ក្រចេះ: មន្ត្រី​ពន្ធនាគារ​ខេត្តក្រចេះ​បានឱ្យ​ដឹងថា អ្នក​ជាប់ឃុំ​ចំនួន​ ៨៧ ​នាក់ ក្នុងចំណោម​ជិត​ ៨០០ ​នាក់​ ត្រូវបាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ខេត្តក្រចេះ​ទៅ​​កាន់​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​ ១៧ ខែ មករា ឆ្នាំ​ ២០២១ ដើម្បី​ដោះស្រាយ​ភាពចង្អៀត​នៅក្នុង​ពន្ធនាគារ​។

លោក​ ខ្វា សារ៉ន​ (KvaSaran) ​ប្រធាន​ពន្ធនាគារ​ខេត្តក្រចេះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​​ថ្ងៃទី​ ១៨ មករា ថា អ្នក​ជាប់ឃុំ​ទាំងនោះ ភាគច្រើន​ជាប់ចោទ​ក្នុង​បទល្មើស «​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ និង​បទចោរកម្ម​»​។ ការផ្ទេរ​អ្នកទោស​ទាំងនោះ​ទៅកាន់​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ធ្វើឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​ខេត្ត ក្រចេះ បន្ទាប់ពី​មានការ​ឯកភាព​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​។

លោក​ថ្លែងថា​៖ «​ពន្ធនាគារ​យើង​មាន​សភាព​តូចចង្អៀត ដែល​អាចដាក់​អ្នកទោស ឬ​អ្នកជាប់ឃុំ​ត្រឹមតែ​ ៤០០ ​នាក់​ប៉ុណ្ណោះ​​ ប៉ុន្តែ​បច្ចុប្បន្នយើង​មាន​អ្នកទោស​​រហូតដល់​ជិត​ ៨០០ ​នាក់​ ធ្វើឱ្យ​បរិស្ថាន​ខ្យល់​ក្នុង​បន្ទប់​ពន្ធនាគារ មាន​សភាព​ស្អុះស្អាប់​»​។

បើ​តាម​លោក សារ៉ន ពេល​​នេះ​ចំនួន​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ​មាន​សរុប ៧០៩ ​នាក់​ ក្នុង​នោះ​មាន​ស្រី ៦៥ ​នាក់ និង​កុមារ​អាយុ​ក្រោម ៣ ​ឆ្នាំ​​ ដែល​តាម​ម្ដាយ​មាន​ ៤ ​នាក់​។ ចំនួន​នេះ​នៅតែ​ច្រើន​លើសលប់​ដែល​ចាំបាច់​តម្រូវ​ឱ្យ​មាន​ផ្ទេរចេញ​ទៅកាន់​ពន្ធនាគារ​ផ្សេងទៀត ឬ​ត្រូវ​សាងសង់​បន្ទប់​ឃុំឃាំង និង​ពង្រីក​ផ្ទៃដី​នៃ​ពន្ធនាគារ​បន្ថែមទៀត​។

លោក ឈុន ដារ៉ា ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា ពេលនេះ​ជន​ជាប់ឃុំ​ទាំង​ ៨៧ ​នាក់​ ដែល​ទើប​ដឹក​ចេញ​ពី​ពន្ធនាគារ​ខេត្តក្រចេះ​ទៅកាន់​ពន្ធនាគារ​ខេត្ត​​ស្ទឹងត្រែង​នោះ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​បន្ទប់​ឃុំឃាំង​ដែល​ទើបនឹង​សង់​ថ្មី​ដោយ​សុវត្ថិភាព​ហើយ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​ចំណោម​ជន​ជាប់ឃុំ​ដែល​ទើប​ផ្ទេរ​​ចេញពី​ពន្ធនាគារ​ខេត្តក្រចេះ​មកកាន់​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង យើងខ្ញុំ​នេះ​មាន​មួយចំនួន​នៅ​មិនទាន់​មាន​ការជំនុំជម្រះ​ទោស​នៅឡើយ​ទេ​»​។

ជុំវិញ​ករណីនេះ​លោក អំ សំអាត នាយករង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការផ្ទេរ​អ្នក​ជាប់ឃុំ​ពី​ពន្ធនាគារ​មួយ​ទៅ​ពន្ធនាគារ​មួយ​មិនអាច​កាត់បន្ថយ​ភាពចង្អៀត​ណែន​ក្នុង​បន្ទប់​ឃុំឃាំង​នៃ​ពន្ធនាគារ​បានទេ ព្រោះ​ចំនួន​អ្នក​ត្រូវ​ជាប់ឃុំ​បាន​កើនឡើង​រាល់ថ្ងៃ​។ ម្យ៉ាងទៀត បន្ទប់​ឃុំឃាំង​នៃ​ពន្ធនាគារ​ភាគច្រើន​នៅ​កម្ពុជា មិន​សមាមាត្រ​នឹង​ចំនួន​នៃ​អ្នក​ជាប់ឃុំ​ទេ​ពោល​គឺ​បន្ទប់​តូច អ្នកទោស​ច្រើន​ណែនណាន់​តាន់តាប់​។

លោក​ថ្លែងថា​៖ «​បើទោះ​ជា​ខេត្តក្រចេះ​ និង​ខេត្តស្ទឹងត្រែង​ស្ថិត​នៅជាប់​ព្រំប្រទល់​គ្នា​ក៏ដោយ ប៉ុន្តែ​វា​ក៏​នឹង​បង្ក​ការលំបាក​ផងដែរ ចំពោះ​ការដឹក​ជញ្ជូន​ជន​ជាប់ឃុំ​ទាំងនោះ​ទៅ​សវនាការ​ជំនុំជម្រះ​ទោស ជាពិសេស​ឱកាស​នៃ​ការជួប​សួរសុខទុក្ខ​របស់​ក្រុមគ្រួសារ​សាច់ញាតិ​នៃ​ជន​ជាប់ឃុំ ដែល​មាន​ជីវភាព​ក្រីក្រ​នឹង​ជួប​ការលំបាក​កាន់តែខ្លាំង​»​។

បើតាម​លោក សំអាត គ្រប់​ពន្ធនាគារ​ទាំងអស់ គប្បី​សាងសង់​​បន្ថែម​នូវ​អគារ និង​បន្ទប់​ឃុំឃាំង​ដែល​មាន​លក្ខណៈ​ស្ដង់ដា ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​ចំនួន​ជន​ជាប់ឃុំ​នៅ​កម្ពុជា ពិសេស​ចំនួន​ជន​ជាប់ឃុំ​ក្នុង​បទល្មើស​គ្រឿងញៀន និង​ចោរកម្ម ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ ១ ​ថ្ងៃៗ​​យ៉ាងតិច​ ៣០ ​នាក់​៕