
មន្ត្រីអាជ្ញាធរអប្សរា ចុះជួបពលរដ្ឋ នៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ខេត្តសៀមរាប។ រូបថត អាជ្ញាធរអប្សរា
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ ផ្ទះពលរដ្ឋចំនួន ១ ៧៩៩ គ្រួសារ ស្ថិតក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ត្រូវបានអនុញ្ញាតឱ្យជួសជុលកែលម្អ និងសាងសង់សំណង់ស្រាលតូចតាច ដោយអាជ្ញាធរ មិនអនុញ្ញាតឱ្យមានសំណង់រីករាលដាលរហូតធ្វើឱ្យប៉ះពាល់រមណីយដ្ឋានអង្គរឡើយ។
ទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា ដែលបានចុះផ្សាយនៅថ្ងៃទី ១៣ មីនា បានឲ្យដឹងថា ផ្ទះពលរដ្ឋចំនួន ១ ៧៩៩ គ្រួសារនេះ គឺនៅស្រុកប្រាសាទបាគងចំនួន ២៥៩ គ្រួសារ ស្រុកអង្គរធំចំនួន ២០២ គ្រួសារ ស្រុកពួកចំនួន ៤៣៦ គ្រួសារ ក្រុងសៀមរាបចំនួន ៦៦០ គ្រួសារ និងស្រុកបន្ទាយស្រីចំនួន ២៤២ គ្រួសារ។
ទំព័រហ្វេសប៊ុកសរសេរថា៖ «ប្រភេទនៃការជួសជុលកែលម្អលំនៅឋាន និងសាងសង់ សំណង់ ស្រាលតូចតាច ដែលទទួលបានការអនុញ្ញាត រួមមាន ជួសជុល ឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយាប កល់ឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក។ ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ»។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ប្រជាពលរដ្ឋទាំងនោះ ពិតជាអ្នករស់នៅក្នុងតំបន់អង្គរតាំងពីយូរយារមកហើយដោយមានការបញ្ជាក់យ៉ាងច្បាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។
ក្រុមការងារសហគមន៍ត្រូវបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលគ្របដណ្តប់លើផ្ទៃដី ៤០១ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង និងស្រុកចំនួន ៥ ឃុំចំនួន ២១ និងភូមិចំនួន ១១២។
លោក ឡុង កុសល មន្ត្រីនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី ១៦ មីនា ថា តាមច្បាប់គ្រប់គ្រងសម្បត្តិបេតិកភណ្ឌ និងសារាចរណែនាំរបស់រដ្ឋាភិបាល គឺនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មិនត្រូវបានអនុញ្ញាតឱ្យសាងសង់សំណង់ឱ្យរីកដុះដាលច្រើនឡើយ។ ប៉ុន្តែកន្លងមក មានប្រជាពលរដ្ឋចំណាកស្រុក បានចូលមកសាងសង់សំណង់តាមរយៈការទិញដី ដោយរំលោភលើច្បាប់ និងសារាចរណែនាំនេះ។
លោកថ្លែងថា៖ «កន្លងមក មានអ្នកចំណូលថ្មី ដែលនាំគ្នាសម្រុកទិញដីក្នុងតំបន់អង្គរ ហើយធ្វើផ្ទះក្នុងតំបន់ហ្នឹង។ អ៊ីចឹង យើងត្រូវទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃចំនួនគ្រួសារនៅក្នុងតំបន់អង្គរខ្លាំងពេក អានេះទី ១»។
លោកបន្ថែមថា៖ «ហើយទី ២ ចំពោះគ្រួសារថ្មី ដែលទើបរៀបការ និងបែកពីឪពុកម្ដាយនៅក្នុងតំបន់អង្គរ គឺត្រូវបានលើកទឹកចិត្តឱ្យទៅតាំងលំនៅ ក្នុងភូមិធម្មជាតិជាទីកន្លែងដែលបង្កើតថ្មីដោយអាជ្ញាធរជាតិអប្សរា។ យើងផ្ដល់ដីកន្លះហិកតាសម្រាប់ធ្វើកសិកម្ម និងផ្តល់ផ្ទះ ១ ខ្នង សម្រាប់ពួកគាត់រស់នៅ»។
មន្ត្រីនាំពាក្យរូបនេះ បញ្ជាក់ថា គិតត្រឹមឆ្នាំ ២០០៤ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានចំនួនជាង ១០ ម៉ឺននាក់ ប៉ុន្តែលោកមិនចាំអំពីចំនួនគ្រួសារឡើយ៕