
ទិដ្ឋភាពផ្សារដើមគរនៅថ្ងៃទី ១ បន្ទាប់ពីមានការផ្អាកជាបណ្តោះអាសន្ន រយៈពេលពេល ១៤ ថ្ងៃ។ ហ៊ាន រង្សី
ភ្នំពេញ-ខេត្តៈ ការផ្ទុះនូវការរីករាលដាលនៃវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈរយៈពេល ២ ខែមកនេះ រាជរដ្ឋាភិបាលរួមនឹងអាជ្ញាធរមូលដ្ឋានបានធ្វើការបិទខ្ទប់ បិទផ្អាកនូវផ្សារ អាជីវកម្ម ហើយនិងភូមិមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។
គិតមកដល់ពេលនេះផ្សារជាង ៣០ កន្លែងហើយត្រូវបានបិទផ្អាកក្នុងនោះមានទាំងផ្សារធំៗចំនួនពីរក្នុងរាជធានីភ្នំពេញក៏ត្រូវបានបិទផ្អាកបណ្តោះអាសន្នផងដែរ គឺផ្សារអូឡាំពិក និងផ្សារអូរឫស្សី។
លោក ធីម សំអាន អភិបាលខណ្ឌបឹងកេងកង បានថ្លែងឱ្យដឹងថា ផ្សារអូឡាំពិកបានបិទផ្អាកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ២១ ខែមេសានេះ។
លោកបានឱ្យដឹងថា ៖ «យើងបានសម្រេចផ្អាកបណ្តោះអាសន្ននូវមូលដ្ឋានផ្សារអូឡាំពិក សម្រាប់រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែមេសានេះ រហូតដល់ថ្ងៃទី ០៥ ខែឧសភា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់អាជីវករ អតិថិជន និងប្រជាពលរដ្ឋដែលចេញចូលក្នុងផ្សារនេះ»។
ជាមួយគ្នានេះ លោក ធីម សំអាន ក៏បានអំពាវនាវដល់អាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារនេះចាប់ពីថ្ងៃ ០៨ ខែមេសា ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ បើមានអាការៈសង្ស័យណាមួយត្រូវទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ នៅបរិវេណសាលមហោស្រពចេនឡា។
នៅថ្ងៃម្សិលមិញនេះដែរ អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ក៏បានផ្អាកជាបណ្តោះអាសន្នផ្សារពិភពថ្មីឈូកមាស ផ្សាររីករាយ និងអាជីវករទាំងអស់ដែលលក់ដូរនៅជុំវិញស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ និងសង្កាត់គោកឃ្លាងផងដែរ។
លោកថា ការផ្អាកនេះមានរយៈពេល ១៤ ថ្ងៃគឺពីថ្ងៃទី ២១ ខែមេសា ដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១។
នៅក្នុងខេត្តកំពង់ឆ្នាំង ទីតាំងចំនួន ៣ ក៏ត្រូវបានផ្អាកផងដែរ ក្នុងនោះមានវត្តទួលសន្ធាសត្ថារាម ផ្សារព្រៃខ្មែរ និងមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង ដែលទីតាំងទាំង ២ នេះស្ថិតក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ការបិទជាបណ្តោះអាសន្ននូវទីតាំង ៣ កន្លែងនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីរដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ម្នាក់នៅក្នុងឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ កាលពីថ្ងៃទី ១៩ ខែមេសា កន្លងមក។
នៅក្នុងខេត្តព្រះសីហនុ មកដល់ពេលនេះ ផ្សារចំនួន ១ បន្ថែមទៀតត្រូវបានបិទផ្អាកគឺផ្សារពាណិជ្ជកម្មស្ថិតក្នុងសង្កាត់លេខ ២ ក្រុងព្រះសីហនុ បន្ទាប់ពីផ្សារចំនួន ២ បានផ្អាកកាលពីថ្ងៃទី ២០ ខែមេសា។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ ទី ២២ ខែមេសា ថា សម្រាប់ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបិទខ្ទប់ មកដល់ពេលនេះមានភូមិចំនួន ២ គឺភូមិ ៣ (មួយផ្នែក) ក្នុងតំបន់ទំនប់រលក សង្កាត់លេខ ១ និង ភូមិភ្នំតូច ក្នុងឃុំបឹងតាព្រំ ស្រុកព្រៃនប់។
លោកបានប្រាប់ថា៖ «ចំណែកផ្សារ មកដល់ពេលនេះមានចំនួន ៣ ផ្សារដែលត្រូវបានរដ្ឋបាលខេត្តសម្រេចបិទផ្អាកបណ្តោះអាសន្នដែរ ដោយសារតែមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩»។
ចំណែកនៅខាងខេត្តព្រៃវែងវិញ អភិបាលខេត្តលោក ជា សុមេធី បានប្រកាសផ្អាកបណ្តោះអាសន្ននូវការចរាចរណ៍ចេញចូលក្នុងភូមិសាស្ត្រ ឃុំពោធិ៍ទី ក្នុងស្រុកស៊ីធរកណ្តាលចាប់ពីថ្ងៃទី ២១ ខែមេសាតទៅ។
លោក ជា សុមេធី ថ្លែងថា គិតមកទល់ពេលនេះ ស្រុកស៊ីធរកណ្តាល មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៥ នាក់ ហើយដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តកើនឡើងជាលំដាប់ និងដើម្បីកាត់ផ្តាច់នូវការចម្លងនេះបន្តទៀត រដ្ឋបាលខេត្តបានផ្អាកបណ្តោះអាសន្ននូវការ ចេញ-ចូល ក្នុងភូមិសាស្ត្រឃុំពោធិ៍ទីចាប់ពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ នេះតទៅ។
សម្រាប់ខេត្តបាត់ដំបងក៏មានការបិទខ្ទប់ផងដែរនូវភូមិខ្នាចរំពេរ ក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍លើកទី ៣ នេះ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ការបិទខ្ទប់នេះមានរយៈពេល ១៤ ថ្ងៃដោយគិតចាប់ពីថ្ងៃទី ២២ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងរាលដាលនៃជំងឺកូវីដ១៩នៅភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នេះ។
គួរបញ្ជាក់ផងដែរថា គិតសរុបមកដល់ពេលនេះ ផ្សារចំនួន ៣៥ ហើយ ដែលត្រូវបានបិទផ្អាកបណ្តោះអាសន្ន ដែលក្នុងនោះមាននៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងកំពង់ស្ពឺ។
សម្រាប់រាជធានីភ្នំពេញមានផ្សារចំនួន ១៤ គឺ មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី ផ្សារដើមគរ និងផ្សារបន្លែ ផ្សារចាស់ ផ្សារធំទួលសង្កែ ផ្សារបឹងត្របែកផ្លាហ្សា ផ្សារត្រពាំងថ្លឹង ផ្សារឯករាជ្យ១ ផ្សារទួលពង្រ ផ្សារសេនជូរីផ្លាហ្សា ផ្សារពោធិ៍ចិនតុង ផ្សារកណ្ដាល ផ្សារដេប៉ូ ផ្សារពិភពថ្មីឈូកមាស និងផ្សាររីករាយ និងផ្សារអូឡាំពិក៕