ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី​ ២០ តុលា បាន​ជូនដំណឹង​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ត្រូវ​រួសរាន់​បង់ពន្ធ​ឲ្យ​បាន​ទាន់ពេល​ត្រឹម​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំនេះ​នៅ​តាម​សាខា​ពន្ធដារ រាជធានី-ខេត្ដ និង​ខណ្ឌ​ហើយ​ក្នុង​ករណី​មិន​បង់ពន្ធ​ទាន់ពេល​នឹងត្រូវ​ទទួល​រង​ទោសទណ្ឌ​តាមច្បាប់​។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ស្តីពី​ការរំឭក​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​ ២០២០ និង​អនុលោម​តាម​ប្រកាស​លេខ​ ៥៣១ ចុះ​ថ្ងៃទី​ ៣០ ខែ​ ឧសភា ឆ្នាំ​ ២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ គឺ​ការប្រមូល​ពន្ធ​ប្រភេទ​នេះ​នឹងត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​ ៣០ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ​នេះ​។ អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញថា ម្ចាស់​យានយន្ត​ភាគច្រើន​បានប្រកាស​បង់ពន្ធ​រួចរាល់ ខណៈ​ម្ចាស់​យានយន្ត​មួយចំនួន​ទៀត​នៅ​មិនទាន់​បាន​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជាក់ថា​៖ «​ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ ម្ចាស់​យានយន្ត​នឹងត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ​តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ចរាចរណ៍​ដើម្បី​ចុះ​ត្រួតពិនិត្យ ការអនុវត្ត​ប្រមូល​ពន្ធ​នេះ​នៅតាម​ដងផ្លូវ​នានា​បន្ទាប់ពី​បិទ​បញ្ចប់​ការប្រមូល​ពន្ធ​»​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ក្រើនរំឭក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ឱ្យ​រួសរាន់​ទៅ​ប្រកាស​បង់ពន្ធ​ឱ្យ​បាន​ទាន់​ពេលវេលា​នៅ​សាខា​ពន្ធដារ ខេត្ត ខណ្ឌ ឬ​នៅ​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ចៀសវាង​នូវ​ការកកស្ទះ និង​ការប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំឱ្យ​កើតមាន​នូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​។

លោក គង់ វិបុល ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​ពី​ម្សិលមិញ​។ ប៉ុន្ដែ​បើតាម​សេចក្ដី​ជូនដំណឹង​ដដែល អគ្គនាយកដ្ឋាន​ពន្ធដារ សង្ឃឹម និង​ជឿជាក់ថា ម្ចាស់​យានយន្ត​ទាំងអស់​នឹង​យកចិត្ត​ទុកដាក់​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ស្របតាម​ការកំណត់​របស់​ច្បាប់​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចាប់ផ្តើម​ប្រមូល​ពន្ធ​លើ​យានយន្ត​នៅ​ឆ្នាំនេះ ចាប់ពី​ថ្ងៃទី​ ១ ខែមិថុនា រហូតដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ហើយក៏​នឹង​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយ​ណា​ដែល​មិនទាន់​បាន​បង់ពន្ធ​ឆ្នាំ​ចាស់​ដែល​កន្លងផុត​នោះ​ទៅតាម​ច្បាប់​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ស្ដីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកញ្ញា និង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ បង្ហាញថា សម្រាប់​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ ចំណូល ពន្ធអាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន​ ៩០១៥,០៨ ​ប៊ីលាន​រៀល (២២២៥.៩៥ ​លាន​ដុល្លារ​អាមេរិក​) ​ស្មើនឹង ៧៨,១០% នៃ​ផែនការ​ប្រចាំឆ្នាំ​។

ប្រសិនបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០១៩ ឃើញថា ចំណូល​ពន្ធអាករ​សម្រាប់​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ ​កើនឡើង ចំនួន​ ៣២៥,២៧​ ប៊ីលាន​រៀល​ (​ប្រមាណ​ ៨០,៣១ ​លាន​ដុល្លារ​អាមេរិក​) ​ស្មើនឹង​ ៣,៧១%​។

លោក គង់ វិបុល ​បាន​ថ្លែង​តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា ឥទ្ធិពល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​បង្ហាញ​នូវ​សញ្ញា និង​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​ចំណូល​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធ និង​វិស័យ​សំខាន់ៗ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំនេះ​។

លោក​បាន​ថ្លែងថា​៖ «​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​ឈានទៅ​សម្រេច​ឱ្យបាន​តាម​ផែនការ​ដែល​បានកំណត់​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​បន្ត​អនុវត្ដ​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​»​។

ជុំវិញ​ការព្រមាន​ក្នុង​ការបង់ពន្ធ​យឺត​ហួសពេល​កំណត់​នេះ​លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​មើលឃើញ​ថា ក្នុងដំណាក់កាល​ចុងក្រោយ​នេះ​តាមរយៈ​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​កែទម្រង់​ឱ្យមាន​ប្រព័ន្ធ​ផ្ដល់​សេវាកម្ម​បង់ពន្ធ​តាម​អនឡាញ​ធ្វើឱ្យ​មាន​តម្លាភាព​ និង​ប្រសិទ្ធភាព​ជាង​មុន​។

លោក​ថ្លែងថា​៖ «​នៅក្នុង​បរិបទ​ដែល​កម្ពុជា ជួប​វិបត្ដិ​សេដ្ឋកិច្ច​ច្រើន​ដែល​កើតចេញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩ និង​គ្រោះទឹកជំនន់​ជាដើម​នេះ ពលរដ្ឋ​ទូទៅ​មាន​ហានិភ័យ​ហិរញ្ញវត្ថុ​ធំធេង​។ បើ​ពលរដ្ឋ​មាន​កាតព្វកិច្ច​ច្រើន​ដូចជា​ត្រូវ​ផ្គត់ផ្គង់​គ្រួសារ​ផង បង់​កម្ចី​ធនាគារ​ផង ហើយ​ពួកគាត់​ត្រូវ​ងាក​មក​បង់ពន្ធ​ទៀត ខ្ញុំ​គិតថា ពួកគាត់​នឹង​មាន​បញ្ហា​ហិរញ្ញវត្ថុ និង​លំហូរ​សាច់ប្រាក់​ប្រចាំ​គ្រួសារ​។ ដូច្នេះ​រាល់​ការទាមទារ​យក​ថវិកា​ពី​ពលរដ្ឋ​ក្នុង​ដំណាក់កាល​នេះ គួរតែមាន​ការសិក្សា និង​វាយតម្លៃ​ច្បាស់លាស់​ពី​ផលប៉ះពាល់ ព្រោះ​ពលរដ្ឋ បើសិន​ជា​គាត់​គ្មាន​លទ្ធភាព​បង់ពន្ធ គឺ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​គេច​ការបង់ពន្ធ​នោះ​ទេ​»៕