សៀមរាបៈ អ្នកស្រី​ ស៊ឹម សុផាត អនុប្រធាន​អង្គភាព​ចុះបញ្ជី និង​ផ្តល់​បណ្ណ​បើកបរ​យានយន្ត​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​សៀមរាប​ដែល​លើក​ជើង​ចង្អុល​ស្លាក​លេខ​រថយន្ត​ភ្ញៀវ​យក​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​កាលពី​សប្តាហ៍​មុន​ត្រូវ​បាន​ដកចេញ​ពី​តំណែង​ដោយ​ដាក់​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ការិយាល័យ​កិច្ចការ​ទូទៅ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​។

ការសម្រេច​ផ្ទេរ​នេះ​ធ្វើ​ឡើង​ក្រោយពី​មាន​ការរិះគន់​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចំពោះ​អ្នកស្រី​ថា បាន​ធ្វើ​អាកប្បកិរិយា​មិន​គប្បី និង​មិន​សមរម្យ ដែល​អ្នកស្រី​បាន​លើក​ជើង​ទៅ​ចង្អុល​ស្លាក​លេខ​រថយន្ត​ម៉ាក អូឌី ដែល​ម្ចាស់​យក​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ឆៀក​រថយន្ត​នៅ​កន្លែង​ចុះបញ្ជី​យានយន្ត​ខេត្ត​សៀមរាប​។

បើ​យោង​តាម​លិខិត​បង្គាប់ការ​របស់​លោក​ គី វីរិន្ទ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​សៀមរាប​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១៦ សីហា ឆ្នាំ​ ២០១៩ បាន​សម្រេច​ផ្ទេរ​ភារកិច្ច​អ្នកស្រី​ ស៊ឹម សុផាត អនុប្រធាន​អង្គភាព​ចុះបញ្ជី និង​ផ្ដល់​បណ្ណ​បើកបរ​យានយន្ត​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​សៀមរាប​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ការិយាល័យ​កិច្ចការ​ទូទៅ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប​។

លិខិត​បង្គាប់​ការបញ្ជាក់​ថា​៖ «​សាមីខ្លួន​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​កិច្ចការ​ទូទៅ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។ ការិយាល័យ​កិច្ចការ​ទូទៅ អង្គភាព​ចុះបញ្ជី​ និង​ផ្តល់​បណ្ណបើកបរ​យានយន្ត និង​សាមី​ខ្លួន​ត្រូវ​សហការ​អនុវត្ត​សេចក្តី​សម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

បើ​យោង​តាម​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្ហោះ​កាលពី​ថ្ងៃ​សៅរ៍ ខែ​សីហា​នេះ​បាន​ឲ្យ​ដឹងថា ការផ្ទេរ​ភារកិច្ច​មន្ត្រី​ឈ្មោះ​ ស៊ីម សុផាត ចេញពី​មុខងារ​ជា​មន្ត្រី​ផ្តល់​សេវាសាធារណៈ​ផ្ទាល់​ទៅ​ជា​មន្ត្រីរដ្ឋបាល​ទូទៅ ដោយសារ​តែ​មន្ត្រី​រូបនេះ​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​តាមរយៈ​ការប្រើប្រាស់​អាកប្បកិរិយា​មិន​សមរម្យ​ក្នុង​ពេល​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​បងប្អូន​ប្រជាពលរដ្ឋ​ជួបប្រទះ​នឹង​ការផ្តល់​សេវាសាធារណៈ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ក្រោម​អាកប្បកិរិយា​មិន​សមរម្យ​របស់​មន្ត្រី​យើង​ខ្ញុំ​នោះ សូមមេត្តា​រាយការណ៍​ដោយ​ភ្ជាប់​ជាមួយ​នឹង​ឈ្មោះ​មន្ត្រី អត្តលេខ ពេលវេលា​កើតហេតុ ទីតាំង​ផ្តល់​សេវា រូបភាព វីដេអូ និង​ភ័ស្តុតាង​ផ្សេងៗ ដើម្បី​យើងខ្ញុំ​ពិនិត្យ​ចាត់​វិធានការ​តាម​នីតិវិធី​»​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែងថា ការផ្ទេរ​ភារកិច្ច​របស់​មន្ត្រី​ឈ្មោះ​ ស៊ីម សុផាត ធ្វើ​ឡើង​ទៅតាម​ការរិះគន់​របស់​មហាជន​ដោយសារ​ពុំ​មាន​ច្បាប់​រដ្ឋបាល​ណាមួយ​ចែង​ថា ការយក​ជើង​ទៅ​ចង្អុល​ស្លាក​លេខ​រថយន្ត​គឺ​ខុស​ច្បាប់​នោះទេ​។ ការផ្ទេរ​នេះ​វា​មិនមែន​ជា​ការពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​អ្នកស្រី​ ស៊ីម សុផាត នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​វា​មិនមាន​ទិដ្ឋភាព​ច្បាប់​ណា​ដែល​ចែងថា ការលើក​ជើង​ទៅ​ចង្អុល​ស្លាក​លេខ​ត្រូវ​មាន​កំហុស​រដ្ឋបាល​នោះ​ទេ វា​ជា​កំហុសឆ្គង​ក្រមសីលធម៌​។ វា​មិនមែន​ជា​ការពិន័យ​ធ្ងន់ធ្ងរ​»​។

