កោះកុង/កំពង់ស្ពឺៈ យ៉ាង​ហោចណាស់​មាន​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥០០ ខ្នង និង​ស្រូវ​ស្រែ​រាប់ពាន់​ហិកតា​នៅ​ក្នុង​ខេត្ត​កោះកុង កំពង់ស្ពឺ និង​បាត់ដំបង​ត្រូវ​បាន​ទឹកជំនន់​ជន់លិច​ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ខណៈ​ដែល​អាជ្ញាធរ​នៅ​តែ​បន្ត​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ ៤ ដោយសារ​តែ​កម្ពស់​ទឹក​នៅ​តែ​បន្ត​កើនឡើង​។

គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្ដរាយ ខេត្ត​កំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​បាន​ជូន​ដំណឹង​ប្រកាសអាសន្ន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ខណៈ​ដែល​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​យ៉ាង​ខ្លាំង​។

សេចក្ដី​ជូន​ដំណឹង​សរសេរ​ថា​ដោយសារ​តែ​ភ្លៀង​បន្ដ​ធ្លាក់​ជាប់ៗ​គ្នា​បណ្ដាល​ឲ្យ​កម្រិត​ទឹក​នៅ​ស្ថានីយ​វាស់​ទឹក​ពាមឃ្លៃ​ឡើង​ដល់​កម្រិត​ខ្ពស់ ៧.៣០ ម៉ែត្រ ដែល​ជា​កម្រិត​អាច​នឹង​បង្ក​ឲ្យ​មាន​ទឹកជំនន់​នៅ​តាម​ដងស្ទឹង​ព្រែកត្នោត និង​តំបន់​មួយ​ចំនួន​ទៀត​។

ស្ថានភាព​ទឹក​កាន់តែ​ឡើង​ខ្ពស់​នេះ​អាច​បង្ក​ផលប៉ះពាល់​ដល់​ផ្ទៃដី​បង្កបង្កើនផល លំនៅឋាន ទ្រព្យសម្បត្តិ អាយុជីវិត និង​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​ពី​ជំងឺ​រាតត្បាត​ផ្សេងៗ​។

បន្ថែម​ពី​នេះ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប្រចាំ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ និង​សូម​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ចំពោះ​ជន​ងាយ​រងគ្រោះ និង​កុមារ​តូចៗ និង​ពិនិត្យ​តាមដាន​សភាពការណ៍​កម្រិត​ទឹក​នៅ​តាម​ភូមិសាស្ដ្រ​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ​ទឹកជំនន់​ដែល​ជន់លិច​កំណាត់​ផ្លូវជាតិ​លេខ​ ៤ ​ត្រង់​ចំណុច​ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​បាន​បន្ត​កើនឡើង​ហើយ​ចរាចរណ៍​ឆ្លងកាត់​កំណាត់​ផ្លូវ​នេះ​នៅ​តែ​ត្រូវ​បាន​បិទ​។

ក្នុង​ខេត្ត​កំពង់ស្ពឺ​ទឹកជំនន់​បាន​បន្ត​ឡើង​ខ្លាំង​នៅក្នុង​ស្រុក​ភ្នំស្រួច​ក្នុង​នោះ​នៅ​ឃុំ​ត្រែងត្រយឹង​ទឹក​បាន​ជន់លិច​ផ្ទះ​ពលរដ្ឋ​អស់​ ៣២ ខ្នង និង​ឃុំ​តាំងសំរោង​លិច​អស់ ៦ ​ភូមិ និង​ផ្ទះ​ ២៥ ​ខ្នង​។ នេះ​បើ​តាម​លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។

ផែន​ទី​បង្ហាញ​ពី​ខេត្ត​លិច​ទឹក គិតត្រឹមថ្ងៃទី ១៨ កក្កដា។ រៀបចំដោយ ថាន់ វាសនា

លោក​ សំណាង ​បាន​ថ្លែង​ខណៈ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ផ្ទាល់ កាលពី​ម្សិលមិញ​នៅ​ឃុំ​តាំងសំរោង​ថា​៖ «​ខ្ញុំ​កំពុង​ដើរ​រាប់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ឃុំ​តាំងសំរោង ទឹក​ក្រៅ​ពី​លិច​បឹង និង​អូរ​ក៏​បាន​ជន់​លិច​ផ្ទះ​ពលរដ្ឋ​នៅ​ទី​នេះ ២៥ ផ្ទះ​ហើយ​ខ្ញុំ​កំពុង​ប្រមូល​ទិន្នន័យ​បន្ថែម​»​។

