ភ្នំពេញៈ ផ្ទះជិត ៤០ ខ្នងត្រូវបានបំផ្លាញហើយមនុស្សម្នាក់បានរងរបួសស្រាលដោយសារអគ្គិភ័យកាលព្រឹកម្សិលមិញនៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយមិនទាន់ដឹងមូលហេតុនៅឡើយ។ នេះបើតាមមន្រ្តីនិងជនរងគ្រោះដែលបានថ្លែងកាលម្សិលមិញ។
លោក ព្រំ យ៉ន ប្រធាននគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានថ្លែងកាលម្សិលមិញនៅកន្លែងកើតហេតុថា មានផ្ទះ ៣៦ ខ្នងត្រូវបានបំផ្លាញទាំងស្រុងដោយសារអគ្គិភ័យដែលបានចាប់ឆេះនៅម៉ោងប្រហែល ១១ ព្រឹក។
លោកបន្តថា៖ «យើងបានប្រើឡានទឹកជាង ២០ ឡានដើម្បីពន្លត់ភ្លើង ហើយយើងបានពន្លត់ទាំងស្រុងនៅវេលាម៉ោង ១ រសៀល។
អ្នកស្រី គុយ រី អាយុ ៤៧ ឆ្នាំ ដែលកំពុងស្វែងរកមាសដែលឆេះនៅក្នុងអគ្គិភ័យ បានថ្លែងពីម្សិលមិញទាំងទឹកភ្នែកថា៖ «ខ្ញុំបាត់បង់អ្វីៗអស់ហើយ។ ខ្ញុំកំពុងរកមាសរបស់ខ្ញុំដែលឆេះក្នុងអគ្គិភ័យប៉ុន្តែខ្ញុំគិតថា រកមិនឃើញទេ»។
ជនរងគ្រោះម្នាក់ទៀតដែលបីកូននៅក្នុងដៃនិងកំពុងស្នាក់នៅក្រោមស្ពានច្បារអំពៅអ្នកស្រី កែវ ស្រីផឿន អាយុ ២៥ ឆ្នាំ បានថ្លែងកាលម្សិលមិញថា អគ្គិភ័យនេះកើតចេញមកពីផ្ទះជួលមួយ ហើយអ្នកស្រីគិតថា នោះគឺដោយទុស្សេអគ្គិសនី។
អ្នកស្រីបានថ្លែងបន្តថា៖ «យប់នេះ ខ្ញុំប្រហែលជាដេកនៅក្រោមស្ពានជំនួសផ្ទះរបស់ខ្ញុំហើយ។ ខ្ញុំមិនមានបងប្អូន ពីព្រោះផ្ទះបងប្អូនបង្កើតខ្ញុំ ៧ នាក់ក៏ខូចខ្ទេចដែរ»។
ទន្ទឹមនឹងនេះដែរ នៅវេលាម៉ោងប្រហែល ២ រសៀលម្សិលមិញ ក៏មានអគ្គិភ័យតូចមួយនៅអគារសំណង់កោះពេជ្រដោយសារកម្មករផ្សារដែកខ្ទាតផ្កាភ្លើងទៅលើប្លាស្ទិកធ្វើឲ្យមានអគ្គិភ័យ ប៉ុន្តែវាត្រូវបានពន្លត់ភ្លាមៗ។
លោក គង់សុវណ្ណា ប្រធានការិយាល័យគ្រប់គ្រងអគ្គិភ័យ អាវុធនិងគ្រឿងផ្ទុះក្រសួងមហាផ្ទៃ ថ្លែងថា មានករណីអគ្គិភ័យចំនួន ៣៤៩ ករណីក្នុងឆមាសទីមួយនៃឆ្នាំនេះគឺថយចុះ ២៤ ករណី បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕PS