ព្រះសីហនុៈ ត្រីផ្សោតសមុទ្រ ១ ក្បាល ទម្ងន់ប្រហែល ២០០ គីឡូក្រាម ត្រូវបានក្រុមប្រជានេសាទប្រទះឃើញងាប់អណ្ដែតទឹកមកទើរលើតំបន់ឆ្នេរក្រោមស្ពានកោះពស់កាលពីព្រឹកថ្ងៃពុធ ហើយត្រូវបានក្រុមមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ សម្រេចជីកកប់សត្វសមុទ្រដ៏ធំ ១ ក្បាលនេះ ទុកនៅក្បែរឆ្នេរកោះពស់ ។
លោក ឯម ភា ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុដែលបានចុះពិនិត្យសាកសពផ្សោតសមុទ្រនោះដល់កន្លែងកើតហេតុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ផ្សោតនោះបានងាប់រយៈពេល ១ សប្តាហ៍មកហើយ និងមានសភាពហើមស្អុយរលួយដែលមិនអាចយកមករក្សាទុក ដើម្បីធ្វើការសិក្សាស្រាវជ្រាវបានទេ។ ផ្សោតនោះមានទម្ងន់ប្រហែលជាង ២០០ គីឡូក្រាម និងមានប្រវែង ២,៣០ ម៉ែត្រ។
លោកបានបញ្ជាក់ថា៖ «យោងតាមការពិនិត្យស្លាកស្នាមផ្សោតនោះបានងាប់ដោយសារជាប់មង។ មន្ត្រីយើងបានសម្រេចកប់វាទុកនៅនៅក្បែរឆ្នេរកោះពស់»។
បើតាមលោក ភា ផ្សោតសមុទ្រនោះជាផ្សោតឃ្លៀច (Indo-Pacific humpback dolphin) និងជាប្រភេទសត្វកម្រ។ នៅកម្ពុជាផ្សោតប្រភេទនេះ ច្រើនបង្ហាញខ្លួននៅតំបន់កោះព្រីង, ឆ្នេរកោះថ្មី កោះសេះ និង ប្រជុំកោះរ៉ុង។ ដោយឡែកប្រជាពលរដ្ឋនៅឯខេត្តក្រចេះក៏បានប្រទះឃើញកូនផ្សោត ១ ក្បាល ងាប់អណ្ដែតទឹកតាមដងទន្លេមេគង្គក្នុងចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីអន្លង់ផ្សោតកាំពីផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការ WWF-Cambodia កាលពីថ្ងៃអង្គារ។
ក្រុមមន្ត្រីជំនាញនៃអង្គការ WWF-Cambodia និងក្រុមឆ្មាំទន្លេបានអះអាងថា កូនផ្សោតនោះទើបមានអាយុ ១១ ថ្ងៃប៉ុណ្ណោះ ហើយវាបានងាប់តាំងពីថ្ងៃអាទិត្យមកម្ល៉េះ ប៉ុន្តែមិនទាន់ដឹងច្បាស់ថា វាងាប់ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដនៅឡើយទេ បើទោះជាសភាពនៃដងខ្លួនកូនផ្សោតនោះមានលក្ខណៈដាច់រលាត់ស្បែកជាច្រើនកន្លែងក្ដី។
ការបាត់បង់កូនផ្សោតទន្លេមេគង្គដ៏កម្រនេះបានធ្វើឲ្យក្រុមការងារអភិរក្សផ្សោតទន្លេមេគង្គ និងក្រុមមន្ត្រីជំនាញនៃអង្គការ WWF-Cambodia មានការសោកស្ដាយហើយពួកគេកំពុងបន្តកិច្ចសហការគ្នាស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុជាក់លាក់នៃការងាប់របស់កូនផ្សោតនេះ។
ផ្សោតទន្លេមេគង្គត្រូវបានគេកត់សម្គាល់ឃើញថា បានងាប់ជាបន្តបន្ទាប់ដោយការជាប់មងដែលបង្ហាញថា បទល្មើសនេសាទនៅតែបន្តកើតមាននៅក្នុងតំបន់ដែនអភិរក្សសត្វផ្សោតទន្លេមេគង្គនេះដែលទាមទារឲ្យមានការពង្រឹងការចុះល្បាតជាប្រចាំ និងត្រូវចាត់វិធានការច្បាប់ឲ្យតឹងរ៉ឹងបំផុតចំពោះជនប្រព្រឹត្តបទល្មើសដោយគ្មានការលើកលែង។
លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF-Cambodia បាននិយាយថា មងជាឧបករណ៍នេសាទដែលមានការគំរាមកំហែងដ៏ចម្បងមួយចំពោះការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ។ លោកបានអំពាវនាវឲ្យមានការពង្រឹងការអនុវត្តច្បាប់ជលផលឲ្យបានតឹងរ៉ឹងបន្ថែមទៀត និងពង្រឹងការហាមប្រាមដាច់ខាតចំពោះការប្រើប្រាស់មងនេសាទ៕