ភ្នំពេញ៖ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា «ផ្សារ​ណាត់​ជ្រោយ​ចង្វារ» បាន​បើក​ដំណើរការ​បម្រើ​សេវា​ផ្នែក​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ។

ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខណ្ឌ​នេះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ផ្សារ​ណាត់​ជ្រោយចង្វារ​នេះ គឺ​ជា​គំនិតផ្ដួច​ផ្ដើម​ពី​គណៈអភិបាល​ខណ្ឌ រួម​សហការ​ដោយ​ក្រុមហ៊ុន OCIC ដោយ​ផ្តល់​ទីតាំង ផ្តល់​ទឹក ផ្តល់​ភ្លើង ដោយ​ឥតគិត​ថ្លៃ​ដល់​អាជីវករ។

ទំព័រ​ហ្វេសប៊ុក​ដដែល​បាន​បញ្ជាក់​ថា៖ «ការ​រៀបចំ​ផ្សារ ព្រម​ទាំង​ផ្គត់ផ្គង់​ស្បៀង​អាហារ ត្រី សាច់ បន្លែ ដោយ​ឯកឧត្តម ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន JET’S GROUP និង​ក្រុមហ៊ុន TADA DELIVERY បាន​បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី ២៣ ខែ​ មេសា ឆ្នាំ ២០២១ នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ភូមិ​គៀនឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ»។

លោក ឃ្លាំង ហួត បាន​លើក​ឡើង​ថា «ផ្សារ​ណាត់​ជ្រោយចង្វារ» គឺ​បង្កើត​ឡើង​ក្នុង​កាលៈទេសៈ​ដែល​រាជធានី​ភ្នំពេញ​ទាំង​មូល​ត្រូវ​បាន​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ គោល​បំណង​នៃ​ការ​បង្កើត​ផ្សារ​ណាត់​នេះ​ឡើង គឺ​ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ចេញ​ទៅ​មូលដ្ឋាន​ខណ្ឌ​ដទៃ។

ការ​បង្កើត «ផ្សារ​ណាត់​ជ្រោយចង្វារ» ជា​យន្តការ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ដោះស្រាយ និង​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​ទិញ​ត្រី សាច់ បន្លែ ផ្លែ​ឈើ គ្រឿង​ទេស អង្ករ ត្រីខ មី អាហារ​បម្រុង​ផ្សេងៗ​តាម​តម្រូវការ ដោយ​អាច​អញ្ជើញ​មក​ទិញ​ផ្ទាល់ ឬ​អាច​បញ្ជាក​ម្មង់​ទិញ​តាមរយៈ​ទូរស័ព្ទ Smart៖ 010 656 705 / 010 656 245 និង Cell card៖ 011 61 94 63 / 061 845 423 ព្រម​ទាំង​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​កន្លែង​ប្រក​ដោយ​អនាម័យ​ខ្ពស់ គុណភាព​ល្អ និង​តម្លៃ​សមរម្យ​ថែម​ទៀត​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋបាលខណ្ឌ៕

អាជីវករលក់សាច់មាន់នៅផ្សារ​ណាត់ ក្នុងខណ្ឌ​ជ្រោយ​ចង្វារ។ រូបថត រដ្ឋបាលខណ្ឌជ្រោយចង្វារ