កោះកុងៈ ព្រះ​រា​ជអា​ជ្ញា​រង​នៃ​អយ្យ​ការ​អម​សា​លា​ដំបូង​ខេត្តកោះ​​កុង​ លោក​ អ៊ង​ រី​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឱ្យ​មក​បំពេញ​ការងារ​នៅ​ក្រសួង​យុត្តិ​ធម៌​ជាបណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃពុធ​ទី​ ២៤​ កក្កដា​ បន្ទាប់​ពី​រង​ការ​ចោទ​ថា​មាន​រឿង​អាស្រូវ​ពាក់​ព័​ន្ធ​នឹង​ការនាំ​ស្រី​កំណាន់​ចូល​ផ្ទះ​សំណាក់​ ហើយ​ត្រូវ​បាន​ភរិយា​តាម​ទាន់​។

យោង​តាម​វី​ដេ​អូដែ​ល​បង្ហោះ​តាម​ហ្វេស​ប៊ុក​ដោយ​ TVFB កាល​ពី​យប់​ថ្ងៃទី​ ១៨ ​កក្កដា បានបង្ហាញថា មាន​ស្ត្រី​ម្នាក់​បាន​តាម​ទាន់​បុរស​ម្នាក់ ​ខណៈ​កំពុង​នាំនា​រីកំ​ណាន់ម្នាក់​ចូ​ល​ផ្ទះ​សំណា​ក់​មួយ​កន្លែង។ ស្ត្រី​រូបនោះបាន​អះអាង​ថា គាត់​គឺ​ជា​ភរិ​យា​របស់​បុរ​សរូប​នោះ​ហើយ​ថា​ គាត់​មាន​ឈ្មោះ​ អ៊ង រី ជា​ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង។

ហេតុ​ការ​ណ៍នេះ​បា​ន​បង្ក​ឱ្យមាន​ការ​ភ្ញា​ក់ផ្អើល​​នៅក្នុងហ្វេស​ប៊ុក ហើយ​វីដេ​អូនេះ​ត្រូវបា​ន​ចែក​រំ​លែក​ត​ៗគ្នា​ដ​ល់​ទៅជា​ង​ ៣​៥​ ០០០ ​(Share) និង​មាន​ការ​បញ្ចេញ​មតិ​យោប​ល់​ (Comment) ជិត​ ២ ពាន់​ណនី ​គិត​ត្រឹម​ថ្ងៃទី​ ២៤​ ខែ​កក្កដា។

លិខិត​បង្គាប់​ការ​ដោយ​មិន​មាន​បញ្ជាក់​ពី​មូល​ហេតុ​របស់​ក្រ​សួង​យុត្តិ​ធម៌​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ​អង្គ​វង្ស​ វឌ្ឍានា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​ កាល​ពី​ថ្ងៃទី​ ២៤​ ខែ​ កក្កដា បាន​បញ្ជាក់​ថា៖​ «សាមី​ខ្លួន​ត្រូវ​មាន​វត្ត​មាន​នៅ​ក្រសួង​យុត្តិ​ធម៌​រៀង​រាល់​ម៉ោង​ធ្វើការ»។

លោក ​ជិន​ ម៉ា​លីន រដ្ឋ​លេខាធិ​ការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​ អ៊ង រី នឹង​បំពេញ​តួ​នាទី​តាម​ការ​ចាត់​តាំង​របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌​ទៅ​តាម​ការ​ជាក់ស្តែង។

លោកបាន​បញ្ជាក់​ថា៖​ «មែន​ទែន​ ការ​ផ្ទេរ​នេះ​ផ្ទេរ​មក​ក្រសួង​ជា​បណ្តោះ​អា​សន្ន​ មិន​មែន​ជា​ការ​ដក​តំណែង ​មិន​មែន​ជា​ការ​ដាក់​ទណ្ឌកម្ម​។ គ្រាន់​តែ​មក​បំពេញ​ភារ​កិច្ច​ជា​បណ្តោះ​អាសន្ន​។ នេះ​ជា​វិធាន​ការ​រដ្ឋ​បាល​ធម្មតា​ទេ​ក្នុង​ការ​ផ្ទេរ​មន្ត្រី​ពី​កន្លែង​មួយ​មក​កន្លែង​មួយ»។

