ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រាប់​ទៅ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ឱ្យ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​តាម​ទូរស័ព្ទដៃ​ក្នុង​កម្មវិធី​ «GDT Taxpayer App» ​ដោយ​មិនចាំបាច់​មក​ដោយផ្ទាល់ ដោយសារ​ថា ការបង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​តាម​កម្មវិធី​ទូរស័ព្ទដៃ​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល និង​តម្លាភាព​ក្នុង​ការប្រមូល​ពន្ធ​។

សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ១១ មីនា ថា ក្នុង​បរិបទ​នៃ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​ពន្ធដារ ស្របតាម​គោលនយោបាយ​កែទម្រង់​របស់​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​អភិវឌ្ឍ​មុខងារ សម្រាប់​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​តាម​កម្មវិធី​ថ្មី​ក្នុង​ទូរស័ព្ទដៃ​។

សេចក្តី​ជូនដំណឹង​នេះ​អះអាង​ថា ការអភិវឌ្ឍ​មុខងារ​ថ្មី គឺ​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព និង​តម្លាភាព​លើ​ការគ្រប់គ្រង​ការប្រមូល​ចំណូល​ក៏​ដូចជា​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ហើយ​ឆាប់រហ័ស​ជូន​ដល់​ម្ចាស់​អចលនទ្រព្យ​ដោយ​មិនចាំបាច់​ទៅ​បង់ប្រាក់​ពន្ធ​នៅ​តាម​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ​ណាមួយ​នោះទេ​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖ «​កម្មវិធី​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ម្ចាស់​អចលនទ្រព្យ ជា​អ្នក​ជាប់ពន្ធ​ក្នុង​ការពិនិត្យមើល​ព័ត៌មាន​ស្តីពី​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី និង​បានធ្វើ​បច្ចុប្បន្នភាព​រួចរាល់​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង ទិន្នន័យ​អចលនទ្រព្យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។ បង់ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ​របស់ខ្លួន​ដោយ​មិនចាំបាច់​បំពេញ​ព័ត៌មាន​ក្នុង​ទម្រង់​លិខិត​ប្រកាស​ពន្ធ​»​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បន្ថែមថា​៖ «​វា​ក៏​ចំណេញ​ពេលវេលា ហើយ​មិនចាំបាច់​ទៅកាន់​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ​ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​បង្កាន់ដៃ​បញ្ជាក់​ការបង់ប្រាក់​ពន្ធ​។ ទទួលបាន​នូវ​សេចក្តី​ជូន​ដំណឹង​ផ្សេងៗ​ [​តាម​ប្រព័ន្ធ​នេះ​] ​ដូចជា​កាលបរិច្ឆេទ​នៃ​ការប្រកាស​បង់ពន្ធ កាលបរិច្ឆេទ​នៃ​ការផុតកំណត់​ការបង់ប្រាក់​ពន្ធ ការប្រកាស​បង់ប្រាក់​ពន្ធ​ខ្លះ ក្នុង​ការិយបរិច្ឆេទ​ជាប់ពន្ធ​ណាមួយ និង​សេចក្តី​ជូន​ដំណឹង​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​ប្រភេទ​ពន្ធ​នេះ​»​។

លោក​ គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ណែនាំ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដែរ​ថា​ ដើម្បី​អាច​ប្រើប្រាស់​កម្មវិធី​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​តាម​ទូរស័ព្ទ​នេះ​ម្ចាស់​អចលនទ្រព្យ​អាច​ទាញយក និង​ដំឡើង​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដោយផ្ទាល់ ដោយ​វាយ​ពាក្យ GDT Taxpayer App​។

បើតាម​លោក​ វិបុល បន្ទាប់ពី​ដំឡើង​កម្មវិធី​នេះហើយ ម្ចាស់​អចលនទ្រព្យ​ថ្មី​ត្រូវ​បង្កើត​គណនី​ប្រើប្រាស់ ដោយ​ភ្ជាប់​ជាមួយ​លេខ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន ឬ​សារអេឡិចត្រូនិក ឬ​លេខ​ទូរស័ព្ទ ឬ​លេខ​អត្តសញ្ញាណកម្ម​ពន្ធ​រូបវន្តបុគ្គល​ណាមួយ​ក៏បាន និង​ពាក្យ​សម្ងាត់ ដើម្បី​ចូល​ប្រើប្រាស់​កម្មវិធី​។

