ត្បូងឃ្មុំ/កំពង់ចាមៈ ករណី​បាក់​ច្រាំងទន្លេ​នៅ​ចំណុច​ភូមិ​រកាធំ ឃុំ​ជីរោទ៍​ទី​ ១ ស្រុក​ត្បូងឃ្មុំ​បាន​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​យ៉ាងខ្លាំង​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពុទ្ធបរិស័ទ​រួមទាំង ព្រះសង្ឃ និង​តាជី យាយជី នៃ​វត្ត​ឧទុម្ពរវនារាមរកាធំ ខណៈ​កុដិ​ចំនួន​ ២ និង​សាលាឆាន់​ចំនួន​ ១ ត្រូវបាន​បាក់​ធ្លាក់​ដល់​ជើង​សសរ ដែល​ការបាក់​ច្រាំងទន្លេ​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ថ្លែងថា គឺជា​ផ្នែក​មួយ​នៃ​គ្រោះធម្មជាតិ​។

លោក​ តឹក លាង មេឃុំ​ជីរោទ៍​ទី​ ១ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ​អ្នកភូមិ​ និង​អាជ្ញាធរ​រួមទាំង​គណៈកម្មការ​វត្ត​កំពុង​នាំគ្នា​រុះរើ​កុដិ និង​សាលាឆាន់​ទាំងនោះ ដើម្បី​រំកិល​ចេញ​ទៅ​កាន់​ទីតាំង​ថ្មី​ ខណៈ​ទីតាំង​ចាស់​ត្រូវ​បាន​បាក់​ធ្លាក់ចូល​ទៅក្នុង​ទន្លេ​ជិត​ដល់​ជើង​សសរ​កុដិ និង​សាលាឆាន់​ទៅ​ហើយ​។

លោក​ លាង និយាយ​ថា​៖ «​ដើម្បី​សុវត្ថិភាព​របស់​ព្រះសង្ឃ និង​តាជី​យាយជី​នៅក្នុង​វត្ត​នេះ យើង​ចាំបាច់​ត្រូវ​រុះរើ និង​រំកិល​សាលាឆាន់​ព្រមទាំង​កុដិ​ទាំងអស់​ចេញ​ពី​ទីតាំង​ដែល​កំពុង​ប្រឈម​ការបាក់​ច្រាំង​នេះ ព្រោះ​យើង​គ្មាន​មធ្យោបាយ​ទប់ស្កាត់​ករណី​បាក់​ច្រាំងទន្លេ​នេះ​ទេ​»​។

បើ​តាម​លោក​ លាង វត្ត​ឧទុម្ពរវនារាមរកាធំ កាលពីមុន​មាន​ផ្ទៃដី​ទំហំ​ ១១០ ​ម៉ែត្រ​គុណ​នឹង​ ៩៥ ​ម៉ែត្រ ប៉ុន្តែ​បច្ចុប្បន្ន​វត្ត​នេះ​នៅ​សល់​ផ្ទៃដី​ប្រមាណ​ ៤០ ​ម៉ែត្រ​គុណ​ ៩៥ ​ម៉ែត្រ​ប៉ុណ្ណោះ​។ ការរួម​តូច​នៃ​ផ្ទៃដី​វត្ត​នេះ​គឺ​ដោយសារ​តែ​ករណី​ទឹក​ជន់​លិច​ និង​ហូរ​ច្រោះ​បាក់​ច្រាំងទន្លេ​ជា​បន្តបន្ទាប់ ពិសេស​នៅក្នុង​ឆ្នាំនេះ​ការបាក់​ច្រាំង​មាន​ទំហំ​ធំ​ជាង​ឆ្នាំមុន​ និង​កើតឡើង​ចំនួន​ ៣ ​ដង​រួច​មក​ហើយ​ចាប់​តាំងពី​ខែ​កក្កដា​មក​។

