
សាលារៀនដែលត្រូវបានផ្អាក ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនូវសារជាសំឡេងបន្ទាន់មួយកាលពីយប់មិញ ដោយលោកបានសម្រេចឱ្យមានការបិទសាលារៀនទាំងអស់ ទាំងរដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលចំនួន ២ សប្តាហ៍ ដោយសារស្ថានភាពនៃការឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍នៅតែបន្តកើនឡើង។
លោកបានលើកឡើងថា ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះចំនួនអ្នកឆ្លងនៅមានបន្ត ចំនួនទីកន្លែងដែលត្រូវបិទ និងស្រាវជ្រាវកាន់តែមានការលំបាក បូករួមនឹងភាពរាយប៉ាយនៃបញ្ហា ដែលតម្រូវឱ្យយើងប្រកាន់យកនូវវិធានការណ៍ចាំបាច់មួយចំនួនទៀត។
លោក ហ៊ុន សែន បានថ្លែងថា៖ «រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានស្នើសុំបិទនូវសាលារៀនទាំងក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាលចំនួន ២ សប្តាហ៍យ៉ាងតិចទាំងសាលារដ្ឋ និងឯកជន។ នេះជាវិធានការដើម្បីឆ្លើយតបជាមួយនឹងកិច្ចការពារសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស»។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីយប់មិញបានចេញនូវសេចក្តីជូនដំណឹងពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្នរយៈពេល ២ សប្ដាហ៍នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
នៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា៖ «ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្ដោះអាសន្នរយៈពេល ២ សប្ដាហ៍នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
សេចក្ដីជូនដំណឹងបន្តទៀតថា៖ «គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក»។
នៅថ្ងៃម្សិលមិញដែរ ក្រសួងអប់រំ យុវជន និងកីឡាបានបន្តឱ្យគ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ ការពារ និង ៣ កុំ»។
ក្រសួងនេះបានរឹតបន្តឹងក្នុងការអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា។ បុគ្គលិកអប់រំ និងសិស្សានុសិស្សត្រូវចៀសវាងទៅកាន់ទីកន្លែងដែលមានហានិភ័យខ្ពស់ឆ្លងកូវីដ ១៩។
លោក ហង់ជួន ណារ៉ុន បានតម្រូវឱ្យផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី ២០ នាក់ ហើយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចអំពីវត្តមាននៃការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោកបានបញ្ជាក់ថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្ដីពីចំនួនបុគ្គលិកអប់រំដែលសង្ស័យថាមានទំនាក់ទំនងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយបុគ្គលិកអប់រំដែលប៉ះពាល់ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំតាមឋានានុក្រម និងអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។
ដោយឡែក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាសឱ្យបន្តផ្អាកអាជីវកម្ម KTV ក្លិបកម្សាន្ត និងស្នើដល់រដ្ឋបាលរាជធានី-ខេត្តត្រួតពិនិត្យការងារនេះឱ្យបានជាប់ជាប្រចាំ។
លោកបានឱ្យដឹងថា៖ «ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងទេសចរណ៍សូមបន្តការផ្អាកសកម្មភាពអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) រហូតដល់មានការសម្រេច និងជូនដំណឹងជាថ្មី»។
លោក ថោង ខុន បន្តថាគណៈអភិបាលរាជធានី-ខេត្តត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្តទាំងនេះឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។
កាលពីថ្ងៃទី ២១ ខែកុម្ភៈ អាជ្ញាធរខេត្តកណ្តាលបានសម្រេចបិទក្លិបខារ៉ាអូខេ (ឡូហ្សិក ២) នៅក្រុងតាខ្មៅ និងបានបញ្ជូនបុគ្គលិកចំនួន ៧៤ នាក់ ក្នុងនោះមានបុរស ១១ នាក់ ឱ្យទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកតាពៅ បន្ទាប់ពីបុគ្គលិកប្រុសម្នាក់មានវិជ្ជមានកូវីដ ១៩ ហើយភរិយារបស់គាត់ធ្វើការនៅក្លិបកម្សាន្តអិន ៨ (N8) ដែលជាកន្លែងឆ្លងកូវីដ ១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ៕
វីដេអូ៖