សៀមរាបៈ ​ក្រុម​ការងារ​សហ​គម​ន៍​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុ​ញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើការ​ជួសជុល កែ​លម្អ​ផ្ទះ ​ដែល​ចាស់​ទ្រុឌ​ទ្រោម​ក្នុង​តំបន់​អង្គរ​ជាង ​៦០០ ​ករណី ​ដោយ​ការ​អនុ​ញ្ញាតនេះ​ ឈរ​លើ​គោល​ការណ៍​គ្រប់​គ្រង​លំនៅ​ឋាន​ស្រប​តាម​លក្ខ​ខណ្ឌ​នៃ​កិច្ចអភិ​រក្ស​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក។​

​យោង​តាម​របាយ​ការណ៍​របស់​លេខា​ធិការ​ដ្ឋាន​សហគមន៍​ អាជ្ញាធរ​ជាតិ​អប្សរា ​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​សុក្រ​ បាន​ឲ្យ​ដឹង​ថា​ នា​រយៈ​ពេល ​៥ ​ខែ​ដើម​ឆ្នាំ​ ២០១៩​ នេះ​ ក្រុម​ការងារ​សហ​គម​ន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ផ្តល់​ការ​អនុញ្ញាត​ជួស​ជុល​ កែ​លម្អ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​រមណី​យ​ដ្ឋាន​អង្គរ​បាន​ចំនួន​ ៦៣៨​ ករណី។​ ដោយ​ក្នុង​ខែ​មិថុនា​ នេះ​វិញ អាជ្ញា​ធរ​អប្សរាបាន​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋបាន​សាង​សង់ផ្ទះ​ឡើង​វិញ​តាម​ការ​ស្នើ​សុំ​ចំនួន​ ៣៥ ​ខ្នង​ផ្ទះ។​

​អាជ្ញា​ធរ​នេះ ​បាន​បន្ត​ថា​ ការ​អនុ​ញ្ញាត​ខាង​លើ​បាន​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទ​បា​គង​ ចំនួន​​ ១៣៩ ករណី ​ស្រុក​អង្គរ​ធំ​ចំនួន ​៥៦ ​ករណី​ ស្រុក​ពួក​ចំនួន​ ១១១​ ករណី​ ស្រុក​បន្ទាយ​ស្រី​បាន​ចំនួន​ ១១៥​ ករណី ​និង​ក្រុង​សៀមរាប​ចំនួន​ ២១៧ ​ករណី។​

​ប្រធាន​លេខា​ធិការ​ដ្ឋាន​សហ​គមន៍​លោក​ អឿន ​សំអុន​ បាន​បញ្ជាក់​ក្នុង​របា​យការណ៍​នោះ​ថា​ ក្នុង​រយៈ​ពេល ៥ ខែ​ដំបូង​នេះ ​ប្រជា​ពលរដ្ឋ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​​ជួសជុល​កែ​លម្អ​ផ្ទះ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​ ៩៨៧ ករណី ​ក្នុង​នោះ​ក្រុម​ការងារ​បាន​ផ្តល់​ការ​អនុញ្ញាត​តាម​សំណូម​ពរ​ចំនួន​ ៦៣៨​ ករណី​ប៉ុណ្ណោះ។ ​លោក​បន្ត​ថា​ ការ​អនុ​ញ្ញាត​នេះ ​គឺ​ផ្អែក​ទៅ​លើ​គោល​ការណ៍​គ្រប់​គ្រង​លំនៅ​ឋាន​ស្រប​តាម​លក្ខ​ខណ្ឌ​នៃ​កិច្ច​អភិរក្ស​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក។