បើ​តាម​លោក​ សំណាង ក្រៅពី​ជន់លិច​ផ្ទះ ទឹក​ក៏​បាន​ជន់លិច​ផ្លូវលំ​មួយ​ខ្សែ ឆ្លងកាត់​ឃុំ​តាំងសំរោង ឃុំ​ត្រែងត្រយឹង និង​ឃុំ​ត្របូងរូង​ផង​ដែរ ដែល​បាន​បង្ក​ការលំបាក​ដល់​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស​កម្មករ​ដែល​ត្រូវ​ទៅ​ធ្វើការ​នៅ​រោងចក្រ ស៊ីជេ (CJ) ហើយ​ពលរដ្ឋ​ជាច្រើន​ដែល​ទឹក​ជន់លិច​ផ្ទះ​ខ្លាំង​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។

នៅឯ​ខេត្ត​កោះកុង​វិញ​គិត​មក​ដល់​វេលា​ថ្ងៃត្រង់​ម្សិលមិញ ផ្ទៃមេឃ​នៅ​តែ​បន្ដ​អួអាប់ និង​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​គ្របដណ្តប់​នៅ​ទូទាំង​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​។

លោកស្រី មិថុនា ភូថង អភិបាលខេត្ដ​កោះកុង​ឲ្យ​ដឹង​ថា​ស្ថានភាព​ទឹកជំនន់ នៅ​តាម​បណ្តា​ព្រែក​នានា​ក្នុង​ស្រុក​​មណ្ឌលសីមា ក្រុង​ខេមរភូមិន្ទ និង​ស្រុក​ថ្មបាំង ទឹក​បាន​ស្រកចុះ​វិញ​ជា​បណ្តើរៗ​ហើយ លើកលែង​តែ​ព្រែកស្រែអំបិល ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល​ដែល​ទឹក​បាន​បន្ត​កើនឡើង​មួយ​កម្រិត​បន្ថែម​ទៀត​។

បើ​តាម​លោកស្រី​អភិបាលខេត្ដ គ្រោះមហន្ដរាយ​ពី​ជំនន់​ទឹកភ្លៀង​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​រហូត​ដល់​ ៤ ​ស្រុក និង​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៣៥០ ខ្នង​ក្នុង​នោះ​ស្រុកស្រែ​អំបិល​ទទួល​រង​ឥទ្ធិពល​ទឹកជំនន់​ពី​ព្រែក​ស្រែអំបិល ជន់​លិច​ខ្លាំង​ជាង​គេ​នឹង​បន្ដ​កើនឡើង​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​។

លោកស្រី​បញ្ជាក់​ថា​៖ «​យើង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ឡើង​មក​ទីទួល និង​បាន​ត្រៀម​សម្ភារ​មួយ​ចំនួន​ដូចជា តង់ និង​ស្បៀង ដើម្បី​ទុក​ផ្គត់ផ្គង់​ដល់​ពួកគាត់​»​។

នៅឯ​ខេត្ត​កំពត​លោក ជាវ តាយ អភិបាលខេត្ដ​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា ខេត្ត​នេះ​មាន​ភ្លៀង​ជា​រៀងរាល់​ថ្ងៃ​ជាង​ ១ ខែ​ហើយ «​តែ​ប្រហែល​មួយ​សប្តាហ៍​នេះ​ភ្លៀង​មិន​ដាច់​សោះ​មាន​កន្លែង​ខ្លះ​ទឹក​ហូរ​មិន​ទាន់​ដូច្នេះ​អាជ្ញាធរ​ខេត្ដ​អាជ្ញាធរ​ស្រុក​នឹង​បញ្ចៀស​ទឹក​ដែល​លិច​នោះ​ទៅ​កន្លែង​ណា​ដែល​អាច​បញ្ចៀស​បាន​»​។

លោក​បញ្ជាក់​ថា​ខេត្ដ​កំពត​ជា​ខេត្ដ​ដែល​នៅ​ជាប់​សមុទ្រ​កន្លង​មក​តែងតែ​មាន​បញ្ហា​ទឹកជំនន់​ហើយ​នៅពេល​នេះ​អាជ្ញាធរ​អាច​គ្រប់គ្រង​បាន​។ ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ក៏​បាន​ប្រាប់​ទៅ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​កំចាយ​ផង​ដែរ​ថា​មុន​នឹង​បើក​ទ្វារ​ទឹក​ត្រូវ​តែ​ជូន​ដំណឹង​មក​អាជ្ញាធរ​ដើម្បី​ទប់ស្កាត់​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​រាល់​ករណី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ជាមួយ​គ្រោះ​ទឹកជំនន់​នេះ យើង​បាន​ទាក់ទង​ជាមួយ​ក្រុម​ការងារ​វារីអគ្គិសនី​ដើម្បី​គ្រប់គ្រង​ចំពោះ​គ្រោះមហន្ដរាយ ហើយ​មក​ដល់​ពេល​នេះ​ដូចជា​មិន​ទាន់​មាន​អ្វី​កើតឡើង​ទេ​»​។

