ទណ្ឌិត​ចំនួន ១១៧៧ នាក់​ក្នុង​នោះ​មាន​ស្រី ៦៧ នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ចាស់​ស្ថិតនៅ​ក្នុងភូមិ​ទូលវិហារ ឃុំ​ជីរោទី២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​នាពេល​កន្លងមកនេះ ត្រូវ​បាន​ផ្ទេរចេញ​ទៅកាន់​ពន្ធនាគារ​ខេត្តកំពង់ចាម ដែល​ទើប​សាងសង់​ថ្មី ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​វិញ​ហើយ។ នេះ​បើតាម​ប្រសាសន៍​លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​មេសា​នេះ។

លោក​បាន​ថ្លែងថា ពិធី​ផ្ទេរ​ និង​ដឹកជញ្ជូន​ទណ្ឌិត​ទាំងនោះ​ទៅកាន់​ពន្ធនាគារ​ក្នុង​ខេត្ត​កំពង់ចាម ដែល​ទើប​សង់​ថ្មី​នោះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ តាម​មធ្យោបាយ​រថយន្តក្រុង​ចំនួន ២ គ្រឿង អមដោយ​រថយន្ត​សឺរ៉ែន​នគរបាល​ចំនួន ៣ គ្រឿង និង​មាន​ការជួយ​អន្តរាគមន៍​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សន្តិសុខ​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក-ក្រុង​ពាក់ព័ន្ធ​សរុប ១៦២ នាក់។

លោក​បាន​បញ្ជាក់ថា៖ «នៅពេលនេះ ទណ្ឌិត​ទាំង ១១៧៧ នាក់ កំពុង​ត្រូវបាន​ឃុំខ្លួន​ដោយ​សុវត្ថិភាព​នៅក្នុង​ពន្ធនាគារ​ថ្មី​នៃ​ខេត្ត​កំពង់ចាម​ហើយ»។

បើតាម​លោក សវនា ពន្ធនាគារ​ថ្មី​របស់​ខេត្ត​កំពង់ចាម​មាន​អគារ​សរុប​ចំនួន ៧ ស្ថិតនៅលើ​ផ្ទៃដី​ជាង ៤ ហិកតា​ក្នុង​ភូមិ​ផ្កាយព្រឹក ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម និង​មាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ពី​សាលាដំបូង​ខេត្តកំពង់ចាម ក្បែរផ្លូវ​ជាតិ​លេខ ៧ ជាប់​សាលា​ភូមិភាគ​ទី ២ របស់​នគរបាលជាតិ ៕

​រថយន្ត​សឺរ៉ែន​នគរបាល​ចំនួន ៣ គ្រឿង និង​មាន​ការជួយ​អន្តរាគមន៍​ការពារ​សុវត្ថិភាព។ រូបថត នគរបាលជាតិ