លោក​បញ្ជាក់ថា​៖ «​ម្ចាស់​អចលនទ្រព្យ​ត្រូវ​បញ្ចូល​ព័ត៌មាន​អចលនទ្រព្យ​របស់ខ្លួន​ដោយ​ប្រើប្រាស់​លេខ​អត្តសញ្ញាណកម្ម​អចលនទ្រព្យ​នោះ និង​លេខ​ទូរស័ព្ទ​របស់​ម្ចាស់​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី ឬ​បច្ចុប្បន្នភាព​ព័ត៌មាន​ក្នុង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អចលនទ្រព្យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ម្ចាស់​អចលនទ្រព្យ​អាច​ធ្វើការ​បង់ប្រាក់​តាម​អនឡាញ​តាមរយៈ​ធនាគារ​ពាណិជ្ជ​ជា​ដៃគូ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​»​។

បន្ថែម​ពីនេះ​លោក​ គង់ វិបុល សង្កត់ធ្ងន់​ថា កម្មវិធី​នេះ​អាច​ប្រើប្រាស់​សម្រាប់តែ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​រួចរាល់​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អចលនទ្រព្យ​របស់​អគ្គនាយក​ពន្ធដារ​តែប៉ុណ្ណោះ​។ ក្នុងករណី​មិនអាច​ចូល​ប្រើប្រាស់​បាន​ម្ចាស់​អចលនទ្រព្យ​ត្រូវ​មក​ទទួល​ព័ត៌មាន​ ឬ​ធ្វើ​បច្ចុប្បន្នភាព​នៅ​តាម​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​សាខា​ពន្ធដារ ខេត្ត ខណ្ឌ ដែល​អចលនទ្រព្យ​ស្ថិតនៅ​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លើកឡើង​ថា ការដែល​ស្ថាប័ន​នេះ​បាន​វិវឌ្ឍ​ខ្លួន​ឱ្យ​មាន​ការបង់ប្រាក់​ពន្ធ​ធ្វើឡើង​តាមរយៈ​អនឡាញ គឺជា​រឿង​មួយ​ដែល​ប្រសើរ ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​កំពុង​ប្រឈម​ខ្លាំង​នឹង​ការធ្វើ​ដំណើរ​ដោយសារ​ជំងឺ​កូវីដ​១៩​។

ទោះយ៉ាងណា​លោក​ចង់ឃើញ​ឱ្យមាន​ការបង់ពន្ធ​បែបនេះ ដោយ​លោក​ស្នើថា​៖ «​យើង​ក៏​សំណូមពរ​ឱ្យមាន​នីតិវិធី​ក្នុង​ការចុះឈ្មោះ​ [​ចុះបញ្ជី​លើ​អចលនទ្រព្យ​] ហើយ​និង​ការបង់ពន្ធ​នេះ​ធ្វើ​ឡើង​ដំណាលគ្នា​។ តាម​ខ្ញុំ​ដឹង រហូតមក​ដល់​ពេលនេះ នីតិវិធី​នៃ​ការចុះបញ្ជី​លើ​អចលនទ្រព្យ​នេះ​គឺ​មិន​បើក​ច្រក​ឱ្យ​មាន​ការចុះបញ្ជី​តាម​អនឡាញ​ហើយ​ឬ​នៅទេ​? បើសិន​ជា​មិនទាន់ យើង​ចង់​ឱ្យ​ដំណើរការ​នៃ​ការចុះបញ្ជី​លើ​អចលនទ្រព្យ និង​ការបង់ពន្ធ​នេះ​ជា​ដំណើរការ​មួយ​ព្រម​គ្នា​»​។

បើតាម​លោក​ សន ជ័យ ការចង់​ឃើញ​យ៉ាង​ដូច្នេះ ដោយសារ​តែ​បច្ចុប្បន្ន​កំណើន​នៃ​ការចុះបញ្ជី​លើ​អចលនទ្រព្យ មាន​ការកើនឡើង​ខ្លាំង​។ ការចុះបញ្ជី​អចលនទ្រព្យ និង​ការបង់ពន្ធ​លើ​អចលនទ្រព្យ​ដំណើរការ​តាម​អនឡាញ​ទាំងអស់​ព្រម​គ្នា​នេះ​នឹង​ជួយ​ឱ្យ​ចំណេញ​ពេលវេលា និង​បង្ក​ភាពងាយស្រួល​ដល់​ពលរដ្ឋ​ដែល​អាច​ប្រើ​សេវា​នេះ​បាន ជាពិសេស​នៅពេល​ដែលមាន​ការរាតត្បាត​ដោយ​មេរោគ​កូវីដ​ ១៩៕