បន្ទាយមានជ័យៈ លំនៅឋានទើបសង់ថ្មីជាង ៤០ ខ្នង របស់ប្រជាពលរដ្ឋមួយក្រុម ដែលភាគច្រើនជាជនចំណាកស្រុកពីបណ្ដាខេត្តផ្សេងៗ ត្រូវបានប្រជាសហគមន៍ការពារព្រៃឈើឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រមាណជាង ១០០ នាក់ នាំគ្នាចុះរុះរើ និងផ្ដួលរំលំចោល ដោយសំអាងថា សំណង់ទាំងនោះបានសង់រំលោភយកដីព្រៃសហគមន៍របស់ពួកគេ។
លោក សាន ស៊ីម ប្រធានសហគមន៍ការពារព្រៃឈើឃុំទួលពង្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចប្រដាប់អាវុធចម្រុះនៃកងបញ្ជាការឯកភាពស្រុកម៉ាឡៃ កាលពីព្រឹកថ្ងៃចន្ទ កម្លាំងប្រជាសហគមន៍របស់លោកប្រមាណជាង ១០០ នាក់ បានរួមគ្នាចុះរុះរើលំនៅឋានចំនួន ៤៣ ខ្នងផ្ទះរបស់ប្រជាពលរដ្ឋមួយក្រុម ដែលបានលួចសង់រំលោភយកដីព្រៃរបស់សហគមន៍ដោយខុសច្បាប់។
លោក ស៊ីម បានបញ្ជាក់ថា៖ «ផ្ទះទាំងនោះមានទំហំ ៤ ម៉ែត្រ ៤ ជ្រុង សង់ពីឈើប្រក់ស័ង្កសី និងមានជញ្ជាំងព័ទ្ធជុំវិញដោយស័ង្កសី។ លំនៅឋានទាំងនោះ បានសង់នៅលើទីតាំងដីព្រៃសហគមន៍ភូមិកោះស្នួលរបស់ពួកយើងដោយគ្មានការអនុញ្ញាត ហើយម្ចាស់លំនៅឋានទាំងនោះ បានកាប់រានដីព្រៃរបស់ពួកយើងមួយចំនួនទៀត»។
លោក ស៊ីម បានបន្តថា កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០១៨ នៅពេលចុះល្បាត ពួកគាត់បានឃើញមានសកម្មភាពលួចចូលសង់ផ្ទះប្រភេទនេះ នៅលើទីតាំងខាងលើនេះចំនួន ៤-៥ ខ្នងប៉ុណ្ណោះ ហើយពួកគាត់បានធ្វើការអប់រំឲ្យរុះរើចេញ ប៉ុន្តែនៅចន្លោះខែមករា និង កុម្ភៈ ឆ្នាំ ២០១៩ ក្រុមដដែលនេះបានលួចចូលមកសង់ផ្ទះឡើងវិញ និងមានចំនួនកើនឡើងរហូតដល់ ២០ ខ្នងផ្ទះ។ នៅពេលនោះលោក និងប្រជាសហគមន៍បាននាំគ្នារាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ បណ្ដេញពួកគេចេញ។
លោកថ្លែងថា៖ «ភាពយឺតយ៉ាវក្នុងការឆ្លើយតបចំពោះសំណើសុំកិច្ចអន្តរាគមន៍របស់ពួកយើងពីអាជ្ញាធរ បានធ្វើឲ្យក្រុមប្រជាពលរដ្ឋចំណាកស្រុកទាំងនោះមានឱកាសបង្កើនចំនួនប្រជាពលរដ្ឋកាន់តែច្រើនឡើង និងបានបន្តការសាងសង់ផ្ទះដោយខុសច្បាប់លើតំបន់ព្រៃការពាររបស់សហគមន៍យើង រហូតដល់ជាង ៤០ ខ្នងផ្ទះ»។
លោក ស៊ីម ថ្លែងថា នៅក្នុងអំឡុងខែមេសា ឆ្នាំ ២០០៣ ក្រសួងបរិស្ថានបានសម្រេចកាត់ដីទំហំ ៥០០ ហិកតា ទៅឲ្យប្រជាពលរដ្ឋចំនួនជាង ១០០០ គ្រួសារនៃសហគមន៍ចំនួន ៥ ក្នុងឃុំទួលពង្រ ដែលរួមមាន សហគមន៍ភូមិអូរអំពិល សហគមន៍ភូមិស្វាងាប់ សហគមន៍ភូមិកោះស្នួល សហគមន៍ភូមិបន្ទាយទី ១ និងសហគមន៍ភូមិទួលពង្រ ដើម្បីគ្រប់គ្រង ការពារនិងអភិរក្សអាស្រ័យផល។
លោក ហ៊ឹម យឺន តំណាងប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង ៤៣ ខ្នង បានអះអាងថា ទីតាំងដីដែលពួកគាត់បានសង់ផ្ទះនៅនោះ មិនស្ថិតនៅក្នុងទីតាំងដីរបស់សហគមន៍ទាំង ៥ នោះទេ ហើយវាក៏មិនមែនជាដីព្រៃការពារឬអភិរក្សអ្វីនោះដែរ គឺជាដីបន្ទាយចាស់របស់កងវរសេនាតូចលេខ ៦៧១ ហើយនៅឆ្នាំ ១៩៩៩ រដ្ឋាភិបាលបានចេញ ស.ជ.ណ មួយ ដោយកាត់ទីតាំងដីបន្ទាយនេះរួមទាំងដីព្រៃរេចរឹលក្នុងតំបន់នេះសរុប ១ ៩២៩ ហិកតា ដល់គ្រួសារអតីតយុទ្ធជនពួកគាត់ចំនួន ២៣៣ គ្រួសារ ដើម្បីសង់លំនៅឋាន និងបង្កបង្កើនផល សម្រាប់ចិញ្ចឹមជីវិត។
លោក ឯម សុខា អភិបាលស្រុកម៉ាឡៃបានឲ្យដឹងថា ឯកសារអំណះអំណាងរបស់លោក ហ៊ឹម យឺន នោះ ត្រូវបានរដ្ឋាភិបាលនិរាករណ៍តាំងពីឆ្នាំ ២០០៥។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងថាពួកគាត់ដឹង ឬធ្វើមិនដឹងនោះទេ»។
លោក ស៊ឹម ម៉ន មេឃុំទួលពង្រ បានឲ្យដឹងថា ក្រុមប្រជាពលរដ្ឋទាំងនោះ មួយចំនួនមកពីក្រុងប៉ោយប៉ែត ស្រុកបវេលខេត្តបាត់ដំបង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ហើយអាជ្ញាធរក៏មិនបានដឹងឮដែរ៕