ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ចាប់ពី​ដើមខែ​មករា​នេះ​បាន​ផ្អាក​ការឃុំ​ឃាំង​ជនជាប់ចោទ​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ដោយសារ​តែ​ស្ថានភាព​ចង្អៀត​ណែន​នៃ​ពន្ធនាគារ​នេះ ហើយ​ត្រូវ​ផ្ទេរ​អ្នក​ទាំងនោះ​ទៅ​ពន្ធនាគារ​ប៉េហ្ស៊ី​ថ្មី​ដែល​នៅក្បែរនោះ​។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែងប្រាប់​កាលពី​ថ្ងៃ​ចន្ទ​ថា ការឈប់​ទទួល​ដាក់​ឃុំឃាំង​ជនជាប់ចោទ​នេះ ដោយសារ​តែ​ពន្ធនាគារ​ប៉េហ្ស៊ី ត្រូវ​បាន​រើ​ទៅ​ក្បែរ​ពន្ធនាគារ​ព្រៃស និង​មាន​កន្លែង​សម្រាប់​ដាក់​ឃុំឃាំង​ទំនេរ​អាច​ទទួល​ជន​ជាប់ឃុំ​បាន​។

លោក​ថ្លែងថា​៖ «​ដើម្បី​សម្រួល​បន្ទុក​ដល់​ព្រៃស​កុំ​ឲ្យ​ចង្អៀត​ពេក អ្នក​ដែល​ចូល​ថ្មីៗ​ដែល​ត្រូវ​ជាប់ចោទ​ថ្មី​គឺ​បញ្ជូន​ទៅ​ប៉េហ្ស៊ី​ហើយ​។ អ៊ីចឹង​ព្រៃស​មាន​ប៉ុនណា​ (​ប៉ុន្មាន​) ​ទុក​ប៉ុណ្ណឹង រហូត​ដល់​គាត់​ផុត​ទោស​ហើយ​បញ្ចេញ​ឲ្យ​វា​ធ្លាក់​តួលេខ​។ ឥឡូវ​តួលេខ​ហ្នឹង​វា​ខ្ពស់​ពេក​ដែល​ប៉ះពាល់​ដល់​ការងារ​គ្រប់គ្រង​ដែរ​»​។

លោក​ថា វិធានការ​ដែល​អាច​ធ្វើ​ទៅបាន គឺ​មាន​តែ​តុលាការ​ទេ ដែល​សម្រេច​បញ្ជូនទៅ​ឃុំ​នៅ​ក្រោម​យុត្តាធិការ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​គឺ​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​រាជធានី​គឺ​ប៉េហ្ស៊ី​ទាំងអស់​។ លោក​បញ្ជាក់ថា មណ្ឌល​អប់រំ​កែប្រែ បើ​បំពេញមុខ​ឲ្យ​ចំ គឺ​ទទួល​តែ​ជន​ដែល​ត្រូវបាន​កាត់ទោស​មាន​សាលក្រម​ស្ថាពរ​ប៉ុណ្ណោះ​។

លោក​ បេ ទាឡេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹងថា ការសម្រេច​ឈប់​ឃុំ​ជន​ជាប់ឃុំ​ថ្មី​នៅ​ព្រៃស ធ្វើ​ឡើង​ចាប់ពី​ដើម​ខែ​មករា​នេះ​។ រហូត​មក​ដល់​ពេលនេះ​មាន​ជន​ជាប់ឃុំ​នៅ​ប៉េហ្ស៊ី​ប្រមាណ ៤០០ នាក់​ហើយ​ដោយ​បូក​ទាំង​អ្នក​ចាស់​មកពី​ប៉េហ្ស៊ី​ចាស់​ដែល​កាត់ទោស​រួចហើយ និង​មិនទាន់​កាត់ទោស និង​អ្នក​ចាប់​មក​ថ្មី​។ លោក​បញ្ជាក់ថា ប៉េហ្ស៊ី​ថ្មី អាច​ដាក់​ជន​ជាប់ឃុំ​ចន្លោះ​ពី​ ១០០០ ​នាក់ ទៅ​ ១៥០០ ​នាក់​។

