ក្រចេះ: ថ្វីបើ​ក្នុង​អំឡុង​ពេល​នេះជារដូវ​បិទការ​នេសាទ ប៉ុន្តែ បទ​ល្មើស​នេសាទ​នៅ​តែត្រូវបាន​​គេកត់​សម្គាល់​ឃើញ​បន្ត​កើត​មាន​គ្រប់​ទីកន្លែង សូម្បី​តែ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ ដោយ​បាន​ធ្វើ​ឲ្យ​​ផ្សោត​ឈ្មោល​ ១ ក្បាល​ ត្រូវ​បាន​ក្រុមឆ្មាំ​ទន្លេ​ប្រទះ​ឃើញ​ងាប់​អណ្តែ​តទឹកនៅ​ចំណុច​ភូមិ​កាកុត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដោយ​កន្ទុយ​របស់​វា​បាន​ជាប់​នឹង​សរសៃ​មង។

លោក ម៉ុត ពន្លក ប្រធាន​ក្រុម​ការ​ងារ​អភិរក្ស​សត្វ​ផ្សោត ក្នុង​តំបន់​អន្លង់​កាំពី ថ្លែង​ថា ​បទល្មើសនេសាទនៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​ជា​មាន​ការ ហា​​ម​ឃាត់ ចុះបង្ក្រាប និង​ផ្សព្វ​​ផ្សាយ​អប់​រំណែនាំ​ជារឿយៗ ពីមន្ត្រី​ជំនាញ និងអាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ណា​ក៏ដោយ។

លោក​ថ្លែង​ថា កាល​ពី​ថ្ងៃអា​ទិត្យ ក្រុមការ​ងារ​របស់​លោក​បាន​ប្រទះ​ឃើញខ្មោច​​ផ្សោត​ឈ្មោល​ ១ ក្បាលអណ្ដែ​​ត​​ទឹកនៅ​ចំណុច​ភូមិ​កាកុត ឃុំ​សំបុ​​ក ដោយ​កន្ទុយ​របស់​វា​មាន​ជាប់​សរសៃ​មង ។

ផ្សោត​នោះ​ មាន​ទម្ងន់ ១០៤ គីឡូ​ក្រាម មាន​ប្រវែង ១,៩៨ ម៉ែត្រ និង​មាន​អាយុ​ ​ចន្លោះ​​​ ពី ១៥ ទៅ ១៨ ឆ្នាំ​។​ «យើង​សោក​ស្ដាយ​ខ្លាំង​ណាស់ ចំពោះ​​ការ​បាត់​បង់​ផ្សោត​​នេះ ហើយ​វាជា​ផ្សោត​ទី ​៥ ហើយ​ដែល​បាន​ងាប់​ ​គិត​ចាប់​ពី​ដើម​ខែ​មករា»។

ខ្មោចផ្សោត​នេះ ត្រូវ​បា​ន​មន្ត្រី​ជំនាញ​អង្គការ​ WW​F​-​Cambodia នាំ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ទីស្នាក់​ការ​របស់​ពួក​គេ​នៅទីរួម​ខេត្ត​ក្រចេះ ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ។​

WWF កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយដោយ​សម្ដែង​ក្ដី​សោកស្ដាយ​ចំពោះ​ការបាត់​បង់​សត្វផ្សោត​​ និង​បាន​អំពាវ​នាវ​ដោយ​​ទទូចដល់​ប្រជា​នេសាទឲ្យ​បញ្ឈ​ប់​ការ​នេសាទ​នៅ​ក្នុង​តំបន់​ការ​ពារ ​និង​អភិរក្ស​សត្វ​ផ្សោត​ជា​បន្ទាន់​ ។ «ការ​ដាក់​មង​នៅ​ក្នុង​តំបន់​អភិរក្ស​ គឺជា​កត្តា​ចម្បង ​ដែល​ធ្វើ​ឲ្យ​មានការ​ងាប់​​ផ្សោត​ទន្លេ​មេគង្គ​។ សូមកុំ​​នេសាទត្រី​ ​ក្នុង​តំបន់​អភិរក្ស​ ដើម្បី​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ ដែលជា​បេតិក​ភណ្ឌ​មាន​ជីវិត​ដ៏​មាន​តម្លៃ​​របស់​ប្រទេស​យើង»។

បើ​តាម​របាយ​ការណ៍​អង្កេត​ឆ្នាំ ២០១៨ ​របស់​អង្គការ​នេះ ​ផ្សោត​ទន្លេ​មេគង្គ ក្នុង​ប្រទេស​កម្ពុជា (ពី​ចំណុច​អន្លង់កាំពី​ខេត្ត​ក្រចេះ ដល់​តំបន់​ព្រំដែន​កម្ពុជា-ឡាវ ខេត្ត​ស្ទឹង​ត្រែង) មាន​ចំនួន​ ៩២ ​ក្បាលហើយ​ក្នុង​រយៈ​ពេល ​៧ ខែ ក្នុង​ឆ្នាំ​ ២០១៩​ នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​រក​ឃើញ​កូន​ផ្សោត​ដែល​ទើប​ចាប់​កំណើត​ថ្មី ចំនួន ​៩ ក្បាល។

លោក​ទុយ សុវណ្ណា មេ​ឃុំសំបុក បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា យ៉ាង​ហោច​ណាស់​ ក្នុង​រយៈពេល​ចន្លោះ​ពី ៣​​ ទៅ​ ៤ ថ្ងៃម្ដង​ ក្រុម​​ឆ្មាំ​ទន្លេបាន​សហ​ការ​ជាមួ​យ​​អាជ្ញាធរ​មូល​ដ្ឋាន ចុះ​ល្បាត​តាម​ដង​ទន្លេ ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ជលផល ហើយ​ក្នុង​ពេល​ចេញ​ប្រតិបត្តិ​​កា​រ​​ម្ដងៗ​ សមត្ថ​កិច្ច​បាន​រឹប​អូ​ស​​និង​ដុត​បំផ្លាញ​ចោល​នូវ​​សាច់​មង​ប្រវែង​​ ៣០០ ម៉ែត្រ​ ៕