អ្នកស្រី ពេជ្រ ស៊ន់ ប្រធាន​គណៈកម្មការ​វត្ត​ឧទុម្ពរវនារាមរកាធំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​ប្រជាពលរដ្ឋ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ធម្មការ និង​សាសនា​នៅ​រសៀល​ថ្ងៃ​អង្គារ កុដិ​របស់​ព្រះគ្រូ​ចៅអធិការវត្ត​ដែល​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ទំហំ​ ៦ ​ម៉ែត្រ​គុណ​ ១០ ​ម៉ែត្រ​ត្រូវ​បាន​រំកិល​ចេញ​ពី​កន្លែង​គ្រោះថ្នាក់​បាន​ជា​ស្ថាពរ​ហើយ ចំណែក​កុដិ​ធំ​មួយ​ទៀត ដែល​ធ្វើ​ពី​ថ្ម​ត្រូវ​បាន​រុះរើ​ដំបូល ទ្វារ បង្អួច និងសម្ភារ​មួយ​ចំនួន​ចេញ​ជា​បណ្ដើរ ខណៈ​ដែល​កុដិ​នេះ​មាន​ការប្រឈម​ការបាក់​ធ្លាក់​ចូល​ទន្លេ​ធ្ងន់ធ្ងរ​ជាងគេ​។

អ្នកស្រី ស៊ន់ និយាយ​ថា​៖ «​នៅពេលនេះ​យើង​បាន​ធូរស្រាល​ចិត្ត​បន្តិច ក្រោយពី​កុដិ​របស់​ព្រះគ្រូ​ចៅអធិការវត្ត​ត្រូវ​បាន​រំកិល​ចេញពី​កន្លែង​គ្រោះថ្នាក់ ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព គឺជា​ទីតាំង​ជាប់​នឹង​ព្រះវិហារ​»​។ អ្នកស្រី​បន្តថា នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​នឹង​បន្ត​ជួយ​រំកិល​សាលាឆាន់ និង​កុដិ​ព្រះសង្ឃ​មួយ​ខ្នង​ទៀត​ចេញ​ពី​កន្លែង​គ្រោះថ្នាក់​មក​កាន់​ទីសុវត្ថិភាព​ដែល​ស្ថិត​នៅក្បែរៗ​គ្នា​នឹង​ព្រះវិហារ​ដែរ​។

ព្រះតេជគុណ គារ សុគន្ធ ព្រះចៅអធិការ​វត្ត​ឧទុម្ពរវនារាមរកាធំ​បាន​មាន​ដីកា​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ស្ថិត​ក្នុង​ស្ថានភាព​ដ៏គ្រោះថ្នាក់​នៃ​មហន្តរាយ​បាក់​ច្រាំងទន្លេ​ចូលមក​ជិត​កុដិ​ និង​សាលាឆាន់​នេះ ព្រះអង្គ​សូម​បិណ្ឌបាត​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ សមត្ថកិច្ច​ពាក់ព័ន្ធ សប្បុរសជន​ក្នុង​ និង​ក្រៅប្រទេស ជួយ​ទប់ស្កាត់​ការបាក់​ស្រុត​ច្រាំងទន្លេ​នេះ ដើម្បី​រក្សា​ដី​ជា​បរិវេណ​វត្ត​ដែល​នៅ​សល់​ឲ្យ​បាន​គង់វង្ស​សម្រាប់​ព្រះសង្ឃ​តាជី​យាយជី ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ និង​តទៅ​អនាគត​បាន​គង់​នៅ​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មក​គោរពបូជា​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។

លោក​ សេង សុខខឿន អភិបាលស្រុក​ត្បូងឃ្មុំ​ឲ្យ​ដឹងថា ជុំវិញ​បញ្ហា​បាក់​ធ្លាក់​ច្រាំងទន្លេ​មេគង្គ​ប៉ះពាល់​ដល់​វត្ត​ខាងលើ​នេះ អាជ្ញាធរ​បាន​ស្នើសុំ​អន្តរាគមន៍​ជួយ​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​បន្ទាន់​ទៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដើម្បី​ជួយ​សង្គ្រោះ​ច្រាំងទន្លេ​នៅ​ចំណុច​ទីតាំង​វត្ត​នេះ​រួចហើយ​។

លោក​ថ្លែងថា​៖ «​ជាមួយ​គ្នា​នេះ​យើង​ក៏បាន​ត្រៀម​រក​ទីតាំង​ថ្មី​រួចហើយ​ដែរ គឺ​នៅ​ម្ខាង​ផ្លូវ​បេតុង​ឃ្លាត​ពី​ទីតាំង​វត្ត​សព្វថ្ងៃ​ប្រហែល​ពី​ ៣០០ ​ម៉ែត្រ​ទៅ​ ៤០០ ​ម៉ែត្រ​ក្នុង​ភូមិ​រកា​ធំ​ដដែល​»​។

