ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ផ្លូវជាតិ​លេខ​ ៣ ​នឹងត្រូវ​សាងសង់​បញ្ចប់​មុន​គម្រោង​ប្រមាណ​ ១ ​ឆ្នាំ ខណៈ​រហូត​មកទល់​ពេល​នេះ​ការសាងសង់​សម្រេចបាន​ ៩០ ​ភាគរយ​នៃ​បណ្ដោយ​ផ្លូវ​ដែលមាន​ចម្ងាយ​ ១៣៤ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​ខេត្តកំពត​។

នៅក្នុង​ដំណើរ​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​លេខ​ ៣ នៅ​ថ្ងៃទី​ ៤ មករា ឆ្នាំ ២០២១ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ការងារ​នេះ​ចប់​ ១ ​ឆ្នាំមុន​តាម​ការគ្រោងទុក ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំក្រោយ​ឯណោះ ឆ្នាំ ២០២២»​។

លោក ចាន់ថុល ក៏បាន​ឱ្យដឹង​ផងដែរ​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាល​មកពី​ការបើកបរ និង​កាត់បន្ថយ​ការបំផ្លាញ​ផ្លូវថ្នល់​ដោយ​ការដឹកលើស​ទម្ងន់​កំណត់ ក្រសួង​គ្រោង​នឹង​បង្កប់​ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​នៅក្រោម​ដី​ចំនួន​ ២ ​កន្លែង​បន្ថែម​ទីតាំង​ជញ្ជីង​ថ្លឹង និង​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​​ចំនួន​ ១១ ​កន្លែង​សម្រាប់​ត្រួត​ពិនិត្យ​ការបើកបរ​លើស​ល្បឿន​នៃ​ច្បាប់​កំណត់​។

លោក​បាន​ថ្លែងថា​៖ «​ការធ្វើ​យ៉ាង​ដូច្នេះ​គឺ​ដើម្បី​ត្រួតពិនិត្យ​លើ​រថយន្ត​ដែល​បើកបរ​ល្មើសច្បាប់​ក៏​ដូចជា​ដើម្បី​រក្សា​គុណភាព​ផ្លូវ​ឲ្យ​បានល្អ​»​។

លោក​បញ្ជាក់ថា​៖ «​ពី​ដើម ផ្លូវ​នេះ​គឺ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត គឺ​មាន​តែ​ម្ខាង​ទេ ដោយមាន​ម្ខាង​អត់​ម្ខាង​។ ដូច្នេះ​យើង​នឹង​សាងសង់​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំងអស់​សង​ខាង​ផ្លូវ​។ យើង​កំពុង​ពិភាក្សា​គ្នា ស្វែងរក​ថវិកា​ធ្វើការ ប៉ុន្តែ​មិនមែន​ថវិកា​របស់​គម្រោង​ទេ​។ យើង​បាន​ដាក់​សាកល្បង​ជញ្ជីង​ក្រោម​ដី​ចំនួន ២ ​កន្លែង​ដែល​វា​ជិត​នឹង​ដំណើរការ​ហើយ ដោយ​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​ផង​»​។

លោក​បន្ត​ថា ការដែល​គម្រោង​បាន​ចប់​មុន​ការគ្រោងទុក​យ៉ាង​ដូច្នេះ ដោយសារ​តែ​ក្រសួង​បាន​ជំរុញ​ឲ្យ​ការសាងសង់ ប្រព្រឹត្ត​ទៅ​ឲ្យ​បាន​លឿន ដើម្បី​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ផ្លូវ​នេះ​ឆាប់រហ័ស ថែម​ទាំង​ធានា​បាន​នូវ​គុណភាព​ផ្លូវ​នៅ​ល្អ​ដូច​ការព្រមព្រៀង បើទោះបី​ជា​ការសាងសង់​នឹង​បញ្ចប់​មុន​ផែនការ​ក៏ដោយ​។

ទិដ្ឋភាព​ផ្លូវជាតិ​លេខ​ ៣ ​ដែល​បាន​សាងសង់​រួច​ ៩០ ​ភាគរយ​។ រូបថត ក្រសួង​សាធារណការ

ការស្ថាបនា​ផ្លូវជាតិ​លេខ ៣ គឺមាន​ចម្ងាយ ១៣៤ គីឡូម៉ែត្រ​ដោយ​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ខេត្តកំពត ហើយ​ផ្លូវ​នេះ​មាន​ ៤ ​គន្លង​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជាង ២១៩ លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន និង​ត្រូវបាន​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​បច្ចេកទេស​សំណង់​ក្វាងចូវវ៉ានអាន ដែល​នឹង​ចំណាយ​រយៈពេល​សាងសង់ ៤៨ ​ខែ បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ៧ ខែ​ឧសភា ឆ្នាំ​ ២០១៨ ។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក គង់ សុវណ្ណ ជាទីប្រឹក្សា​ជំនាញ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី​ ២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បើ​ក្នុងករណី​ដែល​ការសាងសង់ បាន​មុន​ផែនការ​គ្រោងទុក​នោះ​គឺជា​រឿង​មួយ​ដែល​ត្រូវ​សាទរ ហើយ​រំពឹងថា ក្រុមបច្ចេកទេស​ក្រសួង​នឹង​ធ្វើការ​ត្រួតពិនិត្យ​​ឲ្យ​បាន​ហ្មត់ចត់ ពី​ ១ ​ដំណាក់កាល​ទៅ​ ១ ​ដំណាក់កាល ជុំវិញ​បញ្ហា​បច្ចេកទេស ស្តង់ដា​គុណភាព និង​បរិក្ខារ​សុវត្ថិភាព​ផ្លូវ​។

ការរៀបចំ​ដាក់​កាមេរ៉ា និង​ជញ្ជីងថ្លឹង​លើផ្លូវ​នេះ គឺ​ល្អ​ណាស់​ដោយ​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ថែមទៀត ព្រោះ​ថា ការដឹក​ទំនិញ​លើស​ទម្ងន់​នឹង​បង្កើត​ឱ្យ​មាន​ជង្ហុក​នៅលើ​ដងផ្លូវ គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​របួស និង​ស្លាប់​​ជីវិត​មនុស្ស​ស្លូតត្រង់​។

លោក​បញ្ជាក់ថា​៖ «​ប្រព័ន្ធ​បច្ចេកវិទ្យា​ជួយ​មនុស្ស​បាន​ច្រើន ហើយ​បើ​ការរៀបចំ​របស់​ក្រសួង វិវឌ្ឍន៍​ទៅរក​បែប​នោះ​គឺ​ជួយ​បាន​ច្រើនណាស់ ដោយ​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​យានយន្ត​ដែល​ឈ្មួញ​មួយចំនួន គាត់​នៅតែ​បន្ត​ដាក់​លើស​ទម្ងន់​។ បើកាលណា​លើស​ទម្ងន់ វា​ធ្វើឲ្យ​មិនមាន​លំនឹង​គ្រប់គ្រាន់ ងាយ​នឹង​បង្ក​គ្រោះថ្នាក់​។ យើង​ដឹង​ហើយ​ផ្លូវ​នីមួយៗ​មិនមែន​​រដ្ឋ​ចំណាយ​លុយ​អស់​តិច​ទេ បើ​ធ្វើឲ្យ​ខូច គឺ​ខាត​ថវិកា​ច្រើនណាស់​»៕