កែបៈ អាជ្ញាធរខេត្ត​កែប​បាន​អះអាងថា គម្រោង​កសាង​ផ្លូវ​ជាប់មាត់​សមុទ្រ ៧ ​គីឡូម៉ែត្រ​ក្នុង​ខេត្ត​នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ ២០២០ ​នេះ​ហើយ​ការអភិវឌ្ឍ​នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត ខណៈ​ខេត្ត​នេះ​មាន​គម្រោង​ពង្រីក​​ឆ្នេរសមុទ្រ​ឲ្យ​បាន​ច្រើន​កន្លែង ដើម្បី​បង្វែរ​ការ​មកលេង​កម្សាន្ត​កន្លែង​តែមួយ​។

លោក កែន សត្ថា អភិបាលខេត្ត​កែប​បាន​ថ្លែង​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គារ​ថា គម្រោង​ថ្នាក់​ខេត្ត​ដែល​បាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កំពុង​កសាង​ផ្លូវ​ជាប់មាត់​សមុទ្រ​ ១ ​ខ្សែ​ដែល​អាច​តភ្ជាប់​ជាមួយ​បណ្តា​ខេត្ត​ដទៃទៀត​នៅ​ជាប់​មាត់សមុទ្រ ហើយ​ផ្លូវ​នេះ​ក៏​នឹង​ភ្ជាប់​ពី​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​វៀតណាម​ផងដែរ​។

លោក សត្ថា បាន​ថ្លែងថា រដ្ឋបាល​ខេត្ត​កែប​នឹង​បញ្ចប់​ការសាងសង់​ផ្លូវ​ប្រវែង ៧ គីឡូម៉ែត្រ​សិន​នៅ​តាម​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​កែប​នៅ​ឆ្នាំ​ ២០២០ ដោយ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល ខណៈ​គម្រោង​នេះ​សម្រេច​បាន ៤០ ​ភាគរយ​ហើយ​។ ចំពោះ​គម្រោង​បន្ត​ពី​គម្រោង​សាងសង់​ផ្លូវ ៧ គីឡូម៉ែត្រ​នេះ​លោក​រំពឹងថា ធនាគារ ADB នឹង​ផ្តល់​ការគាំទ្រ​បន្ត ដើម្បី​ធ្វើឲ្យ​ការសាងសង់​ផ្លូវ​តាម​បណ្តាយ​មាត់សមុទ្រ​នេះ​អាច​ទទួល​ជោគជ័យ​ក្នុង​ពេល​ឆាប់ៗ​។

លោក​បញ្ជាក់ថា​៖ «​ផ្លូវ​នេះ យើង​ចាក់​បេតុង គ្រឹះ​វា​សិន​ដែល​យើង​អាច​សម្រេច​ ១ ​កំណាត់​សិន​ក្នុង​ឆ្នាំ​នេះ យើង​អាច​ធ្វើបាន ៧ ​គីឡូម៉ែត្រ ហើយ​បន្ត​ពីនេះ​ទៅ យើង​បន្ត​សហការ​ជាមួយ ADB ជាមួយ​ក្រសួង​សាធារណការ​នឹង​បន្ត​ពី​គម្រោងការ​របស់​ខេត្ត​នេះ​អាច​បន្ត​ឆ្ពោះទៅ​ព្រំដែន កាត់​តាម​ខេត្តកំពត​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែកចាក​នេះ​»​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​កំពុងតែ​ធ្វើ​ផ្លូវ​ដែល​គំនិត​ផ្តួចផ្តើម​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​យើង​ធ្វើ​ផ្លូវ​តាម​ប្រប​មាត់សមុទ្រ​ដែល​យើង​បាន​ចាក់​ជា​ផ្លូវ​បេតុង​ទទឹង ១៨ ម៉ែត្រ​ចេញទៅ​ឆ្នេរ​កោន​តែម្តង ហើយ​ចេញ​ពី​ឆ្នេរ​កោន​នេះ បុក​ទៅ​ភ្ជាប់​ជាមួយ​ច្រកព្រំដែន​ព្រែកចាក​របស់​យើង ទៅ​ដល់​ប្រទេស​វៀតណាម​តែម្តង​។

