ព្រះសីហនុៈ អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ បាន​សម្រេច​អនុវត្ដ​វិធានការ ឈូស​ឆាយ​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​មាន​បញ្ហា​ដី​ធ្លី នៅ​ភូមិ ១ សង្កាត់​លេខ ១ ក្រុង​ព្រះសីហនុ ដោយ​អនុវត្ដ​តាម​អនុក្រឹត្យ លេខ ១១៦ អនក្រ.បក ចុះ​ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៦ ដែល​បាន​កំណត់​ក្នុង​តំបន់​ទឹក​ស្អាត​ក្បាល​ឆាយ។

លោក​អ៊ី ធា​រិ​ន ប្រធាន​ចាត់ចែង​អន្តរ​វិស័យ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ដ​នឹង​មិន​មាន​ដំណោះ​ស្រាយ​អ្វី​ឲ្យ​ប្រជា​ពលរដ្ឋ​នោះ​ទេ ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន​នោះ​រស់​នៅ​ក្នុង​តំបន់​ដី​របស់​រដ្ឋ​អភិរក្ស​ទឹក​ស្អាត​ក្បាល​ឆាយ។

លោក​បន្ដថា៖ «ក្រុមការងារ​ចុះទៅ​ព្រឹក​មិញ​នេះ​គឺ​បាន​បន្ដ​កាយ​ដី​តាម​ព្រំ​ប្រទល់​តាម​អនុក្រឹត្យ​លេខ ១១៦។ ឥឡូវ​នេះ​ខ្ញុំ​កំពុង​ជួប​ជាមួយ​ប្រជាពលរដ្ឋ ដែល​គាត់​មក​សាលា​ខេត្ដ គឺ​យើង​បន្ដ​កំណត់​តាម​ព្រំ​ប្រទល់​ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់ ប៉ុន្ដែ​វា​មាន​ប៉ះពាល់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ពួក​គាត់​កំពុង​មក​សាលា​ខេត្ដ​នេះ»។

ទាក់ទង​នឹង​ការស្នើសុំ​អន្ដរាគមន៍​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ស្វែងរក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដីធ្លី​នៅ​ចំណុច​ខាង​លើ​នេះ លោក ធារិន នៅ​តែ​បញ្ជាក់​ថា មិន​មាន​ដំណោះ​ស្រាយ​អ្វី​ឡើយ។

ដោយ​មិន​អស់ចិត្ត ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ នៅក្នុង​តំបន់​ខាងលើ​នោះបាន បន្ដ​ស្នើ​ទៅ​លោក​យន្ដ មីន អភិបាល​ខេត្ដ​ព្រះសីហនុ ដើម្បី​អន្ដរា​គមន៍​ដោះ​ស្រាយ​បញ្ហា​ដីធ្លី របស់​ពួកគាត់ ដោយ​ពួកគាត់​បាន​បញ្ជាក់​ថា អនុ​ក្រឹត្យ​របស់​រាជរ​ដ្ឋាភិបាល​លេខ ១១៦ អនក្រ.បក​ចុះ​ថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ ២០១៦ បាន​កំណត់​ឲ្យ​កាត់​ដី​នៅ​តំបន់​ទឹក​ស្អាត​ក្បាល​ឆាយ​ទៅ​ឲ្យ​ពួក​គាត់​រួច​ហើយ ប៉ុន្ដែ​អាជ្ញាធរ​មិន​ទាន់​បែង​ចែក​ឲ្យ។

លោក​លឹម វាសនា តំណាង​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​ទាំង​ជាង ១០០ គ្រួសារ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ម្សិលមិញ​ថា នា​ព្រឹក​ថ្ងៃ​ទី ១៤ នេះ អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ បាន​មក​កំណត់​ព្រំ​ប្រទល់ ដោយ​មាន​បាញ់​ថ្នាំ បញ្ជាក់​ទីតាំង​ព្រំ​ប្រទល់ ដើម្បី​កំណត់​ឈូស​ឆាយ ដែល​ក្នុង​នោះ មាន​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០ ខ្នង​ផ្ទះ​ផង​ដែរ។