បើ​តាម​ការបញ្ជាក់​របស់​លោក បេ ទាឡេង បច្ចុប្បន្ន​មាន​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ម​ ១ (​ផ្នែក​បុរស​) ចំនួន ៩៥០០ ​នាក់ ចំណែក​ ម ​២ (​ផ្នែក​ស្ត្រី​)​ មាន​ចំនួន​ជិត​ ២០០០ ​នាក់​។ លោក​បញ្ជាក់ថា ដើម្បី​កាត់បន្ថយ​ភាពចង្អៀត​ណែន​ អ្នក​ដែល​ត្រូវបាន​កាត់ទោស​ហើយ​អាច​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ផ្សេង​ទៀត​ដែល​មាននៅ​ខេត្ត​មួយចំនួន​។

លោក អំ សំអាត នាយករង​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ថ្លែងថា ទោះបី​ជា​មាន​ការផ្ទេរ​ការឃុំឃាំង​ពី​ព្រៃស​ទៅ​ប៉េហ្ស៊ី​ក៏ដោយ មិន​យូរ​មិនឆាប់ វា​នឹង​រង​ការ​ចង្អៀត​ណែន​ដូចគ្នា​។

លោក​ថា កន្លងមក​សង្គម​ស៊ីវិល​បានផ្ដល់​ជា​អនុសាសន៍ ហើយ​រដ្ឋាភិបាល​ក៏បាន​ប្រជុំ​គណៈកម្មធិការ​ថ្នាក់ជាតិ​ជា​បន្តបន្ទាប់​។ លោក​ថ្លែងថា​៖ «​ទី​១ ​ការឃុំខ្លួន​បណ្ដោះអាសន្ន​គឺ​តុលាការ​គួរ​ពិនិត្យ​ពិចារណា​ថា បទល្មើស​ណា​គួរ​ទុក​ក្នុង​ពន្ធនាគារ បទល្មើស​ណា គួរ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​។ ទី២ ​ការចោទប្រកាន់​គួរតែ​ពិនិត្យ​មើល​ហើយ​ត្រូវមាន​ភ័ស្តុតាង​គ្រប់គ្រាន់​មុន​នឹង​ធ្វើការ​ចោទប្រកាន់ និង​ធ្វើការ​ឃុំខ្លួន​។ ទី៣ យើង​មើល​លើ​ការអនុវត្ត​ទោស​ដោយ​ឲ្យ​អនុវត្ត​ទោស​ទៅ​ធ្វើ​ការងារ​សហគមន៍​ជាដើម​»​។

លោក​បន្តថា វិធី​ម្យ៉ាង​ទៀត​នោះ​គឺ​ការអនុវត្ត​ទោស​ពាក់​កណ្ដាល​ទោស​តាម​ក្រមព្រហ្មទណ្ឌ​។ បើទោះបី​ជា​វិធី​ខាងលើ​អាច​ធ្វើ​បាន​ក៏ដោយ ប៉ុន្តែ​អ្វីដែល​សំខាន់​បំផុត​នោះ​គឺ​ការទប់ស្កាត់​បទល្មើស​កុំ​ឲ្យ​កើតឡើង នោះ​ទើប​អាច​បញ្ឈប់​ការចង្អៀត​ណែន​នៅតាម​ពន្ធនាគារ​បានជា​ពិសេស​បទល្មើស​គ្រឿងញៀន​។

លោក​ អំ សំអាត បាន​ថ្លែង​ទៀតថា​៖ «​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​រក​វិធី​យ៉ាងម៉េច ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​គ្រឿងញៀន​វា​បន្ត​កើតឡើង​។ កាលណា​បទល្មើស​គ្រឿងញៀន​នៅតែ​បន្ត​កើតឡើង អ៊ីចឹង​ការចង្អៀតណែន​ច្បាស់​ជា​ចៀស​មិន​ផុត ព្រោះ​ពន្ធនាគារ​បច្ចុប្បន្ន​ទូទាំង​ប្រទេស បទល្មើស​គ្រឿងញៀន​មាន​ច្រើន​»៕