ភ្នំពេញៈ អាជ្ញាធរ​ប្រកាស​បិទផ្លូវ​ចំនួន​ ១៣ ​ខ្សែ​ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ហាម​ម៉ូតូ រ៉ឺម៉ក ឬ​រថយន្ត បើក​ចេញចូល​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​នា​សប្តាហ៍​ក្រោយនេះ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ជួយ​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការដើរ​ចូល​ទៅ​ទស្សនា​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ក៏ដូចជា​ពិធី​ប្រណាំងទូក​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ចុង​សប្តាហ៍​ប្រកាស​ថា​ទាក់ទង​ទៅនឹង​ទីតាំង​ដែល​ត្រូវ​បិទ​មិនឱ្យ​ម៉ូតូ រ៉ឺម៉ក ឬ​រថយន្ត​បើក​ចេញចូល​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក អាជ្ញាធរ​នឹង​បិទផ្លូវ​ចំនួន ​១៣ ​ខ្សែ​ដែល​មាន​ផ្លូវ ២៩៤ កែង​ផ្លូវ​នរោត្តម​ ផ្លូវ​សុរា​ម្រឹត​កែង​នាគ​បាញ់ទឹក ផ្លូវ ២៤០ កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ ផ្លូវ​ ២៤០ កែង​ផ្លូវ​សុធារស និង​ផ្លូវ​ប៉ាស្ទ័រ​ ៥១ កែង​វត្តលង្កា និង​ផ្លូវ​ ២៤០ កែង​ផ្លូវប៉ាស្ទ័រ​ ៥១ ។

បន្ថែម​ពីនេះ​ផ្លូវ​ ២២២ កែង​ផ្លូវ​ប៉ាស្ទ័រ ៥១ និង​ផ្លូវ ១៨៤ កែង​ផ្លូវ​នរោត្តម ផ្លូវ​២៤០ កែង​ផ្លូវ​នរោត្តម រោងកុន​លុច្យ​កែង​ផ្លូវ​នរោត្តម និង​ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​វត្ត​បទុម រួមទាំង​ផ្លូវ​លេខ​ ១៩ កែង​ផ្លូវ​លេខ​ ១៣ ​និង​ផ្លូវ ​១៩ កែង​ផ្លូវ​ ១៨៤ ក៏​ត្រូវ​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ផងដែរ​។

សេចក្តី​ជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​គោរព​តាម​សេចក្តី​ណែនាំ​នេះ ដើម្បី​ងាយស្រួល​ដល់​កម្លាំង​សមត្ថកិច្ច​ក្នុង​ការអនុវត្ត​ការងារ​របស់​ខ្លួន ជាពិសេស​ដើម្បី​កុំឱ្យ​មាន​ការកកស្ទះ និង​ងាយស្រួល​ដល់​អ្នក​ថ្មើរជើង​ ដើម្បី​ដើរចូល​ទស្សនា​កម្មវិធី​កម្សាន្ត​នានា​»​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អាជ្ញាធរ​នឹង​បិទ​ចរាចរណ៍​ជាប់​គ្នា​រយៈពេល​ ៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​ ១២​។ ក្នុងនោះ​តំបន់​ជាយក្រុង​មួយចំនួន​ក៏​នឹងត្រូវ​បិទ​ហាម​ធ្វើចរាចរណ៍​ផងដែរ គឺ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ដើម្បី​ហាម​ឡានធំៗ​ចូល​ក្រុង​។

លោក​បន្តថា​៖ «​គោលដៅ​ខ្លះ​យើង​បិទ​ពេល​ថ្ងៃ ចំណែក​គោលដៅ​ខ្លះ យើង​បិទ​រហូត​ដល់​យប់​ជា​អចិន្រៃ្តយ៍​តែម្តង​រហូត​ដល់​ចប់​កម្មវិធី​បុណ្យអុំទូក​។ កន្លែង​ដែល​បិទ​នេះ​គឺ​ឲ្យ​តែ​អ្នក​ថ្មើរជើង​ដើរ​ទេ ចំណែក​ម៉ូតូ ឡាន​អី គឺ​ហាមឃាត់​មិនឱ្យ​ចូល​»​។

លោក ស ថេត ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​នៅក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​នឹង​ប្រើប្រាស់​កងកម្លាំង​ចម្រុះ​រាប់ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​។ ជាពិសេស​ការពារ​កុំឱ្យ​កើតមាន​នូវ​បាតុភាព​ផ្សេងៗ ខណៈ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ដែល​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ហូប​អំបុក​ជុំគ្នា​នោះ​គឺ​នឹងមាន​ការដាក់​ពង្រាយ​កម្លាំង​ជាង​ ៩០០ ​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ទោះ​ប្រើប្រាស់​កម្លាំង​ច្រើន តែ​សូម​កុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​ការភ័យខ្លាច​ពេល​ចូលមក​ទស្សនា​បុណ្យ​នេះ​ឲ្យ​សោះ​។ សូមឱ្យ​គាត់​ចូលរួម​ក្នុង​ការគោរព​ច្បាប់​នានា ហើយ​ឲ្យ​មាន​អ្នកចូលរួម​មក​ទស្សនា​ពិធីបុណ្យ​អុំទូក​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។ បើសិន​ជា​ឃើញ​មាន​ក្រុម ឬ​មុខសញ្ញា​ដែល​គួរឱ្យ​សង្ស័យ សូម​ទាក់ទង​មក​សមត្ថកិច្ច​គ្រប់​ទីកន្លែង​ភ្លាមៗ​»​។

ជាមួយ​គ្នា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ប្រកាស​ដែរ​ថា ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១០-១១-១២ ខែ​វិច្ឆិកា​នេះ​អាជ្ញាធរ​រាជធានី សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​ប្រណាំងទូក​សាកល្បង​ក្នុង​ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​ ៨ វិច្ឆិកា​ចាប់ពី​ម៉ោង​ ១ ​រសៀល​នៅ​សួន​មាត់ទន្លេ​រហូត​ដល់​ក្បែរ​រូបសំណាក​តេជោមាស​។

បុណ្យអុំទូក​ជា​ពិធី​បុណ្យជាតិ​ធំ​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ជាតិ​ធំៗ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ដែល​កម្ពុជា​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​ខែ​វិច្ឆិកា​រយៈពេល​ ៣ ​ថ្ងៃ ដើម្បី​រំឭក​ដល់​គំរូ​វីរភាព​ដ៏អង់អាច​ក្លាហាន​របស់​កងទ័ព​ជើងទឹក​ខ្មែរ ដែល​បាន​រំដោះទឹកដី​រួចផុត​ពី​ការជិះជាន់​របស់​ពួក​ខ្មាំងសត្រូវ ។

លោក​ ឈិន កេតនា អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​អះអាងថា លោក​ជាប់រវល់​៕