​ដោយសារ​តែ​ការធ្វើ​តេស្ដ​អវិជ្ជមាន​ជំងឺ​កូវីដ១៩​ទាំងអស់។ ដូច្នេះ​ដើម្បី​ការពារ​ជន​ជាប់ឃុំ​ជា​ស្ត្រី​ទើប​សម្រេច​ចិត្ដ​ផ្ទេរ​ពួកគាត់​ទៅ​ពន្ធនាគារ​ខេត្ដ​កំពត។

លោក​ថ្លែងថា៖ «ជម្រើស​ល្អ​បំផុត​គឺ​ត្រូវយក​ពួកគាត់​ចេញ​ដើម្បី​ឱ្យ​ទូលាយ​កន្លែង និង​រក្សា​សន្តិសុខ​សុវត្ថិភាព និង​សតិអារម្មណ៍​របស់​ពួកគាត់​កុំឱ្យ​ភ័យខ្លាច​ផង។ យក​កន្លែង​ពួគគាត់​នោះ ទុកដាក់​ជន​ជាប់ឃុំ​ដែលមាន​វ័យចាស់ និង​អ្នក​ដែល​មាន​ជំងឺ​ប្រចាំកាយ​ដើម្បី​ការពារ​កុំឱ្យ​ពួកគាត់​ឡូកឡំ​ជាមួយ​អ្នក​ដែល​យើង​គិតថា​អាច​មាន​ហានិភ័យ»។

យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ផ្សាយ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការវិភាគ​វត្ថុ​សំណាក​រក​មេរោគ​កូវីដ១៩​សម្រាប់​ថ្ងៃទី ៨ ឧសភា ដោយ​បាន​រកឃើញ​មាន​ករណី​វិជ្ជមាន​ថ្មី​នៅក្នុង​សហគមន៍​ចំនួន ១២៦ នាក់ ក្នុងនោះ ៣៤ នាក់​រកឃើញ​នៅក្នុង​ពន្ធនាគារ​ខេត្ត។

ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ១៩ អគ្គនាយកដ្ឋាន​ពន្ធនាគារ បានស្នើ​ទៅ​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន សុំ​គោលការណ៍​ចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​នៅតាម​តំបន់ ដែល​មាន​ហានិភ័យ​នៃ​ការឆ្លង​វីរុស​នេះ​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ ខេត្ដ​កណ្ដាល ខេត្ដ​ព្រះសីហនុ និង​ខេត្ដ​សៀមរាប ជាដើម។

ក្រោយពី​ទទួលបាន​គោលការណ៍​ពី​លោក​ ហ៊ុន សែន មន្ដ្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​នៃ​មន្ទីរពេទ្យ១៦ ឧសភា ប្រើ​រយៈពេល ៣ ថ្ងៃ ចាប់ផ្ដើម​ចាក់​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៩ ខែឧសភា បានបញ្ចប់​ការចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​រួចរាល់​ជាង ១ ម៉ឺន​នាក់៕