ភ្នំពេញៈ ភ្លៀង​កក់ខែ​លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​ ២៨​ ខែ មេសា ​បានធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១៧០ ខ្នង ​ស្ថិតក្នុង​ខេត្ត​ចំនួន ៦​ ទទួល​រង​ផលប៉ះពាល់​ខូចខាត ​ដោយ​ក្នុងនោះ​មាន ១០ ខ្នង​ បាន​ដួល​រលំ ​១៥៦ ខ្នង​បាន​ប៉ើង​ដំបូល​ និង ៤ ខ្នង​ទៀត​បាន​ប៉ើង​សំ​យាប​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម។

ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ ដែលបាន​ចេញ​ផ្សាយពីម្សិលមិញ បានឲ្យដឹង​ថា ​ខេត្ត​ទាំង ៦​ ដែលមាន​ផ្ទះ​ពលរដ្ឋ​ត្រូវ​រង​ផលប៉ះពាល់​ពី​ខ្យល់​កន្ត្រាក់​នោះ​ គឺ​មាន​​ដូចជា​ខេត្ត​ឧ​ត្ត​រមានជ័យ​ កំពង់ឆ្នាំង ​កំពង់ធំ​ កំពង់ចាម​ ខេត្ត​កណ្ដាល​ និង​ខេត្តព្រះវិហារ ​ហើយ​នៅ​ស្រុក​ ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​នេះ ​គឺ​ផ្ទះ​គ្រួសារ​កងទ័ព​ចំនួន ២៧ ខ្នង ​និង​សាល​ប្រជុំ​របស់​កងពល​ធំ​លេខ ៣ ​ចំនួន ១ ខ្នង​ ត្រូវបាន​ប៉ើង​ដំបូល។ ក្រៅពីនេះ​ ខ្យល់​កន្ត្រាក់​ក៏បាន​ធ្វើឱ្យ​ខ្លោ​ងទ្វារ​សង្ក្រាន្ត​នៅ​ក្រុង​សៀមរាប​ខេត្ត​សៀមរាប​ បាក់​រលំ​សង្កត់​ឡាន​ចំនួន​ ២ ​គ្រឿង​ផងដែរ។

ទោះជា​យ៉ាងណា​ក្រសួង​ធនធាន​ទឹក និងឧតុនិយម ​បានបញ្ជាក់​ថា​ ក្នុង​ចំណោម​ករណី​ដួល​រលំ​និង​ប៉ើង​ដំបូល​​ផ្ទះ​នេះ ​ពុំបាន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ និង​រងរបួស​ទៅដល់​មនុស្ស​ឡើយ។

ជុំវិញ​នឹង​បញ្ហា​នេះ​ លោក​ កែវ វី ​មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​​គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​លោក​មិន​ទាន់​ទទួលបាន​របាយការណ៍​បូក​សរុប​រយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នៃ​ការកើតមាន​ខ្យល់​កន្ត្រាក់​និង​ផ្គរ​រន្ទះ ​ដែល​បំផ្លាញ​ផ្ទះសំបែង​ពលរដ្ឋ​ និង​បង្ក​​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​នៅ​ឡើយ​ទេ។

ប៉ុន្តែ​លោក​និយាយថា ​រាល់​ករណី​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ​ទាំងនេះ ​នឹង​ទទួលបាន​ជំនួយ​ជា​ស្បៀង​អាហារ​សង្គ្រោះ​បន្ទាន់​ពី​ខាង​កាកបាទ​ក្រហម​ និង​ការជួយ​ជួសជុល​ផ្ទះ​ឡើង​វិញ។

លោក​បញ្ជាក់​ថា​៖ «មានការ​អំពាវ​នាវរ​បស់​ប្រមុខ​រដ្ឋាភិបាល​រួចហើយ ​ហើយ​នៅក្នុង​ហ្នឹង ​យើង​មាន​បទបញ្ជា​របស់​អគ្គ​បញ្ជាការ​កង​យោធ​ពល​ខេមរភូមិន្ទ​ ដូច្នេះ​ អង្គភាព​ទ័ព​ឈរ​ជើង​កន្លែង​ណា ​ត្រូវមាន​ភារកិច្ច​ធ្វើ​អន្តរាគមន៍ ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ​ដូចជា​ ជួយ​ជម្លៀស ​ជួយ​ជួសជុល​ផ្ទះ​ ហើយ​ជួយ​កសាង​ផ្ទះ​ឡើង​វិញ»។