​លោក ​ឡុង ​កុសល ​អ្នក​នាំពាក្យ​អាជ្ញា​ធរ​ជាតិ​អប្សរា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ពី​ម្សិល​មិញ​ថា ​ជា​ទូទៅ​អាជ្ញា​ធរ​ជាតិ​អប្សរា អាច​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​គាត់​រស់នៅ​ក្នុង​តំបន់​នេះ​អចិ​ន្រៃ្តយ៍ ដោយ​ការ​ស្នើ​សុំ ​សាងសង់ផ្ទះ​ឡើង​វិញ​ទាំង​ស្រុង​ និង​ការ​ស្នើ​សុំ​ធ្វើការ​ជួស​ជុល កែ​លម្អ​ ដោយ​ត្រូវ​ឈរ​លើ​គោល​ការណ៍​ដែល​បាន​ដាក់​ចេញ​ ដោយ​ពុំមាន​ការ​ចំណាយ​ជា​ប្រាក់​កាស ដើម្បី​ស្នើសុំ​​នោះ​ឡើ​យ​ ឲ្យ​តែ​ប្រជា​ពលរដ្ឋ​ បាន​បំពេញ​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់។​

​លោក​បញ្ជាក់​ថា​៖​ ​«​លក្ខ​ខណ្ឌ​មាន​ដូច​ជា​ គាត់​ជា​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​តំបន់​រមណី​យដ្ឋា​ន​អង្គរ​ តាំ​ង​ពី​យូរ​មក​ហើយ​ ហ្នឹង​​ទី១​ ចំណែក​ទី​​២​ គឺ​យើង​ប្រៀបធៀប​ទៅ​លើ​ផែនទី​ពី​លើ​អាកាស​ ជា​ពិសេស​ផែន​ទី​មុន​ឆ្នាំ ២០០០ ​មក​ ហើយ​នឹង​ឯក​សារ​ស្ថិតិ​ដែល​យើង​កសាង​បាន។​ ម្យ៉ាង​ទៀត​ បើ​សិ​ន​យើង​មើល​ទៅ​ឃើញ​ថា​ផ្ទះ​របស់​គាត់​ មាន​តាំង​ពី​មុន​មែន​ ហើយ​ចាស់​ទ្រុឌ​ទ្រោម​ មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ គឺ​យើង​អនុញ្ញាត​ឲ្យ​គាត់​រុះ​រើ​ផ្ទះ​ចាស់ សាង​សង់ផ្ទះ​ថ្មី​ឡើង​វិញ»។​

​លោក ​ឡុង ​កុសល ​ថ្លែង​ថា និយាយ​ជា​ទូទៅ​ប្រជា​ពលរដ្ឋ​ ដែល​តែង​ស្នើ​សុំ​ជួស​​ជុល ​និង​កែ​លម្អ​ផ្ទះ​របស់​ពួក​គាត់ ​គឺ​ភាគ​ច្រើន​ ដូច​ជា​ការ​ជួស​​ជុល​ដំបូង​ ជញ្ជាំង​ ធ្វើ​របង​ រៀប​ការ៉ូ​ ដែល​ទទួល​បាន​ការ​អនុញ្ញាត​តាម​ការ​ចុះ​ត្រួត​ពិនិត្យ​ជាក់ស្តែង។​ ​

​តែ​យ៉ាង​ណា​ជា​មួយ​នឹង​ការ​ជុស​ជុល​ កែ​លម្អ​ និង​សាងសង់​ផ្ទះ​ក្នុង​តំបន់​អង្គរ​នេះ​ លោក​ ឡុង កុសល ក៏​អះអាង​ថា​ កន្លង​ទៅ ​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​សហការ​ ហើយ​បាន​ឆ្លៀត​ឱកាស​ធ្វើការ​ជួស​ជុល​ និង​សាងសង់ ដោយ​គ្មាន​ការ​អនុញ្ញាត ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការងារ​របស់​អាជ្ញាធរ​អប្សរា​ បាន​ជួប​នូវ​ឧបសគ្គ​ ខណៈ​ដែល​ធន​ធាន​មន្ត្រី​ចុះ​អនុវត្ត នៅ​មាន​ការ​ខ្វះខាត។​

