ពោធិ៍សាត់/បាត់ដំបងៈ ផ្ទះប្រជាពលរដ្ឋរាប់រយខ្នងនៅក្នុងខេត្តពោធិ៍សាត់ ត្រូវបានទឹកជំនន់ជន់លិច ខណៈស្ពានជាច្រើនកន្លែង និងកំណាត់ផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តនេះ និងខេត្តផ្សេងទៀតត្រូវបានទឹកហូរច្រោះកាត់ផ្តាច់ធ្វើឲ្យខូចខាត បន្ទាប់ពីមេឃបានធ្លាក់ភ្លៀងជាបន្តបន្ទាប់នៅតាមតំបន់ជួរភ្នំ និងខ្ពង់រាបនៃខេត្តភាគពាយព្យ និងភាគឧត្តរក្នុងពេលប៉ុន្មានថ្ងៃមកនេះ។
លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅព្រឹកថ្ងៃអង្គារថា ជំនន់ទឹកស្ទឹងពោធិ៍សាត់បានជន់លិចប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ២០០ ខ្នង និងវត្តចំនួន ២ ក្នុងនោះក៏មានវត្តហ្លួងក្នុងសង្កាត់លលកសផងដែរ។ លោកបញ្ជាក់ថា៖ «ទន្ទឹមជាមួយគ្នានេះអាជ្ញាធរបានត្រៀមជាស្រេចហើយនូវទីទួលសុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋចេញពីតំបន់ប្រឈមការជន់លិចដោយជំនន់នៃស្ទឹងពោធិ៍សាត់នេះ»។
លោក អ៊ុង រដ្ឋា អភិបាលរងស្រុកវាលវែងក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា ស្ពានឈើចំនួន ២ ស្ថិតក្នុងឃុំ ក្រពើ២ និងឃុំប្រមោយ ត្រូវបានទឹកហូរកួចដាច់ខូចខាតទាំងស្រុង ហើយកំណាត់ផ្លូវលំចំនួន ៧ ខ្សែក្នុងឃុំទាំង ២ នេះក៏ត្រូវបានទឹកហូរច្រោះកាត់ផ្ដាច់ជាច្រើនកន្លែង មិនអាចធ្វើចរាចរណ៍ឆ្លងកាត់បាន។
លោកថ្លែងថា៖ «រហូតមកទល់ពេលនេះ យើងនៅតែបារម្ភអំពីបញ្ហាជំនន់ទឹកភ្លៀង ព្រោះវាមិនគ្រាន់តែបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិមួយចំនួនថែមទៀត ហើយក្នុងខណៈនេះអាកាសធាតុនៅតែបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចមកច្រើននៅឡើយ»។
លោក ឃុត ឧសុភា នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់បានឲ្យដឹងកាលពីថ្ងៃទី ២១ កញ្ញា ថា៖ «នៅពេលនេះកំណាត់ផ្លូវជាតិលេខ ៥៥ ជាច្រើនកន្លែងក្នុងភូមិសាស្ត្រឃុំសំរោង ស្រុកភ្នំក្រវាញត្រូវបានទឹកជន់លិច ហើយស្ពានកំពង់ល្វាដែលមានទីតាំងស្ថិតនៅក្បែរសាលាបឋមសិក្សាសំរោងធ្វើពីឈើប្រវែងជាង ៦០ ម៉ែត្រ តភ្ជាប់ឃុំសំរោង និង ឃុំលាចនៃស្រុកភ្នំក្រវាញ ត្រូវបានទឹកហូរកួចបាក់ទាំងស្រុងកាលពីល្ងាចថ្ងៃអាទិត្យ»។
ក្រៅពីនេះជំនន់ទឹកភ្លៀងក៏បានជន់លិចតំបន់មួយចំនួននៃជួរភ្នំ និងខ្ពង់រាប ភាគពាយព្យ និងភាគឧត្តរនៃប្រទេសកម្ពុជាផងដែរ។
អាជ្ញាធរខេត្តបាត់ដំបងកាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយ ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់តាមដងស្ទឹង ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង និងទឹកដែលហូរចាក់ពីតំបន់ភ្នំ និងខ្ពង់រាបនៃខេត្តនេះ។
លោក មូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅពេលនេះលំនៅឋានពលរដ្ឋមួយចំនួន និងកំណាត់ផ្លូវមួយចំនួនទៀត ក្នុងឃុំព្រៃជីក និងឃុំបាសាក់ ស្រុករុក្ខគិរី កំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង ប៉ុន្តែនៅមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ។
