ភ្នំពេញ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួនជាង ១ ៦០០ ខ្នង និងមនុស្ស ៥ នាក់ បានខូចខាត និងរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ក្នុងរយៈពេល ១ សប្ដាហ៍ នៃខែឧសភានេះ ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ។
លោក សៀក វិចិត្រ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១ នេះថា បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៃដើមខែ ឧសភា ឆ្នាំ ២០២០ គឺឆ្នាំនេះ មានលក្ខណៈធ្ងន់ធ្ងរជាង ដោយកម្លាំងព្យុះ និងខ្យល់កន្ត្រាក់មានសភាពខ្លាំងដែលលក្ខណៈបែបនេះ គឺកម្ពុជាខានជួបប្រទះយូរមកហើយ។
លោក សៀក វិចិត្រ ពន្យល់ថា ស្ថានភាពបែបនេះ ដោយសារកម្ពុជាទទួលរងនូវផលប៉ះពាល់ពីព្យុះ ពីប្រទេសរបស់គេ ដែលធ្វើឱ្យមានខ្យល់បោកបក់ខ្លាំង និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។
លោក សៀក វិចិត្រ ថ្លែងថា៖ «និយាយរួមចាប់តាំងពីពាក់កណ្តាលខែមេសាមក យើងឃើញថា គ្រោះធម្មជាតិនេះ បានធ្វើប៉ះពាល់ដល់អគារសាធារណៈ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តជាច្រើនផងដែរ ដូចជានៅខេត្តកំពង់ស្ពឺ កំពង់ចាម ស្វាយរៀង ឧត្តរមានជយ និងកោះកុងជាដើម»។
ប៉ុន្តែបើតាម លោក សៀក វិចិត្រ សម្រាប់មួយសប្តាហ៍នៃខែនេះ គឺមានស្ថានភាពធ្ងន់ធ្ងរដែលធ្វើឱ្យខេត្តមួយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំងពីព្យុះ និងខ្យល់កន្ត្រាក់ដូចជាខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត។
លោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងថ្លែងថា នៅក្នុងខេត្តបាត់ដំបងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក៏ទទួលរងនូវផលប៉ះពាល់ពីខ្យល់កន្ត្រាក់ ព្យុះ ភ្លៀង និងផ្គររន្ទះ ដែលធ្វើឱ្យខូចខាតដល់លំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ។
ទោះជាយ៉ាងណា លោក សឿម ប៊ុនរិទ្ធិ មិនមានទិន្នន័យជាក់លាក់នោះទេ ព្រោះវាបានកើតឡើងទៅតាមស្រុកមួយចំនួនមានដូចជានៅស្រុករុក្ខគិរី ស្រុកថ្មគោល និងស្រុកគាស់ក្រឡជាដើម។ ជាមួយគ្នានេះ អាជ្ញាធរក៏បានផ្តល់សម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗពីកាកបាទក្រហម និងការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់ពួកគាត់ដែលទទួលរងគ្រោះនេះ។
លោក សៀម ប៊ុនរិទ្ធិ ថ្លែងថា៖ «យើងជួយគាត់ខ្លះដូចជាស័ង្កសី មានមុង ភួយ ជាដើម អ្នកខ្លះទៀតក៏ទទួលបានជា អង្ករ និងសម្ភារៈផ្សេងៗ ទៅតាមស្ថានភាពធ្ងន់ ឬស្រាលអីចឹងទៅ»៕