ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ប្រជាពលរដ្ឋ ១ ខ្នង និង​ឃាំ្លង​ស្តុក​គ្រឿង​បន្លាស់​ទូរស័ព្ទ ទំហំ ១២ ម៉ែត្រ x ២៥ ម៉ែត្រ ចំនួន ១ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ អស់​ទាំង​ស្រុង​កាល​ពី​ព្រឹក​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ នេះ។

លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួង​មហាផ្ទៃ​​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ ២ កន្លែង​ផ្សេង​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​មិញ​នេះ ដោយ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ ១ ខ្នង​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ និង​ឃ្លាំង​ស្តុក​គ្រឿង​បន្លាស់​ទូរស័ព្ទ​ដៃ និង​អេឡិចត្រូនិក​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ ៧ សង្កាត់​វាលវង់ ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ ។

លោក​ថ្លែង​ថា៖ "ករណី​អគ្គិភ័យ​ទាំង ២ កន្លែង​នះ បង្ក​ឡើង​ដោយសារ​ផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី និង​ខូចខាត​គិត​ជា​ទឹក​ប្រាក់​ជាង ២០ ម៉ឺន​ដុល្លារ។ គ្មាន​នរណា​ម្នាក់​ស្លាប់ ឬ​រងរបួស​នៅ​ក្នុង​ហេតុការណ៍​នេះ​ទេ"។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន ដោយ​ត្រូវ​បិទ និង​ពន្លត់​ភ្លើង​ឱ្យ​អស់​មុន​ពេល​ចូល​គេង ពិសេស​ភ្លើង​ធូប ទាន និង​ធ្យូង អុស ហ្គាស៕