លោក​អះអាង​ថា ការអភិវឌ្ឍ​ផ្លូវ​ជាប់មាត់​សមុទ្រ​នេះ​គឺ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មកលេង​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ជាពិសេស​គឺ​ខេត្ត​កែប​ដែល​រដ្ឋាភិបាល បាន​ប្រសិទ្ធ​នាម​ឲ្យ​ថា ជា​តំបន់​ទេសចរណ៍ធម្មជាតិ​កម្រិត​ខ្ពស់​នៅក្នុង​តំបន់​។

លោក​បាន​បន្តថា​៖ «​នេះ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​តំបន់ឆ្នេរ ហើយ​ផ្លូវ​នេះ​ក៏​មាន​ភ្ជាប់​ជាមួយ​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំងអស់​រហូត​ដល់​ព្រំដែន​ថៃ​ភាគខាងត្បូង​។ យើង​មាន​ផែនការ​មួយទៀត​ថា ទេសចរណ៍​សមុទ្រ​នេះ​ទៅ​ថ្ងៃ​ខាង​មុខ​នេះ​ជាមួយ​វៀតណាម កម្ពុជា ថៃ ​ហើយ​ថា​ទេសចរណ៍​តាមផ្លូវ​ទឹក​ដែល​យើង​អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា ដែល​ចេញ​ពី​ខេត្ត​​ព្រះសីហនុ ទៅ​ខេត្តកំពត និង​ខេត្ត​កែប​»​។

លោក កែន សត្ថា ថ្លែង​នៅក្នុង​សន្នសីទ​ម្សិលមិញ​។ រូបថត ហុង មិនា

លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា នៅក្នុង​ខេត្ត​កែប រដ្ឋាភិបាល​មាន​គម្រោង​ធ្វើ​ផ្លូវ​ជាប់មាត់​សមុទ្រ​ប្រវែង​ជាង ១៤ គីឡូម៉ែត្រ ហើយ​ក្នុង​នោះ​ក្រុម​ការងារ​បច្ចេកទេស​បាន​បុកគ្រឹះ និង​ចាក់​ជា​ខឿន​នៅ​តាម​មាត់សមុទ្រ​បាន​ជិត​ ៩ ​គីឡូម៉ែត្រ​ដែល​ជា​គម្រោង​សហការ​ថ្នាក់ជាតិ ប៉ុន្តែ​គម្រោង​នេះ​មិន​ទាន់​ចេញ​ជា​ផ្លូវ​អាច​ធ្វើ​ដំណើរ​បាន​នោះទេ​។

លោក​បន្តថា ចំណែក​ផ្លូវ​ដែល​សាងសង់​ប្រវែង​ ៧ ​គីឡូម៉ែត្រ​ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​នេះ​គឺជា​គម្រោង​ថ្នាក់​ខេត្ត ដែល​អាច​ឲ្យ​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​បាន​។

លោក​បញ្ជាក់ថា​៖ «​ជាង ១៤ គីឡូ ប៉ុន្តែ​យើង​បាន​ធ្វើ​គ្រឹះ​បុក​ជា​តួ​ថ្ម​ហ្នឹង ១២៥ ​ម៉ែត្រ​ពី​មាត់សមុទ្រ​ធ្វើ​ជា​គ្រឹះ ជា​តួ​ផ្លូវ​សិន ហើយ​ឯកឧត្តម​អភិបាលខេត្ត មាន​ប្រសាសន៍​នេះ គឺ​ការងារ​ចាក់​បេតុង​ធ្វើ​ផ្លូវ​ដែល​ជា​កញ្ចប់​ថ្នាក់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ វា​ជា​ផ្លូវ​ជាប់មាត់​សមុទ្រ​លើក​ទី ១ ដែល​មាន​នៅក្នុង​ខេត្ត ចាកចេញ​ពី​ផែ​កោះទន្សាយ​សសៀរ​ប្របៗ​មាត់សមុទ្រ​រហូត​ទៅដល់​ឆ្នេរ​កោន​»​។

យ៉ាងណា​លោក ម៉ម ទូច មិនបាន​បញ្ជាក់​ទេ​ថា គម្រោង​សាងសង់​ផ្លូវ​ជាប់មាត់​សមុទ្រ​ប្រមាណ ១៤ គីឡូម៉ែត្រ​នេះ​ចំណាយ​អស់​ទឹកប្រាក់​ប៉ុន្មាន ដោយ​គ្រាន់តែ​បញ្ជាក់​ថា ទឹកប្រាក់​នៃ​ការសាងសង់​នេះ​មាន​មកពី​ប្រភព​ ២ គឺ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​៕