The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្សោត​ញី​ ១ ​ក្បាល​ ទម្ងន់​ជាង​ ១០០ ​គីឡូ​ ត្រូវ​បាន​ប្រទះឃើញ​ងាប់​នៅ​ក្រចេះ

ផ្សោត​ញី​ ១ ​ក្បាល​ ទម្ងន់​ជាង​ ១០០ ​គីឡូ​ ត្រូវ​បាន​ប្រទះឃើញ​ងាប់​នៅ​ក្រចេះ

Content image - Phnom Penh Post
សមត្ថកិច្ច​ពេល​ពិនិត្យ​ខ្មោច​ផ្សោត​ដែល​ទើប​រកឃើញ​ងាប់​ថ្មីៗ​។ រូបថត សហការី

ផ្សោត​ញី​ ១ ​ក្បាល​ ទម្ងន់​ជាង​ ១០០ ​គីឡូ​ ត្រូវ​បាន​ប្រទះឃើញ​ងាប់​នៅ​ក្រចេះ

ក្រចេះ: មន្ទីរ​ទេសចរណ៍​ខេត្ដ​ក្រចេះ​​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា មាន​សត្វ​ផ្សោត​ញី​ ១ ​ក្បាល ​ទម្ងន់​ ១១០ ​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ប្រទះឃើញ​ងាប់​ដោយសារ​ជាប់​មង​របស់​ប្រជានេសាទ​ខុសច្បាប់ ខណៈ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​បង្ហាញ​ក្ដី​ក្រៀមក្រំ បន្ទាប់ពី​ទទួល​ដំណឹង​ពី​ការបាត់បង់​សត្វ​ផ្សោត​ថ្មី​នេះ​។

តាម​ការផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ថា កាលពី​ថ្ងៃទី​ ១២ ខែ​វិច្ឆិកា​ឆ្នាំ​នេះ ឆ្មាំ​ទន្លេ​ប្រចាំ​ប៉ុស្តិ៍​កាំ​ពី​បាន​ប្រទះឃើញ​សត្វ​ផ្សោត​ញី​ ១ ​ក្បាល​ មាន​ប្រវែង​ ២,២៧ សង់ទីម៉ែត្រ និង​ទម្ងន់​ ១១០ គីឡូក្រាម បាន​ងាប់​នៅ​ចំណុច​អន្លង់​ព្រះសង្ឃ ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​។

មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់​ថា​៖ «​យើងខ្ញុំ​ទាំងអស់​គ្នា​ចូលរួម​សោកស្តាយ​បំផុត​ចំពោះ​ការបាត់បង់​សត្វ​ផ្សោត​ញី​នេះ​។ ក្រោយ​ធ្វើ​កោសល្យវិច័យ​ស្ថានភាព​ផ្សោត​ដែល​ងាប់​នេះ​មាន​សភាព​ហើម ធ្លាយ​ពោះ ព្រោះ​ជាប់​មង​ប្រជានេសាទ​នៅត្រង់​គល់​កន្ទុយ ខណៈ​ក្រឡាមង​មាន​ទំហំ​ ១៤ ​សង់ទីម៉ែត្រ និង​ប្រវែង​ ៣០ ​ម៉ែត្រ​»​។

ទន្ទឹម​នឹងនេះ​មន្ទីរ​ទេសចរណ៍​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​សូម​ឲ្យ​បញ្ឈប់​រាល់​ការនេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​តំបន់​ដែលមាន​សត្វ​ផ្សោត​រស់នៅ​ និង​ចូលរួម​អភិរក្ស​ឲ្យ​បាន​គង់វង្ស​ ដើម្បី​ឲ្យ​មាន​កំណើន​ទេសចរ និង​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ម៉ុក ពន្លក នាយករង​ខណ្ឌ​ជលផល​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​ក្រុមការងារ​អភិរក្ស​សត្វ​ផ្សោត​មិនអាច​សុំ​ការបកស្រាយ​ជុំវិញ​ករណី​ងាប់​ផ្សោត​ញី​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​របស់​លោក​​មិនមាន​អ្នកទទួល​។

លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (WWF-Cambodia) ​បាន​ថ្លែងថា នេះ​ជា​ដំណឹង​ដ៏ក្រៀមក្រំ​បំផុត​ចំពោះ​ការបាត់បង់​សត្វ​ផ្សោត​ទន្លេមេគង្គ ​១ ​ក្បាល​ទៀត​ក្នុង​ខេត្តក្រចេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការធ្វើ​កោសល្យវិច័យ​ក្រុមការងារ​ស្រាវជ្រាវ​សត្វ​ផ្សោត​របស់​យើង​បាន​ពិនិត្យ​ឃើញ​ថា​សត្វ​ផ្សោត​ដែល​ងាប់​នោះ​មាន​ទម្ងន់​ ១១០ ​គីឡូក្រាម និង​មាន​ប្រវែង​ ២,២៧ ​សង់ទីម៉ែត្រ ហើយ​មូលហេតុ​នៃ​ការងាប់​នេះ​គឺ​បណ្តាល​មកពី​កន្ទុយ​របស់​វា​បាន​ជាប់​មង​អ្នក​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​អភិរក្ស​សត្វ​ផ្សោត​រស់នៅ​។ ​សត្វ​ផ្សោត​ញី​នេះ​ជា​ផ្សោត​ពេញវ័យ និង​កំពុង​ស្ថិត​នៅក្នុង​វ័យ​បន្ត​ពូជ​»​។

លោក សេង ទៀក បាន​បន្ថែមថា ការនេសាទ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​សត្វ​ផ្សោត​តាម​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​ និង​ស្ទឹងត្រែង​នៅតែ​ជា​កត្តា​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​ងាប់​សត្វ​ផ្សោត​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​ការពារ​ថែរក្សា​សត្វ​ផ្សោត​ទន្លេមេគង្គ សូម​​ចូលរួម​បញ្ឈប់​រាល់​ការនេសាទ​ខុស​ច្បាប់​ទាំងឡាយ ជាពិសេស​ការនេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​»​។

លោក សេង ទៀក បាន​ឲ្យ​ដឹងថា​ក្រោយ​រាប់​សត្វ​ផ្សោត​កាលពី​ដើម​ឆ្នាំ​ ២០១៨ រហូត​មក​ទល់​ពេលនេះ ឃើញ​មាន​ការកើនឡើង​ប្រមាណ​ ១៥ ​ភាគរយ​គឺ​កើន​ពី​ចំនួន​ ៨០ ​ក្បាល​រហូត​ដល់ ៩២​ ក្បាល​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​ឆ្នាំ​ ២០១៨ ​យើង​កត់ត្រា​ឃើញ​មាន​កូន​ផ្សោត​ចំនួន​ ១០ ​ក្បាល ​ហើយ​ចាប់ពី​ឆ្នាំ​ ២០១៩ ​រហូតដល់​បច្ចុប្បន្ននេះ ​គឺ​យើង​កត់ត្រា​ឃើញ​ ១១ ​ក្បាល​។ ​ដូច្នេះ​បើ​យើង​សរុប​ ២ ​ឆ្នាំ​កូន​ផ្សោត​ដែល​បាន​កើត​ទាំងអស់​មាន​ចំនួន​ ២១ ​ក្បាល ប៉ុន្ដែ​ចំនួន​សត្វ​ផ្សោត​ដែល​បាន​ងាប់​តាំងពី​ឆ្នាំ ២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​គឺ​មាន​ចំនួន ១០ ​ក្បាល​ហើយ​»​។

លោក សេង ទៀក បាន​ឲ្យ​ដឹងថា​នៅក្នុង​ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​ WWF-Cambodia និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​រួមគ្នា​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​អំពី​ចំនួន​សត្វ​ផ្សោត​នេះ និង​បន្ត​រៀបចំ​​យុទ្ធសាស្ដ្រ​ដើម្បី​អភិរក្ស​សត្វ​ផ្សោត​ឲ្យ​បាន​គង់វង្ស​ថែម​ទៀត​៕

អត្ថបទគួរចាប់អារម្មណ៍