
លោក ជា សុផារ៉ា ដឹកនាំមន្ត្រីចុះពិនិត្យផ្ទះក្នុងខេត្តកណ្តាល។ រូបថត សហការី
កណ្ដាលៈ ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ហូម នឹងប្រគល់ផ្ទះដែលលក់ក្នុងតម្លៃសមរម្យចំនួន ៦០៣ ខ្នង ទៅដល់អតិថិជននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដែលគម្រោងនេះគឺជាគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្ដល់ជូនពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ទាប និងពលរដ្ឋងាយរងគ្រោះ។
រដ្ឋាភិបាលបានចាប់ផ្ដើមចេញគោលនយោបាយជាតិចាប់តាំងពីឆ្នាំ ២០១៧ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យក្នុងគោលបំណងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមពលរដ្ឋងាយរងគ្រោះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីមួយកាលពីថ្ងៃទី ១៧ ខែកុម្ភៈ បានបញ្ជាក់ថា គម្រោងលំនៅឋានតម្លៃសមរម្យនេះគឺមានចំនួន ៥ គម្រោងដែលសាងសង់ផ្ទះសរុបចំនួន ៨ ៣៣១ ខ្នង ដែលក្នុងនោះ រាជធានីភ្នំពេញមាន ២ គម្រោង ខេត្តកណ្ដាលមាន ២ គម្រោង និងខេត្តបន្ទាយមានជ័យមាន ១ គម្រោង។
ចំពោះគម្រោងនៅខេត្តកណ្ដាលគឺក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម បានដាក់ទុនវិនិយោគប្រមាណ ៧៣ លានដុល្លារ ដើម្បីសាងសង់ផ្ទះចំនួន ២ ៤៥៧ ខ្នង លើផ្ទៃដី ២៣ ហិកតា ស្ថិតក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាងមានចម្ងាយប្រហែល ៨ គីឡូពីក្រុងតាខ្មៅ។
សេចក្ដីប្រកាសព័ត៌មានសរសេរថា៖ «មកដល់ពេលនេះក្រុមហ៊ុនបានលក់ផ្ទះចំនួន ១ ០៨៨ ខ្នង ស្មើនឹង ៤៤% នៃចំនួនផ្ទះសរុបក្នុងនោះអតិថិជនជាមន្ត្រីរាជការមានចំនួន ២៣%។ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ផ្ទះជាស្ថាពរចំនួន ៦០៣ ខ្នង គ្រោងប្រគល់ជូនអតិថិជននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរ និងគ្រោងបញ្ចប់ការសាងសង់គម្រោងទាំងស្រុងនៅមុនដំណាច់ឆ្នាំ ២០២០»។
ផ្ទះ ១ ខ្នង ក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនេះគឺលក់ក្រោម ៣ ម៉ឺនដុល្លារ។ ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម បានសម្រេចឱ្យពលរដ្ឋអាចបង់ប្រាក់ ១០ ភាគរយ នៃតម្លៃផ្ទះក្នុងរយៈពេល ១២ ខែដំបូង ឬបង់ពី ២០ ទៅ ៣០ ភាគរយក្នុងរយៈពេល ២៤ ខែ ដោយមិនមានការប្រាក់ហើយទឹកប្រាក់ដែលសេសសល់ត្រូវបង់រហូតរយៈពេល ២០ ឆ្នាំ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីបានបដិសេធធ្វើអត្ថាធិប្បាយដោយលោកថ្លែងថា ជាប់រវល់៕