កាលពី​ចុងខែ​កក្កដា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល បាន​សម្រេច​ដកចេញ មន្ត្រី​ត្រួតពិនិត្យ​បច្ចេកទេស​ ៦ ​រូប​ពី​តួនាទី​ជា​អ្នកត្រួតពិនិត្យ និង​គ្រប់គ្រង​ការងារ​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​ ៧ បន្ទាប់ពី​រកឃើញ​ចំណុច​ខ្វះខាត​ក្នុង​ការងារ ខណៈ​ក្រុមហ៊ុន​មួយ​ចំនួន​ត្រូវបាន​ព្រមាន​ដាក់​ក្នុង​បញ្ជីខ្មៅ ប៉ុន្តែ​តម្រូវ​ឲ្យ​ដោះស្រាយ​គុណភាព​ផ្លូវ​បន្ទាន់​។

លោក​ គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ថា ការផ្ទេរ​ភារកិច្ច​របស់​អ្នកស្រី​​ ស៊ឹម សុផាត ធ្វើឡើង​តាម​ចំណាត់ការ​របស់​ផ្នែក​រដ្ឋបាល​។ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប​នឹង​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​មូលហេតុ ដែល​អ្នកស្រី​បាន​ប្រព្រឹត្ត​បែបនេះ​។ បើសិន​រកឃើញ​ថា​អ្នកស្រី​បាន​ប្រព្រឹត្ត​ខុសឆ្គង​នោះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​សាលាខេត្ត​សៀមរាប​នឹង​ចាត់វិធានការ​ទៅ​តាម​ច្បាប់រដ្ឋបាល​។

លោក​ថា​៖ «​បន្ទាប់មក​ទៀត​នីតិវិធី​រដ្ឋបាល យើង​ដាក់​ការស៊ើបអង្កេត ដោយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​នឹង​ធ្វើការ​ស៊ើបអង្កេត​បន្ត​ទៅ​លើ​ករណី​ហ្នឹង ថា​តើ​មូលហេតុ​អ្វី​បានជា​បណ្តាល​ឲ្យ​អ្នកស្រី​ធ្វើ​អាកប្បកិរិយា​បែបនេះហើយ​ក្នុងករណី​ដែល​យើង​រកឃើញ​កំហុស​ឆ្គង មន្ទីរ​នឹង​ធ្វើ​លិខិត​រដ្ឋបាល​មួយ​ទៅកាន់​សាលាខេត្ត​សៀមរាប​ដើម្បី​ឲ្យ​សាលា​ខេត្ត​អនុវត្តតាម​នីតិវិធី និង​ច្បាប់​ថា​តើ​ដកហូត​មុខ​តំណែង​ ឬ​ក៏​ផ្ទេរ​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»៕