ភ្នំពេញៈ ចាប់ពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ ២០១៧ ប្រជាពលរដ្ឋ​ប្រមាណ ១ ​លាន​ខ្នង​ផ្ទះ ​បាន​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ ដោយសារ​គ្រោះមហន្តរាយ​នៃ​ការប្រែប្រួល​អាកាសធាតុ​ហើយ​ការចំណាយ​ថវិកាជាតិ​របស់​រដ្ឋាភិបាល​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​នៅមាន​កម្រិត​នៅឡើយ​។ នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ​លើកដំបូង​មួយ​ដែល​ធ្វើឡើង​ដើម្បី​ជួយផ្ដល់​ព័ត៌មាន​ដល់​ពលរដ្ឋ​ឱ្យបាន​ដឹង​អំពី​របៀប​នៃ​ការប្រើប្រាស់​ថវិកាជាតិ​របស់​រដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​កន្លងមក​។

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ (The NGO Forum on Cambodia) ​បាន​ចេញ​ផ្សាយ​របាយការណ៍​លើកដំបូង​នេះ​កាលពី​ថ្ងៃទី​ ៤ ​ខែមីនា​ដែល​អះអាង​ថា គឺជា​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​ការចំណាយ​ថវិកាជាតិ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

របាយការណ៍​បញ្ជាក់ថា ចាប់​តាំងពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ​ ២០១៧ ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ១ ​លាន​ខ្នង​ផ្ទះ​បាន​ទទួលរង​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយ​នៃ​ការប្រែប្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ​រួមមាន​ទឹកជំនន់​ខ្យល់ព្យុះ កំណើន​សីតុណ្ហភាព ភាពរាំងស្ងួត និង​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់​។

របាយការណ៍​សរសេរ​ថា​៖ «​គ្រោះមហន្តរាយ​អាកាសធាតុ​ទាំងនេះ​អាច​បំផ្លាញ​ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​ប៉ះពាល់​លទ្ធភាព​កសិករ​ក្នុង​ការផលិត​ស្បៀងអាហារ បង្កើន​ការរីក​រាលដាល​នៃ​ជំងឺឆ្លង និង​គ្រោះថ្នាក់​សុខភាព​ផ្សេង​ទៀត​បណ្ដាល​ឱ្យ​មាន​ការចំណាយ​ច្រើន​ក្នុង​គ្រួសារ​ការប្រកប​អាជីវកម្ម​ និង​ប៉ះពាល់​ការចំណាយ​របស់​រដ្ឋាភិបាល​ផងដែរ ហើយ​អ្វី​ដែល​ធ្ងន់ធ្ងរ​បំផុត​គឺ​ការគំរាមកំហែង​ដល់​ប្រជាជន​ និង​សេដ្ឋកិច្ច​កម្ពុជា​»​។

NGO Forum បញ្ជាក់​ថា​របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែកលើ​ទិន្នន័យ​បាន​មកពី​ច្បាប់​ថវិកាជាតិ​របាយការណ៍​ពិនិត្យ​ចំណាយ​សាធារណៈ​លើ​ការប្រែប្រួល​អាកាសធាតុ​ឆ្នាំ​ ២០១៧ និង​ប្រភព​ឯកសារ​ដទៃទៀត​របស់​រដ្ឋាភិបាល​។

របាយការណ៍​បន្តថា កាលពី​ឆ្នាំ ២០១៧ ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​នៅ​មាន​កម្រិត​ទាប​ត្រឹមតែ​ ២២៥ ​លាន​ដុល្លារ​ ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ហើយ​មានតែ ៣% នៃ​ថវិកា​ទាំងនេះ​ត្រូវបាន​ចំណាយ​មាន​ផលប្រយោជន៍​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ទាំងស្រុង​។ ចំណែក​ថវិកា​ចំនួន​ ៧០% ត្រូវបាន​ចំណាយ​ដោយ​មិនបាន​គិតគូរ​លើ​ការឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ ខណៈ​ចំនួន ២៧% ​ទៀត​ចំណាយ​ដោយ​ផ្នែក​ដែលមាន​ផលប្រយោជន៍​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។

