ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់​មាន​ផ្ទះ​ពលរដ្ឋ ៥២ ខ្នង​ និង​អគារ​សាលារៀន​ចំនួន ២ បាន​រង​ការខូចខាត​ និង​សត្វ​ក្របី​ចំនួន ២ ក្បាល​បាន​ងាប់​ដោយសារ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កើតឡើង​ក្នុង​ខេត្ត​ចំនួន ៤ រួមមាន ខេត្ត​បន្ទាយមានជ័យ ព្រះវិហារ សៀមរាប និង​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃទី ២១ ខែ​មេសា។ នេះ​បើតាម​លោក កែវ វី ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្ងៃ ២២ ខែមេសា​នេះ។

លោក​ថ្លែងថា៖ «បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​នៅតែ​ជា​ក្ដី​ព្រួយកង្វល់​របស់​ប្រជាកសិករ នៅតាម​ទីជនបទ​ដាច់ស្រយាល​ដែល​ភាគច្រើន​ពួកគាត់​រស់នៅ​ក្នុងផ្ទះ​ដែល​សង់​ឡើង​ពុំបាន​ត្រឹមត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស»។

លោក​បាន​បន្តថា​ក្នុង​ចំណោម​ផ្ទះ ៥២ ខ្នង​ដែល​រង​ការខូចខាត​ដោយសារ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី ២១ ខែមេសា​នោះ ភាគច្រើន​ជា​សំណង់​ធ្វើ​ពី​ឈើ​ប្រក់​សង្កសី ដែល​សង់​ឡើង​មិន​ត្រឹមត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស។ ក្នុង​នោះ ៣៣ ខ្នង​ផ្ទះ​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភណ្ឌ ខេត្ត​បន្ទាយមានជ័យ,៦​ ខ្នង​ផ្ទះ​ស្ថិតនៅ​ក្នុងភូមិ​ចម្រើន ឃុំ​ច្រាច់ ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ, ២ ខ្នង​ផ្ទះ នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប និង ១១ ខ្នង​ផ្ទះ នៅ​ស្រុក​កោះញែក​ ខេត្ត​មណ្ឌលគិរី។

ជាមួយ​គ្នា​នេះ​ដំបូល​អគារ​សាលារៀន​ចំនួន ២ ក្នុង​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភណ្ឌ​ ខេត្ត​បន្ទាយមានជ័យ​ក៏បាន​ប៉ើងរបើក​រង​ការខូចខាត​ផងដែរ។

លោក កែវ វី បាន​បន្តថា ចំណែក​ផ្គររន្ទះ​ដែល​បាន​កើតឡើង​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង​កាលពី​ល្ងាច​ថ្ងៃទី ២១​ ខែ​មេសា​នោះបាន​បណ្ដាល​ឲ្យ​ងាប់​សត្វ​ក្របី​ចំនួន ២ ក្បាល​របស់​ប្រជាកសិករ​ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ផងដែរ។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​នៅ​ថ្ងៃទី ២១ ខែ​មេសា​បាន​ប្រកាស​តាមរយៈ​សេចក្ដី​ជូនដំណឹង​ស្ដីពី​ការព្យាករ​អាកាសធាតុ​លើក​ទី ២ សម្រាប់​ឆ្នាំ ២០២១ នេះ​ថា​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ និង​ផ្គររន្ទះ​នឹង​កើតមាន​កាន់តែ​ច្រើន​ឡើង​ចាប់ពី​ដើម​រដូវវស្សា​ដែល​នឹង​ចាប់ផ្ដើម​ពី​សប្ដាហ៍​ទី ១ នៃ​ខែឧសភា​ខាងមុខនេះ។ មិនតែប៉ុណ្ណោះ​នៅក្នុង​ឆ្នាំនេះ​នឹងមាន​ព្យុះ​កើតឡើង​ក្នុង​រង្វង់​ចន្លោះ​ពី ២៨-៣០ នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ និង​អាចមាន​មួយចំនួន​កើតឡើង​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​អាចមាន​ឥទ្ធិពល​ដល់​កម្ពុជា។

ថ្វីបើ​មានការ​ជូនដំណឹង​ និង​ក្រើនរំឭក​អំពី​ករណីនេះ​ក្ដី ប៉ុន្តែ​ប្រជាកសិករ​នៅ​ខេត្ត​ភាគ​ពាយព្យ និង​ឧត្តរ​នៃ​ប្រទេស​កម្ពុជា​ហាក់ដូចជា​មិនសូវ​យកចិត្ត​ទុកដាក់​នោះទេ។ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩។

លោក ប៉ក់ អិត ប្រជាកសិករ​នៅ​ភូមិ-ឃុំ​សឿ ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​ប៉ុន្មាន​ឆ្មាំ​មុននេះ ដើម​រដូវវស្សា​ពុំមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ គ្រួសារ​របស់គាត់​ធ្វើស្រែ​ពុំ​សូវ​បាន​ផល​នោះ​ទេ។

លោក​ថ្លែងថា៖ «ឥឡូវ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ហើយ អ៊ីចឹង​ទាំង​គ្រួសារ​ខ្ញុំ​ និង​អ្នកភូមិ​បាន​​នាំគ្នា​ភ្ជួរ​រាស់​ដីស្រែ ធ្វើការ​សាបព្រោះ​ស្រូវ​ដើម​រដូវវស្សា​នេះ ដោយ​មិន​ខ្វល់​ និង​មិន​ខ្លាច​រឿង​រន្ទះបាញ់​អី​នោះទេ»។

ជាមួយ​គ្នា​នេះ លោក លី យឿន ប្រជាកសិករ​នៅ​ភូមិ​ពាមរមាស ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ​ក៏បាន​ថ្លែង​ដែរ​ថា៖ «ការធ្វើ​ស្រែ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ធ្វើឲ្យ​យើង​សប្បាយរីករាយ​និង​មិនសូវមាន​ការនឿយហត់​នោះទេ។ រីឯ​ដំណាំ​ក៏​លូតលាស់​បានល្អ​ដែរ​ព្រោះ​វា​ត្រជាក់»៕