មិន​ចំពោះតែ​វត្ត​នេះ​មួយ​ទេ ដែល​កំពុង​ជួប​ប្រឈម​ទៅ​នឹង​ករណី​បាក់​ច្រាំងទន្លេ វត្ត​ធម្មយុត្តិ​ចុងកោះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ភូមិ​ទី​ ៩ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​ក៏​ជួប​នូវ​គ្រោះមហន្តរាយ​ដូចគ្នា​នេះ​ដែរ​។

លោក​ ឡោ ស៊ាងហ៊ត់ អធិការរង​ស្រុក​កោះសូទិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា នៅពេល​នេះ​ច្រាំងទន្លេ​បាន​បាក់​ធ្លាក់​ដល់​ព្រះវិហារ​ហើយ​ និង​ធ្វើឲ្យ​សសរ​គ្រឹះ​នៃ​ព្រះវិហារ​ចំនួន ២ ​បាន​បាក់​ធ្លាក់ចូល​ទន្លេ​។ ចំពោះ​ករណី​នេះ​គណៈកម្មការ អាចារ្យវត្ត​ព្រះសង្ឃ និង អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​នាំគ្នា​រុះរើ​ព្រះពុទ្ធបដិមា​ចេញ​ពី​ក្នុង​ព្រះវិហារ​ដែល​ត្រូវបាន​បាក់ស្រុត​នោះ​។

លោក​បញ្ជាក់ថា​៖ «​យើង​សោកស្ដាយ​ខ្លាំងណាស់ ដែល​យើង​គ្មាន​មធ្យោបាយ​ក្នុង​ការទប់ស្កាត់​ករណី​បាក់​ច្រាំងទន្លេ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ព្រះវិហារ​នៃ​វត្ត​អារាម​របស់​យើង​ដែល​មាន​អាយុកាល​ជាង​ ១០០ ​ឆ្នាំ​នេះ​។ យើង​មាន​តែ​នាំគ្នា​រុះរើ ប្ដូរ​ទីតាំង​វត្ត​របស់​យើង​ចេញ​ពី​ទីតាំង​មាត់ទន្លេ​ប៉ុណ្ណោះ​»​។

លោក យិន សាវុធ ប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ និង ការងារ​ទន្លេ​នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ករណី​បាក់​ច្រាំងទន្លេ​គឺជា​ផ្នែក​មួយ​នៃ​គ្រោះមហន្តរាយ​ពី​ធម្មជាតិ​ដែល​ជា​ទូទៅ​គឺ​បណ្ដាល​មកពី​ចរន្តទឹក​ហូរ​បុក​យ៉ាងគំហុក​ពី​ផ្នែក​ខាងលើ​នៃ​ខ្សែទឹក ក្នុង​អំឡុងពេល​មាន​ទឹកជំនន់ ហើយ​នៅពេល​ទឹក​ចាប់ផ្ដើម​ស្រក​ចុះ​ទៅ​វិញ ស្រទាប់​ដី​ខាង​ក្រោម​នៃ​ច្រាំងទន្លេ​មាន​សភាព​ទន់ជ្រាយ​ខ្លាំង​ដោយសារ​ទឹក​ដែល​ដក់​នៅ​ស្រទាប់ដី​ខាង​លើ​បាន​ហូរ​ច្រោះ ពិសេស​ច្រាំងទន្លេ​ដែល​មាន​ស្ថានភាព​ចោត​ខ្ពស់​ខ្លាំង​។

លោក សាវុធ បញ្ជាក់ថា​៖ «​ការបាក់​ច្រាំងទន្លេ​មិន​បង្កឡើង​ពី​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ស្រប​ច្បាប់​នោះទេ​»​។ ជាមួយ​គ្នា​នេះ​លោក​បន្ត​ថា នៅពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ទីតាំង​ដែល​មាន​ករណី​បាក់​ច្រាំង​នេះ ដើម្បី​រៀបចំ​ផែនការ​ជួសជុល​កែលម្អ​ឡើងវិញ​នា​រដូវប្រាំង​ខាង​មុខ​នេះ​៕