របាយការណ៍​សរសេរ​ថា​៖ «​ចំណាយ​របស់​រដ្ឋាភិបាល​មួយចំនួន​គឺ​ផ្ដោត​ទាំងស្រុង​លើ​ការប្រែប្រួល​អាកាសធាតុ ហើយ​ចំណាយ​ទាំងនោះ​គឺ​មិនមាន​ការចាំបាច់​ប្រសិន​បើ​ការប្រែប្រួល​អាកាសធាតុ​មិនបាន​កើតឡើង​។ ឧទាហរណ៍​ជាក់ស្ដែង​នៃ​ការចំណាយ​ដែលមាន​ផលប្រយោជន៍​គឺ​ការសាងសង់​ទំនប់ទឹក​សមុទ្រ​ក្នុង​ការការពារ​សហគមន៍​តំបន់​ឆ្នេរ​ពី​ការកើនឡើង​នីវ៉ូទឹក​សមុទ្រ​»​។

ក្រសួង​ដែល​ទទួល​បាន​ថវិកាជាតិ​ច្រើន​ជាងគេ​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​គឺ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​មាន​ចំនួន ៣៧% ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចំនួន​ ១៩ ​ភាគរយ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ចំនួន ១០% ក្រសួង​អភិវឌ្ឍន៍​ជនបទ ១០% ក្រសួង​បរិស្ថាន​ ៤% ក្រសួង​សុខាភិបាល​ ៣% និង​ក្រសួង​ផ្សេងៗ​ទៀត​មាន​ចំនួន​ ១៧%​។

របាយការណ៍​ដដែល​បញ្ជាក់​ថា ស្ដ្រី​និង​កុមារ​ជា​អ្នក​ប្រឈម​ហានិភ័យ​ច្រើន​ជាង​គេ​ចំពោះ​ផលប៉ះពាល់​ដោយ​ការប្រែប្រួល​អាកាសធាតុ ប៉ុន្តែ​រដ្ឋាភិបាល​មិនទាន់​ផ្ដល់​ព័ត៌មាន​គ្រប់គ្រាន់​នៅឡើយ​អំពី​ដំណោះស្រាយ​តាមរយៈ​ថវិកា​ចំពោះ​ជន​ងាយ​រងគ្រោះ​ជា​ស្ដ្រី និង​កុមារ​នេះ​។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ NGO Forum បាន​លើកឡើង​ថា​៖ «​នេះ​គឺជា​របាយការណ៍​ទី​ ១ ដែល​បានធ្វើ​ការសិក្សា​យ៉ាង​ស៊ីជម្រៅ​លើ​បញ្ហា​ប្រឈម​នានា​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​មានការ​ចូលរួម​ផ្ដល់​គំនិត​យោបល់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ របាយការណ៍​នេះ​នឹងចូលរួម​បន្ថែម​ដល់​រាជរដ្ឋាភិបាល​ និង​សភា​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ដោះស្រាយ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូចជា​សុខភាព ប្រាក់ចំណូល សន្ដិសុខ​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​លើកឡើង​ថា លោក​មិន​បានដឹង​អំពី​ការចំណាយ​ថវិកាជាតិ​ក្នុង​ឆ្នាំ​ ២០២០ ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​នេះ​ទេ ហើយ​លោក​ថា​ខាង​ក្រសួងបរិស្ថាន​គឺ​អាច​ដឹង​អំពី​ទំហំ​ថវិកា​នេះ​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​មិនទាន់​បាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​ទេ​គិត​រហូត​មក​ដល់​ម៉ោង​បោះពុម្ពផ្សាយ​កាសែត​ពី​យប់មិញ​។

អង្គការ NGO Forum លើកឡើង​ថា ដើម្បី​ធានាថា​រដ្ឋាភិបាល​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​លើ​ការប្រើប្រាស់​ថវិកាជាតិ ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​គឺ​គួរតែ​ឱ្យ​អង្គការ​សង្គមស៊ីវិល ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​មាន​ឱកាស​ចូលរួម​ធ្វើ​សេចក្ដី​សម្រេចចិត្ត និង​តាមដាន​ការចំណាយ​នៅ​មូលដ្ឋាន​ហើយ​ជំរុញ​ឱ្យ​ស្ថាប័នរដ្ឋ​ទទួល​ខុសត្រូវ​ក្នុង​ការគ្រប់គ្រង​ថវិកាជាតិ​។

របាយការណ៍​បញ្ជាក់ថា​ប្រសិនបើ​កម្ពុជា​ពុំ​បាន​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ឲ្យ​បាន​ទាន់ពេល​ទេនោះ​នឹង​អាច​ធ្វើឱ្យ GDP ធ្លាក់ចុះ ០,៤% នៅត្រឹម​ឆ្នាំ​ ២០២០ ​និង​ធ្លាក់ចុះ ៩,៨% ទាប​ជាង​ផែនការ​នៅ​ឆ្នាំ​ ២០៥០ រួមទាំង​ការប្រឈម​នឹង​គ្រោះថ្នាក់​ក្នុង​ការក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០៕