នៅ​ខេត្ត​ភាគ​ឦសាន​ឯណោះ​វិញ​មេឃ​ក៏​បាន​ភ្លៀង​ជា​រៀងរាល់​ថ្ងៃ​អស់​រយៈពេល​ ១០ ​ថ្ងៃ​មក​ហើយ​ផង​ដែរ ដែល​ធ្វើឲ្យ​ទឹក​ជន់​លិច​ផ្លូវ​មួយ​ចំនួន​បង្ក​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។

លោក ថង សាវុន អភិបាលខេត្ដ​រតនគិរី​បាន​ថ្លែង​ថា​៖ «​នេះ​ជា​គ្រោះធម្មជាតិ យើង​មិន​អាច​ទប់ស្កាត់​អ្វី​បាន​ទេ រហូត​ដល់​ស្ងប់​ភ្លៀង​ទើប​យើង​អាច​ចុះ​​ទៅ​រៀបចំ​ធ្វើ​ផ្លូវ​កន្លែង​លិច​នោះ​ឡើង​វិញ​បាន តែ​មិន​មាន​ពលរដ្ឋ​រងគ្រោះ​អំពី​គ្រោះ​ធម្មជាតិ​នេះ​ទេ​»​។

ចំណែក​នៅ​ខេត្ត​បាត់ដំបង​លោក ឈឹម សេរីវិចរ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឲ្យ​ដឹងថា ដំណាំ​ស្រូវ ១១០០ ហិកតា​របស់​ប្រជាកសិករ​នៅ​ក្នុង​ឃុំ​ព្រែកនរិន្ទ និង​ឃុំ​ព្រែកហ្លួង​នៃ​ស្រុក​ឯកភ្នំ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​។ «​នៅពេល​នេះ​យើង​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ការ​ជន់​លិច​នេះ​មាន​រយៈពេល​យូរ​ប៉ុនណា​នោះ​ទេ​។ ជាទូទៅ​ដំណាំ​ស្រូវ វា​អាច​ទ្រាំទ្រ​ចំពោះ​ការលិចលង់​បាន​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​លើស​ពី​នេះ​វា​នឹង​ត្រូវ​រលួយ​ខូចខាត​ជា​មិនខាន​»​។

ជាមួយ​គ្នា​នេះ​លោក ម៉ិល សុផល អភិបាលស្រុក​ឯកភ្នំ​ឲ្យ​ដឹង​ថា​៖ «​ក្រៅពី​ដំណាំ​ស្រូវ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១០៥ ខ្នង​នៅក្នុង​ឃុំ​ព្រែកនរិន្ទ និង​ឃុំ​ព្រែកហ្លួង​ក៏​ត្រូវ​បាន​ជន់លិច ខណៈ​ការិយាល័យ​បោះឆ្នោត​ ២ ​កន្លែង​ស្ថិត​នៅក្នុង​ឃុំ​ព្រែកនរិន្ទ​ក៏​ត្រូវ​បាន​ទឹក​ជន់លិច​ដែរ​»​។

លោក​ ចាន់ យុត្ថា ​អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ថ្លែង​ពី​ស្រុក​ភ្នំស្រួច​ខេត្ដ​កំពង់ស្ពឺ​ថា យោង​តាម​ការព្យាករ​អាកាសធាតុ​ភ្លៀង​នឹង​បន្ដ​ធ្លាក់​រហូត​ដល់​ថ្ងៃទី​ ២១ ខែ​កក្កដា​ទើប​ស្ងប់​វិញ​។

លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​បាន​ឲ្យ​ដឹង​ថា​លោក និង​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​បាន​ត្រៀម​លក្ខណៈ​នឹង​បាន​ពិភាក្សា​ទៅ​គណៈ​គ្រប់គ្រង​តាម​បណ្ដា​ខេត្ដ​ដើម្បី​ប្រុងប្រៀប​គ្រប់គ្រង​ស្ថានភាព​ចំពោះ​ការចុះ​ជួយ​ដល់​ពលរដ្ឋ​នៅ​តាម​តំបន់​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​រួចរាល់​ហើយ​។ «​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ និង​កម្លាំង​តាម​ក្រសួង​ផ្សេងៗ​បាន​ត្រៀម​លក្ខណៈ​រួច​ហើយ​ដើម្បី​ចុះជួយ​ពលរដ្ឋ​ដែល​រងគ្រោះ តែ​មក​ទល់​ពេល​នេះ​ទឹក​ឡើង​មិន​ទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​នៅ​ឡើយ​ទេ​»៕