​លោក​បញ្ជាក់​ថា​៖ ​«​សូម​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ចូលរួម​ថែរក្សា​ក្នុង​កិច្ច​ការងារ​ថែរក្សា​បេតិ​ក​ភណ្ឌ​ពិភព​លោក​ហ្នឹង​ ព្រោះ​មិន​មែន​តែ​ជា​ការងារ​របស់​អាជ្ញាធ​រ​អប្សរា​នោះ​ទេ​ គឺម្នាក់ៗ យើង​ប្រ​ជាជន​ខ្មែរ​ទាំង​អស់​ មាន​ភារ​កិច្ច​ចូល​រួម​ទាំង​អស់​គ្នា​ ថែរក្សា​បេតិ​ក​ភណ្ឌ​ពិភព​លោក ហើយ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​សហ​គមន៍​ និង​ទាក់​ទង​ជា​មួយ​អាជ្ញាធរ​អប្សរា​ ឬ​អាជ្ញាធរ​ភូមិ​ឃុំ មក​ បើ​ចង់​មាន​ការ​ជួស​ជុល ​ឬ​កែ​លម្អ​អ្វី យើង​នឹង​សហការ​»។​ ​

​លោក​ មាស​ ឃុន​ មេភូមិ​អ​ញ្ញា​ញ ​សង្កាត់​អង្គរធំ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ដែរ​ថា ក្នុង​ភូមិ​លោក​ មាន​ការ​សហ​ការ​ណ៍រ​វាង​អាជ្ញាធរ​ និង​ប្រជា​ពលរដ្ឋ​បាន​យ៉ាង​ល្អ​ ចំពោះ​ករណី​នេះ បើទោះ​ជា​នៅ​មាន​ប្រជា​ពល​រដ្ឋ​តិចតួច​ ដែល​មិន​សហការ​ និង​មិនមាន​ការ​យល់​ដឹង​ពី​បញ្ហា​នេះ​ក៏ដោយ។​ ​

​លោក​បញ្ជាក់​ថា៖​ ​«​នៅពេល​ពលរដ្ឋ​គាត់​មាន​បញ្ហា​ផ្ទះ ធ្លុះ​ដំបូលធ្លុះ​អី​ទៅ​ គាត់​ស្នើ​មក​អាជ្ញាធរ ហើយ​ក៏​មាន​ការ​ចុះ​មក​ភ្លាមៗ ​ដើម្បី​សិក្សា​មើល ​និង​ផ្តល់​ឲ្យ​គាត់​ភ្លាមៗ​ តាម​ស្ថាន​ភាព​ផ្ទាល់។​ វា​ល្អ​ច្រើន​ហើយ​ តែ​ខ្លះទៅ​ក៏​លួច​ធ្វើ​លួច​អី​ទៅ ខ្លះ​ទៅ​ក៏​គោរព​ច្បាប់​ទៅ​ មិន​ទៀងទេ ហើយ​យើង​បាន​អនុញ្ញាត​ឲ្យ​ច្រើន​ដែរ​ហើយ»។​

​បើតាម​អាជ្ញា​ធរ​ជាតិ​អប្សរា​ តំបន់​រមណី​យដ្ឋា​ន​អង្គរ​ ដែ​ល​ជា​តំបន់​ការពារ​ និង​ហាម​ការ​សាង​សង់ ជួស​ជុល​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​មាន​ប្រមាណ​ ៤០១​ គី​ឡូ​ម៉ែត្រ​ក្រឡា​ ដែល​ស្ថិត​ក្នុង​ស្រុក​ ​និង​ក្រុង​មួយ​ចំនួន​ក្នុង​ខេត្ត​សៀម​រាប មាន​ដូច​ជា​ ស្រុក​ប្រាសាទ​បាគង​ ក្រុង​សៀម​រាប ស្រុក​អង្គរ​ធំ និង​ស្រុក​ពួក​ជាដើម៕