តាកែវៈ មន្ទីរ​កសិកម្មខេត្តតាកែវ កាលពី​ថ្ងៃទី​ ១០ ខែមីនា បាន​ដុត​កម្ទេចចោល​ពងមាន់ ពងទា និង​ពងក្រួច​ខូចគុណភាព​ជាង​ ៤ ​ម៉ឺន​គ្រាប់ ​ដែល​បាន​រឹបអូស​ពី​ក្រុម​ឈ្មួញ ដែល​លួច​បន្លំ​នាំចូល​ពី​ប្រទេស​វៀតណាម ​ដោយ​ខុសច្បាប់​។

លោក​ ថៃ លី ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ឈ្មួញ​បាន​នាំចូល​នូវ​ពងសត្វ​ទាំងអស់​នេះ​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​បាន​លួច​បន្លំ​ដាក់​នៅក្រោម​ទំនិញ​ផ្សេង​។ នៅពេល​ដែល​កម្លាំង​សមត្ថកិច្ច​ស្ទាក់​រថយន្ត និង​ឆែកឆេរ​ក៏បាន​ឃើញ និង​រឹបអូស​យកមក​រក្សាទុក ហើយ​បាន​ដុត​កម្ទេចចោល​កាលពី​ថ្ងៃ ទី​ ១០ ខែ មីនា ឆ្នាំ​ ២០២១ ព្រោះ​ពង​ទាំងនេះ​ខូចគុណភាព​។

បើតាម​លោក​ ថៃ លី ការដុត​កម្ទេចចោល​នេះ​ក្នុង​គោលបំណង ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ការនាំចូល​ដោយ​គ្មាន​ច្បាប់​បន្តទៀត​ និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ចិញ្ចឹមសត្វ​យក​ពង​នៅក្នុង​ស្រុក​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​ក្នុង​ការលក់​នៅលើ​ទីផ្សារ​មានតម្លៃ​ខ្ពស់ ជាពិសេស​ក្នុង​អំឡុងពេល​នៃ​ជំងឺ​កូវីដ​ ១៩ នេះ​។

លោក​ថា​៖ «​យើង​កុំឱ្យ​គាត់​ (​កសិករ​ខ្មែរ​) ​ផលិត​បាន​ហើយ មាន​តម្លៃ​ថោក​»​។ ចំណែក​ឈ្មួញ​ដែល​នាំចូល​ពងទា​ និង​ពងក្រួច​ខុសច្បាប់​ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យធ្វើ​កិច្ចសន្យា​កុំឱ្យ​មាន​ការនាំចូល​ដោយ​ខុសច្បាប់​បន្តទៀត​។

លោក​ ភី ទី ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទា​បាន​ស្វាគមន៍​ចំពោះ​ចំណាត់​ការទប់ស្កាត់​របស់​អាជ្ញាធ​ដែល​បង្ក្រាប​នូវ​ការនាំ​ចូល ពងមាន់​ពងទា​ចូល​កម្ពុជា​ដោយ​ខុសច្បាប់​នេះ​។ នៅពេល​ដែល​សមត្ថកិច្ច​ទប់ស្កាត់​បាន​បែបនេះ​នឹង​ធ្វើឱ្យ​ទីផ្សារ​ពងមាន់ និង​ពងទា​កសិករ​ខ្មែរ​មាន​ភាពល្អប្រសើរ​។ «​នៅពេល​ដែល​គ្មាន​ការនាំ​ចូល កសិករ​នៅក្នុង​ស្រុក​របស់​យើង លក់ដាច់ និង​មាន​ចំណូល​គ្រប់គ្រាន់ »​។

លោក ភី ទី ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​គួរតែ​នាំគ្នា​ចិញ្ចឹម​ទា​យក​ពង​ឱ្យបាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​កុំឱ្យ​មានការ​នាំចូល​ពី​ប្រទេស​ជិតខាង​ដែលមាន​សារធាតុ​គីមី​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​។

បើតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម ខេត្តតាកែវ ដែល​ផ្ញើ​ទៅ​អភិបាល​ខេត្តតាកែវ​លោក​ អ៊ួច ភា កាលពី​ថ្ងៃទី​ ៩ ខែមីនា ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្តឃាត​កាលពី​ថ្ងៃទី ៦ ខែ​ មីនា ​ឆ្នាំ​ ២០២១ ​ចាប់បាន​ពងទា​ចំនួន​ ២ ​ម៉ឺន​ ៤ ​ពាន់​គ្រាប់ ពងមាន់​ ៨ ពាន់​គ្រាប់ និង​ពង​ក្រួច​ ៧ ​ពាន់​គ្រាប់​ ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​វៀតណាម​ ដោយ​ខុសច្បាប់​។ ពង​សត្វ​ទាំងអស់​នោះ​ខូច​គុណភាព​មាន​ក្លិនស្អុយ​ដែល​បង្កឱ្យមាន​មេរោគ​ឆ្លង​ផ្សេងៗ​៕

វីដេអូ៖