ភ្នំពេញៈ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​ ៨ ខែមករា​បានប្រែក្លាយ​ផ្ទះ​ដែល​រឹបអូស​ពី​បទ​ល្មើស​គ្រឿងញៀន​ទៅជា​អគារ​ស្នាក់ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹងកេងកង​ដែល​ទើបនឹង​បង្កើត​ថ្មី ខណៈ​ម៉ូតូ​ជាង​ ១០០ ​គ្រឿង និង​អចលនទ្រព្យ​ ៣ កន្លែង​ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ត្រូវបាន​លក់​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​គណៈកម្មការ​តាមដាន​ការប្រមូល ការគ្រប់គ្រង និង​ការចាត់ចែង​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​បាន​លក់​ដេញថ្លៃ​ផល​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​បាន​ជាង ២ ​លាន​ដុល្លារ​។ ប៉ុន្តែ​លោក​មិនមាន​​តួលេខ​ផ្លូវការ​ទេ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ថវិកា​ចំនួន​ ២៩ ​ភាគរយ ​ត្រូវបាន​កាត់​ចូល​ថវិកាជាតិ ហើយ​ថវិកា​ដែល​នៅ​សេសសល់​ត្រូវ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

លោក មាស វិរិទ្ធ បាន​ថ្លែងប្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​សម្រេច​ប្រគល់​ផ្ទះ​លេខ​ ២៦AB ស្ថិតនៅ​លើផ្លូវ​លេខ ៣៨៤ ក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​ ១ ខណ្ឌ​បឹងកេងកង ជូន​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើជា​ទីស្នាក់ការ​អធិការដ្ឋាន​។ លោក​បញ្ជាក់ថា ផ្ទះ​នេះ​គឺជា​ទ្រព្យសម្បត្តិ​របស់​ជន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​។

លោក មាស វិរិទ្ធ បាន​ពន្យល់ថា ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​តែង​ត្រូវបាន​បង្ក្រាប​ដោយ​សមត្ថកិច្ច ហើយ​ប្រសិន​បើ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​ថា ផលប្រយោជន៍​ ឬ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​កើតចេញ​ពី​បទល្មើស​គ្រឿងញៀន​នោះ ទ្រព្យ​ទាំងនោះ​នឹង​ត្រូវ​រឹបអូស ហើយ​ត្រូវ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ចែង​លើកកម្ពស់​កិច្ចការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ក៏ដូចជា​ការផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​អង្គភាព និង​មន្ត្រី​សមត្ថកិច្ច​ដែល​មាន​ស្នាដៃ​ក្នុង​ការបង្ក្រាប​បទល្មើស​នេះ​។

លោក​បន្តថា កន្លងមក​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ជាច្រើន​រួមមាន​ទាំង​អចលនទ្រព្យ ដី ចម្ការ និង​ចលនទ្រព្យ​ផ្សេងៗ​ដូចជា​ម៉ូតូ​រថយន្ត​ជាដើម​។ បន្ទាប់មក​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងនេះ​ទៅ​គណៈកម្មការ​ធ្វើការ​តាមដាន​ការប្រមូល ការគ្រប់គ្រង ការចាត់ចែង​ទ្រព្យសម្បត្តិ​រដ្ឋ​ដើម្បី​ចាត់ចែង​ទ្រព្យសម្បត្តិ​ទាំងនោះ​បម្រើ​ដល់​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​។

ចំពោះ​គេហដ្ឋាន​ខាងលើ​លោក​ថ្លែងថា​៖ «​ដោយសារ​អធិការដ្ឋាន​ទើប​បង្កើត​ថ្មី ហើយ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ក៏​មិនទាន់​រក​ស្នាក់ការ ឬក៏​ទីកន្លែង​ដើម្បី​រៀបចំ​ជា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រៀង​ញៀន​ក៏បាន​សម្រេច​ប្រគល់​ផ្ទះ​ ១ ​ល្វែង​នេះ​ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹងកេងកង​ធ្វើ​ជា​ទីតាំង​បំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ជាការ​លើក​ទឹកចិត្ត និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ចប្រតិបត្តិការ​នានា ជាពិសេស​ការលើក​ទឹកចិត្ត និង​ស្មារតី​»​។

លោក មាស វិរិទ្ធ បន្តថា ការរឹបអូស​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​សម្រេច​បាន​លទ្ធផល​ជាច្រើន​ជាក់ស្ដែង​កាលពី​ថ្ងៃទី​ ៨ ខែ​មករា​លោក​បាន​លក់​ឡាយឡុង​ចលនទ្រព្យ​គឺ​ទោចក្រ​យានយន្ត​ដែល​កើតចេញពី​ផល​នៃ​បទល្មើស​គ្រឿងញៀន​ចំនួន ២៣ គ្រឿង​នៅ​ខេត្ត​កោះកុង និង​ចំនួន ​៩៧ គ្រឿង​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​។ ចំពោះ​អចលនទ្រព្យ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​លក់​ចំនួន ៣ ​កន្លែង​ ហើយ​ក្នុង​ឆ្នាំ​កន្លងទៅ​។ ទោះយ៉ាងណា​លោក មាស វិរិទ្ធ និង​សមត្ថកិច្ច​មូលដ្ឋាន​បដិសេធ​មិន​បញ្ជាក់​អំពី​បទល្មើស​គ្រឿងញៀន​ពាក់ព័ន្ធ​នឹង​ទីតាំង​ផ្ទះ​លេខ លេខ​ ២៦AB ខាងលើនេះ​ទេ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាពសង្គម​កម្ពុជា​យល់ឃើញ​ថា វា​ជា​រឿង​ល្អ​ហើយ​ដែល​សមត្ថកិច្ច​ប្រែក្លាយ​ការតាំង​ចិត្ត​មក​ជា​ការអនុវត្ត​ជាក់ស្ដែង​។

លោក​ថ្លែងថា​៖ «​តែ​យើង​ចង់ឃើញ​មាន​ទិដ្ឋភាព​ច្បាប់​ក្នុង​ការអនុវត្ត បើ​ទិដ្ឋភាព​ច្បាប់​មាន​ភាពរឹងមាំ ការអនុវត្ត​នេះ​មាន​ប្រយោជន៍​។ ទិដ្ឋភាព​ច្បាប់​យ៉ាងម៉េច​? ការ​រឹបអូស​របៀបនេះ​យើង​ចង់ឃើញ​មាន​នៅ​ក្នុង​ច្បាប់​ចេញពី​សភា​។ កន្លងមក​យើង​បានត្រឹម​តែ​ឮជា​គោលការណ៍​។ ប៉ុន្តែ​បទល្មើស​គ្រឿងញៀន​នេះ បើសិន​ជា​ពាក់ព័ន្ធ​នឹង​ការរំលោភ​អំណាច វា​ជា​ប្រភេទ​បទល្មើស​ពុករលួយ​ដូច្នេះ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ជន​ពុករលួយ​ក៏​ត្រឹមត្រូវ​ដែរ​»៕