កណ្ដាលៈ លោក ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្ដាល​ត្រូវ​បាន​អគ្គស្នងការ​នគរបាលជាតិ​សម្រេច​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ដោយ​មន្ត្រីនគរបាល​បាន​អះអាង​ថា គឺ​ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី​រដ្ឋ​នៅ​ក្រុង​តាខ្មៅ​។

លោក ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា មូលហេតុ​ដែល​លោក ស្រេង សុខា ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ​សម្រេច​ឱ្យ​ផ្អាក​ពី​ការងារ​បណ្ដោះអាសន្ន​គឺ​ផ្ដើមចេញ​​ពី​រឿង​កាន់កាប់​ដីធ្លី​រដ្ឋ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត និង​អគ្គស្នងការ​នគរបាលជាតិ​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក​រឿង​គាត់​គ្មាន​រឿង​អី​ក្រៅពី​រឿង​ដីធ្លី​ហ្នឹង​ទេ គឺពាក់ព័ន្ធ​នឹង​ដីធ្លី​នៅ​បឹង​ទទឹងថ្ងៃ​នៅ​សង្កាត់​រកាខ្ពស់​នៅ​ក្រុង​តាខ្មៅ​ (​ដែល​ត្រូវ​កាត់​ចេញ​ពី​ស្រុក​ស្អាង​)​។ ​ដី​ហ្នឹង​មាន​ទំហំ​ប្រហែល​ ៤០ ​ហិកតា ហើយ​កាលពី​ថ្ងៃទី​ ១១ ខែ ១ ឆ្នាំ​ ២០១៨ ដី​ហ្នឹង​ត្រូវបាន​ចុះ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាលខេត្ត​កណ្ដាល ហើយ​មាន​ប្លង់​អី​ចេញ​អស់ហើយ​»​។

លោក​បន្តថា​៖ «​កន្លងមក​លោក​ ​ស្រេង សុខា ទៅ​ទិញ​ដី​នៅក្បែរ​​ហ្នឹង ហើយ​បាន​សុំ​ប័ណ្ណកម្មសិទ្ធិ​ដោយ​បាន​ទៅ​ស៊ីញ៉េ​ជាមួយ​ភូមិ​ និង​ឃុំ​ពាក់ព័ន្ធ​នឹង​ដី​បឹង​ហ្នឹង​ដែល​ត្រូវបាន​គេ​ចុះបញ្ជី​រួចហើយ​។ អ៊ីចឹង​គឺ​ផ្ដើមចេញ​ពី​រឿង​ហ្នឹង​»​។

លោក ឈឿន សុចិត្រ បន្តទៀត​ថា​មិនដឹង​ថា តើ​រដ្ឋបាលខេត្ត​នឹងមាន​វិធានការ​យ៉ាងណា​ចំពោះ​លោក​ ស្រេង សុខា នោះ​ឡើយ​ដោយ​លោក​បាន​ជំរុញ​ឱ្យ​ទៅ​សួរ​លោក​ ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​វិញ​។

ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ​លោក ម៉ៅភិរុណ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយសារ​ទូរស័ព្ទ​របស់លោក​មិន​មាន​អ្នកទទួល​។ រីឯ​លោក​ គង់ សោភ័ណ្ឌ ​បាន​បញ្ជាក់ថា​លោក​កំពុង​ជាប់​ប្រជុំ​។ ​ចំណែក​លោក ឆាយ គឹមខឿន អគ្គស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់ដែរ​ថា លោក​មិន​បានដឹង​ពី​ការផ្អាក​ការងារ​លោក​ ស្រេង សុខា ទេ​។

ទាក់ទិន​នឹង​ករណីនេះ សារព័ត៌មាន​មួយ​ឈ្មោះ​ នគរ ដ្រេហ្គន ​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ​ថា យោងតាម​សេចក្តីសម្រេច​ស្តីពី​ការផ្អាក​ការងារ​បណ្តោះអាសន្ន​មន្ត្រី​នគរបាលជាតិ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​គឺ​លោក ស្រេង សុខា ត្រូវបាន​បង្គាប់​ឱ្យ​បង្ហាញ​ខ្លួន​នៅ​រៀងរាល់​ម៉ោង​ការងារ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​។ សារព័ត៌មាន​នេះ​បាន​បន្តថា មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ម្នាក់​បញ្ជាក់ថា លោក ស្រេង សុខា នឹង​អាច​ត្រូវ​អគ្គស្នងការ​នគរបាល​ជាតិ​ដកតំណែង និង​បណ្ដេញ​ចេញ​​ពី​ក្របខ័ណ្ឌ​ថែមទៀត​។

កាលពី​ខែ​មីនា​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក​បាន​ស្រាវជ្រាវ​ករណី​រំលោភ​យក​ដី​រដ្ឋ​ ១ ​កន្លែង​នៅ​ក្រុង​តាខ្មៅ​ដែល​ជា​ប្រភេទ​ដី​លិច​ទឹក ខណៈ​មាន​សារព័ត៌មាន​បាន​ចុះផ្សាយ​ថា ដី​នោះ​ត្រូវ​បាន​លោក ស្រេង សុខា ​ប្រើប្រាស់​តួនាទី​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​គាបសង្កត់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះហត្ថលេខា​ប្រគល់​ដី​ឱ្យ​គាត់​។

លោក គង់ សោភ័ណ្ឌ ធ្លាប់បាន​បញ្ជាក់​ថា លោក​មិន​អនុញ្ញាត​ឱ្យមាន​ការរំលោភ​យក​​ដី​រដ្ឋ​ឡើយ ហើយ​លោក​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ចំពោះ​ករណី​រំលោភ​ដី​រដ្ឋ ប៉ុន្តែ​មិនបាន​បញ្ជាក់ថា ជា​លោក ស្រេង សុខា នោះទេ​៕