ភ្នំពេញៈ ក្រសួងមហាផ្ទៃប្រកាសផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង/ស្រុក និងខណ្ឌជូនទៅឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ក្នុងការពិនិត្យផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ។
សេចក្ដីប្រកាសព័ត៌មានស្ដីពី «ការផ្ទេរសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ» របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ១ កក្កដា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញឲ្យដឹងថា ការប្រកាសនេះមានគោលដៅកំណត់អំពីការផ្ទេរសមត្ថកិច្ចក្នុងការពិនិត្យសម្រេចផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាពលរដ្ឋដែលមានលំនៅឋានក្នុងប្រទេសកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មាននោះសម្រាប់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់គឺក្រសួងមហាផ្ទៃត្រូវផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក និងខណ្ឌជូនទៅនាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្ដូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់។
ស្រដៀងគ្នានេះក្រសួងមហាផ្ទៃក៏បានផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី-ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យសម្រេចផ្ដល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែតម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់។
ក្រសួងបញ្ជាក់ដែរថា បែបបទ និងនីតិវិធីនៃការចុះបញ្ជីសៀវភៅស្នាក់នៅ ចុះបញ្ជីសៀវភៅគ្រួសារ ការលុប ឬបំពេញបន្ថែមសមាជិក ការកែតម្រូវទិន្នន័យក្នុងបញ្ជីសៀវភៅស្នាក់នៅក្នុងបញ្ជីសៀវភៅគ្រួសារ ការផ្ដល់ទុតិយតា ការផ្លាស់ប្ដូរ ទីលំនៅ និងការចុះបញ្ជីស្នាក់នៅបណ្ដោះអាសន្នត្រូវកំណត់ ដោយសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដែលបានផ្ដល់ជូនកន្លងមកមានតម្លៃគតិយុត្តក្នុងការប្រើប្រាស់រហូតដល់ការផ្លាស់ប្ដូរថ្មី។ ប្រកាស និងសេចក្ដីណែនាំដែលបានអនុវត្តក្នុងការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារកន្លងមកនៅបន្តមានតម្លៃគតិយុត្តអនុវត្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីជំនួស លើកលែងតែបទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ»។
លោក កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃពីម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទលោកគ្មានអ្នកទទួល។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ថ្លែងពីម្សិលមិញថា លោកគាំទ្រការផ្ទេរសមត្ថកិច្ចធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនទៅឲ្យនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងសង្កាត់ ដើម្បីបង្ខិតសេវាសាធារណៈឲ្យកាន់តែកៀកប្រជាពលរដ្ឋ និងកាត់បន្ថយភាពស្មុគស្មាញមួយកម្រិតថែមទៀត។
លោកជំរុញឲ្យមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ យកចិត្តទុកដាក់បំពេញការងារឲ្យមានប្រសិទ្ធភាពថែមទៀត។ ជាពិសេសគោរពតាមច្បាប់ និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃកន្លងមកដោយចៀសវាងបាតុភាពណាមួយកើតឡើង។
លោកបញ្ជាក់ថា៖ «ទាំងសេវា ទាំងមុខងារ ទាំងសិទ្ធិអំណាច ផ្ទេរពីថ្នាក់លើទៅថ្នាក់ក្រោមកាន់តែកៀកជាមួយប្រជាជនគឺវាជាចំណុចល្អ ដែលយើងទាំងអស់គ្នាចង់បានជាយូរហើយ។ ការផ្ដល់អំណាចទៅថ្នាក់ក្រោមកាន់តែច្រើន កាន់តែល្អ ប៉ុន្ដែខ្ញុំមិនទាន់ដឹងថា មន្ត្រីថ្នាក់ក្រោមដែលទទួលតួនាទីហ្នឹង បំពេញការងារច្បាស់លាស់ ត្រឹមត្រូវតាមច្បាប់ ឬបទដ្ឋានគតិយុត្តកម្រិតណាទេ»។
លោកបន្ថែមថា៖ «យើងមានការបារម្ភពីការក្លែងបន្លំឯកសារ ឬឃុបឃិតជាមួយជនអន្តោប្រវេសន៍ធ្វើឯកសារទាំងអស់ហ្នឹង។ អ៊ីចឹងទេ មន្ត្រីជំនាញថ្នាក់លើ គួរយកចិត្តទុកដាក់ចំណុចហ្នឹងឲ្យមែនទែន»។
លោក ឃួន ខន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានប្រាប់ពីម្សិលមិញថា លោកមិនទាន់បានឃើញសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃនេះនៅឡើយទេ។ ប៉ុន្ដែកន្លងមក ប្រសិនបើប្រជាពលរដ្ឋចង់ធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ត្រូវដាក់ពាក្យស្នើសុំតាមរយៈមេភូមិ មេឃុំ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ឬសង្កាត់។ បន្ទាប់មកដាក់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌ ដើម្បីមន្ត្រីជំនាញចុះហត្ថលេខាផ្ដល់ជូនជាផ្លូវការ។
លោកបានបន្តថា ជាទូទៅការធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារនឹងត្រូវការរយៈពេល ១ សប្ដាហ៍ ឬលើសពីនេះរយៈពេល ៣ ឬ ៤ ថ្ងៃទៀត អាស្រ័យលើមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុករវល់ការងារផ្សេងៗ ឬមិនរវល់តែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា បើក្រសួងមហាផ្ទៃគាត់ផ្ទេរមកឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ឬសង្កាត់ជាអ្នកធ្វើ ឬសម្រេចបែបនេះ គឺជាការសម្រួលនូវនីតិវិធីច្រើនជូនប្រជាពលរដ្ឋយើង ហើយយើងនឹងមិនចំណាយពេលវេលារង់ចាំយូរថ្ងៃដូចមុនទៀតផង។ ពីមុនយើងត្រូវរង់ចាំចាប់ពី ១ សប្ដាហ៍។ ក្រោយមកមន្ត្រីប៉ុស្ដិ៍ពួកខ្ញុំត្រូវយកសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅទៅជូនពលរដ្ឋយើងផ្ទាល់តែម្ដង»។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឆ្នាំ ១៩៩៧ បានចែងថា សៀវភៅគ្រួសារជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ពីសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។ គ្រួសារនីមួយៗដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅលើទឹកដីកម្ពុជាត្រូវមានសៀវភៅគ្រួសារមួយ។ រីឯជនបរទេសគ្មានសិទ្ធិកាន់កាប់ ប្រើប្រាស់សៀវភៅគ្រួសារនេះទេ។
ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយ ដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណា ដែលអនុវត្តភារកិច្ចនេះផ្ទុយពីបទប្បញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