កណ្តាលៈ ផ្នែកនៃរថភ្លើងដឹកទំនិញពីខេត្តព្រះសីហនុឆ្ពោះមករាជធានីភ្នំពេញបានធ្លាក់ផ្លូវកាលពីព្រឹកម្សិលមិញក្នុងស្រុកកណ្តាលស្ទឹងខណៈអ្នកជំនាញបានអំពាវនាវឲ្យមានការដាក់បទប្បញ្ញត្តិ និងតាមដានខ្លាំងជាងមុនទៅលើប្រព័ន្ធផ្លូវដែកនេះ។
គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ៥ ព្រឹកនៅពេលផ្នែកនៃរថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railways បានធ្លាក់ផ្លូវខណៈកំពុងឆ្លងកាត់ឃុំត្បែង។ មិនមានអ្នករងរបួសទេនៅក្នុងឧប្បត្តិហេតុនេះ។
លោក John Guiry អគ្គនាយកនៃក្រុមហ៊ុន Royal Railways បានថ្លែងថាក្រុមហ៊ុននៅកំពុងស៊ើបអង្កេតអំពីមូលហេតុនៃគ្រោះថ្នាក់នេះ។
ក្រុមហ៊ុន Royal Railways គឺជាក្រុមហ៊ុនតែមួយដែលទទួលបានសម្បទានសម្រាប់ខ្សែរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុដោយប្រតិបត្តិការរថភ្លើងដឹកទំនិញដូចជាធ្យូងថ្ម ប្រេង និងថ្មព្រមទំាងសេវាដឹកអ្នកដំណើររវាងទីក្រុងទាំងពីរ។
បន្ទាប់ពីដំណើរការសាកល្បងក្នុងអំឡុងចូលឆ្នាំខ្មែរក្រុមហ៊ុន Royal មានរថភ្លើងដឹកអ្នកដំណើរពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍ និងនៅថ្ងៃបុណ្យជាតិសំខាន់ៗ។
នាយប៉ុស្តិ៍ឃុំត្បែង លោក ប៊ុត សុគន្ធា ថ្លែងថាបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Royal Railways បានប្រាប់លោកថាផ្លូវនោះផុងគឺដោយសារដីទន់នៅកន្លែងឆ្លងកាត់នោះ។ «ផ្នែកខាងមុខនៃរថភ្លើងបានឆ្លងផុតគ្មានបញ្ហាប៉ុន្តែនៅពេលផ្នែកកណ្តាលឆ្លងកាត់វាធ្លាក់»។
ការធ្លាក់ផ្លូវកាលពីម្សិលមិញមិនមែនជាគ្រោះថ្នាក់លើកទីមួយទេខណៈគ្រោះថ្នាក់ដទៃៗបានកើតឡើងដូចជាការបុកគ្នាជាមួយរថយន្ត។ កាលពីខែមិថុនារថយន្តដឹកស៊ីម៉ងត៍បានបុករថភ្លើងនៅក្នុងខេត្តកំពតនៅពេលអ្នកបើកបរប៉ុនប៉ងឆ្លងកាត់ផ្លូវរថភ្លើង។ ជាងនេះផងដែររថយន្តពីរបានបុករថភ្លើងដដែលនៅក្នុងឧប្បត្ដិហេតុពីរផ្សេងគ្នាកាលពីខែកញ្ញា។
លោក ហូ វណ្ឌី អគ្គលេខាធិការនៃសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាថ្លែងថាវាជាសំណាងល្អដែលគ្រោះថ្នាក់នេះមិនមែនជាគ្រោះថ្នាក់នៃរថភ្លើងដឹកអ្នកដំណើរបើមិនដូច្នោះទេវានឹងប៉ះពាល់យ៉ាងខ្លាំងទៅលើទំនុកចិត្តរបស់អ្នកធ្វើដំណើរនៅក្នុងសេវានេះ។
លោកថា ភាគីពាក់ព័ន្ធទាំងបីរួមមានក្រសួងសាធារណការក្រុមហ៊ុន Royal Railways និងអាជ្ញាធរមូលដ្ឋាននៅតែត្រូវធានានូវស្តង់ដារសុវត្ថិភាពប្រសិនបើពួកគេចង់បន្តទាក់ទាញអ្នកទេសចរ។ «នេះជាព័ត៌មានអាក្រក់ដែលអាចប៉ះពាល់ប្រតិបត្តិការនាពេលអនាគត»៕ PS