ភ្នំពេញ៖ ផ្សារ​ចំនួន ២ ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ចន្ទ ទី ១៩ ខែ​មេសា​នេះ ដល់​ថ្ងៃទី ០២ ខែ​ឧសភា ក្នុង​មូលដ្ឋាន​ផ្សារ​ធំ​ទួលសង្កែ (ផ្សារ​សាំហាន់) និង​ផ្សារ​បឹងត្របែកផ្លាហ្សា ដោយសារ​តែ​រក​ឃើញ​មាន​អ្នក​ឆ្លង​កូវីដ ១៩។

លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ បាន​ឱ្យ​ដឹង​ថា ដោយ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​អាជីវករ និង​ប្រជាពលរដ្ឋ បាន​ឆ្លង​វីរុស​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ដែល​ស្ថានភាព​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ចាំបាច់​ត្រូវ​មាន​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជា​បន្ទាន់។

លោក​មាន​ប្រសាសន៍​ថា៖ «ចំពោះ​មុខ​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​មូលដ្ឋាន​ផ្សារ​ធំ​ទួលសង្កែ (ផ្សារ​សាំហាន់) ក្នុង​សង្កាត់​ទួលសង្កែទី១ រយៈពេល ១៤ ថ្ងៃ ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ០២ ខែ​ ឧសភា ឆ្នាំ ២០២១»។

លោក ជា ពិសី ថា ការ​ផ្អាក​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូវីដ ១៩ ទៅ​ដល់​អាជីវករ អតិថិជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ចេញ-ចូល​ផ្សារ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ លោក ថេង សុថុល អភិបាល​ខណ្ឌ​ចំការមន ក៏​បាន​សម្រេច​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ផ្សារ​បឹងត្របែក​ផ្លាហ្សា​ចំនួន ១៤ ថ្ងៃ​ដូច​គ្នា​ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូវីដ ១៩ ជា​បន្ទាន់។

លោក ថេង សុថុល បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ ព្រម​ទាំង​​ប្រជាពលរដ្ឋ​ដែល​បាន​ចេញ-ចូល​ផ្សារ​នេះ គិត​ចាប់​ពី​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២១ មក ត្រូវ​រួសរាន់​ទៅ​យក​សំណាក​តេស្ត​រក​មេរោគ​កូវីដ ១៩ ជា​បន្ទាន់​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​បឹងត្របែក ព្រម​ទាំង​ត្រូវ​អនុវត្ត​វិធាន​ចត្តាឡីស័ក ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ម្សិលមិញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ផ្សារ​ដើមគរ និង​ផ្សារ​បន្លែ​ដែល​ស្ថិត​នៅ​ជុំវិញ​តំបន់​ប្រជុំជន​ផ្សារ​ដើមគ បន្ទាប់​ពី​មាន​អាជីវករ និង​កម្លាំង​សន្តិសុខ​ផ្សារ​ដើមគ​ប្រមាណ​ជា ១០០ នាក់ បាន​ឆ្លង​វីរុស​កូវីដ ១៩។

គិត​ត្រឹម​ថ្ងៃទី ១៨ ខែ​មេសា ការ​ផ្ទុះ​ឆ្លង​នៅ​ផ្សារ​អូឫស្សី​មាន​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន ៤១៣ នាក់ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ ឯករណី​នៅ​ផ្សារចាស់ រក​ឃើញ​អ្នក​ឆ្លង​ចំនួន ២៨ នាក់៕