លោក​បាន​បន្ដថា៖ «ពួកគាត់​ចុះមក មិនមាន​លិខិតបញ្ជាក់ ឬ​សេចក្ដី​ប្រកាស ឬ​មាន​ដំណោះ​ស្រាយ​ណាមួយ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ។ ពួក​គាត់​មក​គ្រាន់​តែ​ប្រាប់​ថា មក​អនុវត្ដ​បទ​បញ្ជា​តាម​អនុក្រឹត្យ​លេខ ១១៦ នឹង​បន្ដ​ចុះ​ឈូស​ឆាយ​នៅ​ល្ងាច​នេះ​តែ​ម្ដង ហើយ​ក្នុង​ព្រំប្រទល់​ដែល​គេ​បាន​កំណត់​ឈូស​ឆាយ​នោះ​ក៏មាន​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ២០ ខ្នង​ផ្ទះ​ដែរ» ។

លោក​វាសនា បាន​ឲ្យ​ដឹងថា ពេលនេះ​ប្រជាពលរដ្ឋ មិនដឹង​មាន​ដំណោះស្រាយ​អ្វី​ទេ។ លោក​បញ្ជាក់​ថា៖ «យើង​មិន​ដឹង​ធ្វើ​ម៉េច​ទេ​ល្ងាច​នេះ​គេ​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ។ ពេល​នេះ​ប្រជាពលរដ្ឋ​កំពុង​ស្វះ​ស្វែងរក​ដំណោះ​ស្រាយ​ដែរ ប៉ុន្ដែ​គ្មាន​ប្រសិទ្ធ​ភាព​ទេ ព្រោះ​អំណាច​គេ​ធំ​ជាង»។

បើតាម​លោក វាសនា ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ បានមក​រស់នៅ​លើ​ទីតាំង​ដី​ក្នុង​តំបន់​ខាង​លើ តាំង​ពី​ឆ្នាំ ២០១៤ រហូត​មក។

លោក​សាមុត សុធា​រិ​ទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង ពី​ម្សិលមិញ​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នឹង​ចុះ​ទៅ​ទីតាំង​កើត​ហេតុ​ខាង​លើ ដើម្បី​វាស់​វែង​ដី​ទៅ​តាម អនុ​ក្រឹត្យ លេខ ១១៦ របស់​រាជ​រដ្ឋាភិបាល។

លោក​បាន​ថ្លែងថា៖ «រដ្ឋបាល​ខេត្ដ​យើង​នឹង​ចុះទៅ​វាស់វែង និង​កាយ​ព្រំដី​ផ្ដាច់​តាម​អនុ​ក្រឹត្យ​លេខ ១១៦។ យើង​កាយ​ព្រំ​នេះ កំណត់​តាម​អនុក្រឹត្យ មានន័យ​ថា យើង​កាយ​ព្រំ​កំណត់​ដី​រវាង​ដី​អនុក្រឹត្យ និង​ដី​របស់​ពលរដ្ឋ​ប្រើប្រាស់។ ប៉ុន្ដែ​មិន​មែន​ទៅ​បែង​ចែក​ដី​អី​ទេ»។

លោក​សុធា​រិ​ទ្ធិ​បន្ថែមថា៖ «ព្រោះ​ដី​ក្នុង​អនុក្រឹត្យ​ដែល​ខ្ញុំ​គ្រប់គ្រង ខ្ញុំ​ត្រូវការ​ព្រំ​ដូច​ផ្ទះ​យើង​រស់​នៅ​អ៊ីចឹង ដើម្បី​បែង​ចែក​ឲ្យ​ច្បាស់ ត្រឹម​ណា​ជា​ដី​របស់​រដ្ឋ និង​ត្រឹម​ណា​ជា​ដី​របស់​ប្រជាពលរដ្ឋ» ។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​គាំទ្រ​ចំពោះ​ការ​អនុវត្ដ​វិធានការ​របស់​អាជ្ញាធរ​ខេត្ដ​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល។

លោក​បាន​បន្ដថា៖ «យើង​សង្កេតឃើញថា បច្ចុប្បន្ននេះ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ បាន​យក​ចិត្ដ​ទុក​ដាក់ បែង​ចែក​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​បាន​រស់​នៅ​សមរម្យ តែ​ពេល​នេះ អាជ្ញាធរ​ខេត្ដ​បាន​ចុះ​អនុវត្ដ​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​កំណត់​ដី​នៅ​តំបន់​ទឹក​ស្អាត​ក្បាល​ឆាយ​របស់​រដ្ឋ។ កន្លង​មក​រដ្ឋបាល​ខេត្ដ​បាន​ចែក​ដី​ឲ្យ​ពលរដ្ឋ​អស់​ហើយ»៕