កាលពី​ថ្ងៃទី ២៨ ​មេសា​ ឧបនា​យក​រដ្ឋមន្ត្រី​ លោក​ កែ គឹមយ៉ាន ​នៅពេល​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​បន្ទាយ​មានជ័យ ​បាន​អំពាវនាវ​មន្ត្រី​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ​ និង​សប្បុរសជន ​ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ខ្យល់​កន្ត្រាក់ ​ដោយ​លោក​បាន​អះអាងថា ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ ​គឺ​ត្រូវធ្វើ​ឡើង​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់វណ្ណៈ​ ពណ៌​សម្បុរ ​ជំនឿ​សាសនា​ ឬក៏​និន្នាការ​នយោបាយ​ឡើយ។

កាលពី​ថ្ងៃ​ម្សិលមិញ​ក្រសួង​ធន​ធាន​​ទឹកបាន​ព្យាករ​បន្ថែមថា ​ដោយ​សារ​​កម្ដៅ​អប្ប​បរមា​ក្នុង​ឆ្នាំ ២០១៩​ កើន ឡើង​ខុសពី​ឆ្នាំមុនៗ ​គឺ​ពី ២,០០ អង្សា​ដល់ ២,២០ អង្សា ​នឹងធ្វើ​ឱ្យ​ការ​ប៉ះ​ទ​ង្គិច​គ្នា​រវាង​ម៉ាស់​ត្រជាក់​ និង​ក្ដៅ​កាន់តែ​សកម្ម​ថែមទៀត ​ដែល​ធ្វើឱ្យ​អាកាសធាតុ​មាន​ការ​ប្រែប្រួល​ឆាប់​រហ័ស។ ​ចាប់ពី​ថ្ងៃទី ៣០ ​ខែ មេសា ​ដល់​ថ្ងៃ​ទី ២​ ខែ ឧសភា ​នឹងមានភ្លៀង​កក់ខែ​ធ្លាក់​តិចតួច ​នៅ​ខេត្ត​កំពង់​ចាម ​ត្បូង​ឃ្មុំ ​ព្រៃវែង​ ស្វាយរៀង ​តាកែវ ​កំពត ​ព្រះសីហនុ​ កណ្ដាល​ កំពង់​ស្ពឹ ​និង​កំពង់​ឆ្នាំង។ ​រាជធានី​ភ្នំពេញ ​នឹងមាន​ភ្លៀង​កក់ខែ​ធ្លាក់​ពី​តិច​ទៅ​បង្គួរ។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក ​ចាន់ យុត្ថា ​មន្ត្រី​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​បានទេ​កាលពី​ម្សិលមិញ ​ដោយ​សារ​ទូរស័ព្ទ​លោក​មិន​លើក។

ជុំវិញ​ការធ្លាក់​ភ្លៀង​កក់ខែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​ក៏បាន​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ ​ចាប់ផ្ដើម​មានការ​ហូរ​ទឹកស្អុយ​ពណ៌​ខ្មៅ​ចូល​ទៅ​ក្នុង​សមុទ្រ​ឡើងវិញ​ដែរ​ គឺ​ស្ថិតនៅ​ឆ្នេរ​អា​រី​ស្ដុ​ន សង្កាត់​លេខ ៤ ​ក្រុង ព្រះសីហនុ ​និង​កំពុង​ធ្វើឱ្យ​ប៉ះពាល់​ភ្ញៀវ​ទេសចរ។ នេះ​បើតាម​ការលើកឡើង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

លោក ​អីុ សុខ​ឡេង ​អភិបាលក្រុង​ព្រះសីហនុ​បាន​បញ្ជាក់ ពីម្សិលមិញ ថា ​លោក​ពុំ​បានដឹង​អំពី​ករណី​ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​នេះ​ឡើយ​ ហើយ​លោក​បាន​ឱ្យទៅ​សួរ​លោក​ ចេង ស្រុង ​ប្រធាន​មន្ទីរ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​ខេត្ត ​និង​លោក ​សាមុត សុធារិ​ទ្ធ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ​ប៉ុន្តែ​ប្រធាន​មន្ទីរ​ទាំង​ ២ រូបនេះ​ ពុំ​អាច​ទាក់ទង​បានឡើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ៕