ព្រះវិហារៈ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​​បាន​ចាប់ផ្ដើម​ជួសជុល​ផ្លូវ​ដែល​​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់​កន្លងមក​នេះ ខណៈ​ខេត្ត​​ផ្សេង​មន្ត្រី​កំពុង​ចុះ​ស្រាវជ្រាវ​ពី​ផលប៉ះពាល់ ស្រប​ពេល​ដែល​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ទើបតែ​បង្ហាញ​ផ្នែក​មួយ​ចំនួន​នៃ​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នេះ​។

លោក សំ លាងទ្រី ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទឹកជំនន់​នៅ​ឆ្នាំ​នេះ​បាន​បង្ក​ការខូចខាត​ផ្លូវ​ក្នុង​ខេត្ត​នេះ​ប្រវែង​ ៨ ​គីឡូម៉ែត្រ​។ ក្នុងនោះ​រួមមាន​ផ្លូវជាតិ​លេខ​ ៩,​ផ្លូវជាតិ​លេខ​ ៩៥ និង​ផ្លូវលំ​មួយ​ចំនួន​ទៀត​នៅក្នុង​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំក្សាន្ត​។

លោក​បាន​បន្តថា​ កំណាត់​ផ្លូវ​ដែល​ខូចខាត​មាន​កន្លែង​ខ្លះ​ទំហំ​ធំ កន្លែង​ខ្លះ​តូច ប៉ុន្តែ​បើ​សិន​មិន​ជួសជុល​ឡើងវិញ​ភ្លាមៗ​ទេ វា​​នឹង​រីក​ធំ​ជាង​នេះ ហើយ​នឹង​បង្ក​ការលំបាក​កាន់តែ​ខ្លាំង​ឡើងដល់​ការធ្វើ​ដំណើរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពេល​​នេះ​ទឹក​បាន​ស្រក​ទៅ​វិញ​អស់ហើយ​។ ដូច្នេះ​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ និង​ការធ្វើ​ដំណើរ​ក្រុម​ការងារ​នៃ​មន្ទីរ​សាធារណការ​យើង បាន​ចុះ​ជួសជុល​ផ្លូវ​ទាំងនោះ​ឡើងវិញ​ ៣ ​ថ្ងៃ​កន្លងមក​នេះ​សម្រេច​បាន​ជាង​ ៣០ ​ភាគរយ​ហើយ​»​។

តាម​ទិន្នន័យ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គ្រោះទឹកជំនន់​ទន្លេ​​មេគង្គ​បាន​បង្ក​ផលប៉ះពាល់​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​ (​ផ្លូវ​កៅស៊ូ​) រួមទាំង​ផ្លូវ​ជនបទ​ (​ផ្លូវ​បេតុង​,​ផ្លូវ​ក្រួស​ក្រហ​ និង​ផ្លូវដី​) ​សរុប​ប្រវែង​ ១០០២ ​គីឡូម៉ែត្រ​។ ក្នុង​នោះ​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​មាន​ប្រវែង​ ៧៤ ​គីឡូម៉ែត្រ និង​ផ្លូវ​ជនបទ​ប្រវែង​ ៩២៦ ​គីឡូម៉ែត្រ​។

ទោះ​ជា​យ៉ាងណា​លោក កែវ វី ​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទិន្នន័យ​ខាងលើ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​នៅក្នុង​ឆ្នាំនេះ​ប៉ុណ្ណោះ​។

លោក​បាន​ឲ្យ​ដឹងថា ជំនន់​ទន្លេមេគង្គ​ និង​ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ​នេះ​បាន​បង្ក​ឲ្យ​ស្លាប់​​មនុស្ស​យ៉ាងតិច​ ២០ ​នាក់ និង​ ១១ ​នាក់​ទៀត​រងរបួស​។ រីឯ​ដំណាំ​ស្រូវ​ខូចខាត​ជាង​ ១៣-០០០ ​ហិកតា និង​ដំណាំ​រួមផ្សំ​​ជាច្រើន​ពាន់​ហិកតា​ទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​យ៉ាង​​ណាក៏ដោយ ទំហំ​នៃ​ការ​ខូចខាត​ជា​រួម​នៅ​មិនទាន់​មាន​ការវាយតម្លៃ​នៅឡើយ​ទេ ដោយសារ​នៅ​តំបន់​មួយ​ចំនួន​ទឹក​ទើបតែ​ចាប់ផ្ដើម​ស្រក​»​។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ពេលនេះ​មន្ត្រី​ជំនាញ​កំពុង​ចុះ​ស្រាវជ្រាវ​ពី​ផលប៉ះពាល់​ផ្លូវ​ដោយ​ទឹកជំនន់​ផង​ និង​កំពុង​ចុះ​យុទ្ធនាការ​ជួសជុល​​កែលម្អ​ផ្លូវជាតិ​សំខាន់ៗ​ផង​។

លោក​ថា​៖ «​ពេលនេះ​មន្ត្រី​ជំនាញ​យើង​នៅ​មិនទាន់​បញ្ចប់​ការចុះ​សិក្សា​វាយតម្លៃ​ផលប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​បង្ក​ឡើង​ដោយ​ទឹកជំនន់​នៅឡើយ​ទេ ដោយសារ​ខេត្ត​មួយ​ចំនួន​ទឹក​មិនទាន់​ស្រក​អស់​»​។

ប៉ុន្តែ​លោក​ថា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មន្ត្រី​ជំនាញ​នៃ​​មន្ទី​សាធារណការ​ និង​ដឹកជញ្ជូន​​ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចាប់ផ្ដើម​ចុះ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​នោះ​ជា​​បណ្ដើរៗ​ហើយ​៕