សៀមរាបៈ រាជរដ្ឋាភិបាល​កំពុង​ស្វែងរក​ប្រភព​ថវិកា ដើម្បី​រៀបចំ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​ ៣៨ ​ខ្សែ​ ក្នុង​ក្រុង​សៀមរាប​ឡើងវិញ​ឱ្យ​ដូច​ទៅនឹង​ក្រុងព្រះសីហនុ​ដែល​ទើប​បាន​ធ្វើ​ផ្លូវ​រួច​ដើម្បី​លើកស្ទួយ​មុខមាត់​ប្រទេស​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​ និង​ទាក់ទាញ​ភ្ញៀវទេសចរ​។

នេះ​បើ​យោង​តាម​ការលើកឡើង​របស់​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ពេល​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​លោក​ ទៀ សីហា អភិបាលខេត្ត​សៀមរាប​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការសិក្សា គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ២៧ ខែ មិថុនា ឆ្នាំ​ ២០២០​។

លោក​ ស៊ុន ចាន់ថុល បាន​ថ្លែង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ដល់ពេល​ដែល​ត្រូវ​សិក្សា​រៀបចំ​ផែនការ​មេ ដើម្បី​ធ្វើការ​ជួសជុល និង​កែលម្អ​ឡើងវិញ​ដូច​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ​ឱ្យ​ស័ក្តិសម​ជា​ទីក្រុង​ទេសចរណ៍ ដើម្បី​លើកស្ទួយ​មុខមាត់​ប្រទេស​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​តាមរយៈ​ភ្ញៀវទេសចរ​អន្តរជាតិ​។

លោក​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កំពុង​សិក្សា​ស្វែងរក​ប្រភព​ថវិកា ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ​នេះ​។ ខេត្តសៀមរាប​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់​មួយ​របស់​កម្ពុជា និង​ជា​តំបន់​តភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​បាត់ដំបង-សៀមរាប​»​។

លោក​បន្ដថា គម្រោង​ផ្លូវ​មេ​ចំនួន​ ៣៨ ​ខ្សែ ​សរុប​ប្រវែង​ប្រមាណ ៩៨,៣៤ ​គីឡូម៉ែត្រ​ក្នុង​នោះ​រួមមាន​ផ្លូវ​ ២ ​គន្លង​មាន​ប្រវែង​ប្រមាណ​ ៤៤ ​គីឡូម៉ែត្រ និង​ផ្លូវ​ ៤ ​គន្លង​មាន​ប្រវែង​ប្រមាណ​ ៥៤ ​គីឡូម៉ែត្រ​។ លាតសន្ធឹង​ក្នុង​សង្កាត់​ទាំង​ ១២ របស់​ក្រុង​សៀមរាប​ និង​មួយផ្នែក​ស្ថិត​នៅ​ស្រុក​បាគង​ក្នុង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​សៀមរាប​។

រដ្ឋមន្ត្រី​រូបនេះ​លើក​ឡើង​ថា បច្ចុប្បន្ន​គម្រោង​ដែល​ក្រសួង​កំពុង​ជួសជុល កែលម្អ​ឡើងវិញ​ក្នុង​ក្រុង​សៀមរាប​រួមមាន គម្រោង ផ្លូវ​វាងក្រុង ផ្លូវ​ខេត្ត​លេខ​ 2SR3 ប្រវែង​ ១៤,៩៥ ​គីឡូម៉ែត្រ​បំបែក​ពី​ផ្លូវជាតិ​លេខ​ ៦ ត្រង់​គីឡូម៉ែត្រ​លេខ​ ៣០៨+៨៣០ ​ដល់​គីឡូម៉ែត្រ​ ៣១៩+៦០០ ក្រាល​កៅស៊ូ DBST និង​ផ្លូវ​ខ្នារ​ចាស់​ (​វិថី​សម្តេច​ ជា ស៊ីម​) ​ប្រវែង​ ៤,៦០ ​គីឡូម៉ែត្រ​បន្ត​ពី​ផ្លូវ​ ៧ មករា ចាប់ពី​ផ្លូវ​លេខ 2SR3 ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ខេត្ត​លេខ 265F ជាដើម​។

អភិបាលខេត្ត​សៀមរាប​លោក​ ទៀ សីហា ថ្លែង​ថា​គម្រោង​រៀបចំ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​ ជា​បណ្តុំ​បណ្ដាញ​ផ្លូវ​មេ​យ៉ាង​ប្រទាក់ក្រឡា​ក្នុង​ក្រុង​សៀមរាប​។ ផ្លូវ​ទាំងនេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពលរដ្ឋ​ក៏​ដូចជា​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប កាត់បន្ថយ​ពេលវេលា​ក្នុង​ការដឹកជញ្ជូន និង​ចរាចរ​ទំនិញ​គ្រប់​ប្រភេទ​។ កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​លើកកម្ពស់​សោភណភាព​ទីក្រុង​សៀមរាប​ឱ្យ​ស័ក្តិសម​ជា​ទីក្រុង​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ខេត្ត​សៀមរាប​គឺជា​ខេត្ត​ទេសចរណ៍​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាច្រើន​ត្រូវ​ធ្វើ​ការជួសជុល និង កែលម្អ​ឡើងវិញ​។ គម្រោង​ខ្សែផ្លូវ​មេ​ទាំង​ ៣៨ ​ខ្សែ​ដែល​បាន​សិក្សា​នេះ គឺជា​សរសៃឈាម និង​ជា​បេះដូង​របស់​ខេត្ត ដើម្បី​កំណើន​សេដ្ឋកិច្ច ទេសចរណ៍ និង​សោភណភាព​របស់​ខេត្ត​»​។

លោក​ ហ៊ាង សុទ្ធាយុត្ដ អ្នកនាំពាក្យ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា បច្ចុប្បន្ន​នេះ​ក្រសួង​សាធារណការ និង​រដ្ឋបាល​ខេត្តសៀមរាប​កំពុង​ពិភាក្សា​គ្នា​លើ​ផែនការមេ​នៃ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​ឡើងវិញ​។ លោក​ថា​ជំហាន​បន្ទាប់​នឹង​ស្នើ​គោលការណ៍​ទៅ​រដ្ឋាភិបាល​ដើម្បី​គិតគូរ​លើ​ការផ្ដល់​ថវិកា​ក្នុង​ការអនុវត្ដ​គម្រោង​តែម្ដង​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​កំពុង​សិក្សា​លើ​ប្លង់​មេ​។ ចំពោះ​ការងារ​បន្ទាប់​យើង​ត្រូវ​ពិភាក្សា​លើ​រឿង​ថវិកា​។ ដូច្នេះ​ក្រោយ​ការប្រជុំ​ពិភាក្សា​គ្នា យើង​ឃើញថា ផ្លូវ​មាន​ ៣៨ ​ខ្សែ​មាន​ប្រវែង​ជាង​ ៨៩ ​គីឡូម៉ែត្រ ដែល​ត្រូវ​ស្ថាបនា​ឡើង​វិញ ដើម្បី​ធ្វើឱ្យ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​នេះ​ស្អាត​»៕