លោក ​ជិន​ ម៉ាលីន​ បន្ថែម​ថា​ ការ​នេះ​គឺ​ដោយ​សា​រតាមបណ្តាញ​សារ​ព័ត៌​មាន​ លោក​ អ៊ង រី​ មាន​បញ្ហា​ជា​មួយ​ភរិយា​របស់​គាត់​ហើយ​ផ្ទេរ​មក​ក្រសួង​មួយ​រយៈ​ដើម្បី​ឱ្យ​គាត់​ដោះ​ស្រាយ​រឿងរ៉ាវ​ជា​មួយ​ភរិយា​របស់​គាត់។ នៅ​ពេល​ដែល​វិវាទក្នុង​គ្រួសារ​របស់​គាត់​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​ក្រសួង​នឹង​​ពិចារ​ណា​ថា​ តើ​នឹង​ត្រូវមាន​វិធាន​ការ​រដ្ឋបាល​បន្ត​ទៀត​យ៉ាង​ម៉េច​ខ្លះ? ថាតើ​អាច​បញ្ជូន​គា​ត់​ទៅ​បម្រើការ​នៅ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​វិញ​ឬមួយ​ក៏មាន​វិធានការ​ផ្សេង​ទៀត?​

លោក ​ជិន ​ម៉ា​លីន ​បញ្ជាក់​បន្ថែម​ថា៖ «នេះ​ជាវិវាទ​បុគ្គល​រវាង​គាត់ ​និង​​ភរិយា​គាត់។​ អ៊ីចឹង​បាន​ទុក​ឱ្យ​គាត់​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​ហ្នឹង​ទៅ ប្រ​សិន​បើ​រក​ឃើញ​គាត់​បាន​ប្រព្រឹត្ត​នូវ​កំហុស​ឬក៏​បំពាន​នូវ​ក្រម​វិន័យ​​សីលធម៌​ វិជ្ជា​ជីវៈ​ ឬក៏​បំពាន​នូវ​បទ​ល្មើស​ផ្សេងៗ ​អាច​នឹង​មាន​ជា​​វិធាន​ការ​ផ្លូវ​ច្បាប់​តាម​ជាក់​ស្តែង​ទៀត។ ក្រ​សួង​នឹង​មាន​វិធានការ​រដ្ឋបាល​បន្ត​ផ្សេង​ទៀត»។

លោក​ សុក​ សំអឿន ​នាយ​កអ​ង្គកា​រក្រុ​មអ្ន​ក​ច្បា​ប់ការ​ពារ​សិទ្ធិ​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ផ្ទេរ​តួនាទី​នេះ​ដូចជា​ទណ្ឌក​ម្ម​មួយ​ដែរ។ តែ​ការ​ដាក់​ទណ្ឌ​កម្ម​ដោយ​សារ​មូលហេតុ​អ្វី​នោះ លោក​មិន​បាន​ដឹង​នោះទេ។ លោក​ថា​ ប្រសិន​ជា​មន្ត្រី​រាជ​ការ​ណា​មួយ​ប្រព្រឹត្ត​នូវ​កំហុស​ ហើយ​មាន​ការ​ដាក់​ទណ្ឌកម្ម​នោះ​គឺ​ជាការ​ល្អ។

លោក​ សុក​ សំអឿន បន្ថែម​ថា កា​រ​មាន​តែ​ក្រ​មសីល​ធម៌​​របស់​មន្ត្រី​រាជ​ការ​ទាំង​អស់​ដូច​ជា​ មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​​នៅ​ឡើយ​ទេ ​តែ​ត្រូវ​មាន​​​​យន្តការ​អនុវត្ត​ក្រម​សីលធម៌​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ល្អ​។

លោក​បាន​បញ្ជា​ក់ថា៖ ​«ខ្ញុំ​សង្កេតឃើ​ញ​​ថា តាម​ក្រសួង ​មន្ទីរ​នានា​កុំថា​ឡើ​យ​ដល់​ក្រសួង​យុ​ត្តិធ​ម៌ សូម្បី​តែម​ន្ទីរ​ក្រសួង​នា​នា​ហាក់​ដូច​ជា​មិ​ន​ទាន់​ [មាន] យន្ត​ការ​អនុវត្ត​នៃការ​ដាក់​វិន័យ​ហ្នឹង​បាន​ល្អ​នៅ​ឡើយ​ទេ»៕