លោក អ៊ុច អ៊ុំភីនី ស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានចេញសេចក្ដីណែនាំឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ននូវរមណីយដ្ឋានមួយចំនួន ដែលមានទីតាំងស្ថិតនៅតាមជ្រលងភ្នំ ដងស្ទឹង និងបឹងបួ ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវទេសចរពីបញ្ហានានា ដែលអាចកើតមានជាយថាហេតុ។
លោកបន្តថា៖ «អ្នកផ្ដល់សេវាលើវិស័យដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋានទាំងនេះត្រូវទទួលខុសត្រូវដោយត្រូវណែនាំដល់ភ្ញៀវទេសចររបស់ខ្លួនឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងកុំព្យាយាមលេងទឹកក្នុងតំបន់រមណីយដ្ឋានទាំងនេះក្នុងគ្រាកំពុងមានភ្លៀងធ្លាក់ខ្លាំង»។
ជាមួយគ្នានេះលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិនបានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះភ្លៀងបានធ្លាក់គ្របដណ្ដប់ទូទាំងខេត្តក្នុងកម្រិតពី ៧០ ទៅ ១០៥ មិល្លីម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកតាមដងស្ទឹង និងប្រព័ន្ធអូរនានា នៅក្នុងខេត្តនេះបានជន់ឡើងយ៉ាងគំហុក។ ដំណាំរួមផ្សំរបស់ប្រជាកសិករ រួមមាន ម្នាស់ ដំឡូងមី និងពោត ជាច្រើនហិកតា និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងក្នុងឃុំស្ទឹងត្រង់ និងឃុំស្ទឹងកាច់នៃស្រុកសាលាក្រៅបានរងការជន់លិចយ៉ាងដំណំ។ លោកថា៖ «នៅពេលនេះអាជ្ញាធរកំពុងចុះស្រង់ស្ថិតិ និងជួយអន្តរាគមន៍ផ្ដល់អាហារបម្រុងមួយចំនួនដល់ក្រុមគ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងតំបន់ទាំងនោះ»។
ចំណែកលោក ជា ពិសិដ្ឋ អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យក៏ឲ្យដឹងដែរថា នៅពេលនេះអាជ្ញាធរខេត្តបានសម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ ស្ពានអូរជីក ឬស្ពានតាម៉ុក ស្ថិតក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែងជាបណ្ដោះអាសន្ន ដោយសារស្ថានភាពទឹកហូរកាត់ស្ពានមានកម្រិតខ្លាំង។
លោកបន្តថា ស្ថានភាពទឹកនៅស្ពានតាម៉ុកក្នុងស្រុកអន្លង់វែងបានហក់ឡើងលើសពីកម្រិតប្រកាសអាសន្ន ២៥ ស.ម (កម្រិតប្រកាសអាសន្នកម្ពស់ ៤,២០ ម៉ែត្រ)។ លោកបានបញ្ជាក់ថា៖ «ជំនន់ទឹកភ្លៀងក្នុងរយៈពេល ១ សប្ដាហ៍កន្លងមកនេះបានប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋនៅក្នុង ៤ ក្រុង-ស្រុកនៃខេត្តឧត្តរមានជ័យរួមមាន ក្រុងសំរោង ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងស្រុកបន្ទាយអម្ពិល។ ប៉ុន្តែយើងនៅមិនទាន់មានការវាយតម្លៃពីទំហំនៃការខូចខាតនៅឡើយទេ»។
បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅពេលនេះប្រទេសកម្ពុជា នៅតែបន្តស្ថិតក្រោមឥទ្ធិពលនៃប្រព័ន្ធវិសម្ពាធទាប និងខ្យល់មូសុងនិរតីនៅឡើយ ដែលធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងកម្រិតពីតិចទៅច្រើន៕
វីដេអូ៖