ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​ពន្យារពេល​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​ ២០១៩ ​និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​ ២០២០ ​ដោយ​លើក​ទៅ​អនុវត្ត​នៅ​ឆ្នាំក្រោយ​។ ក្រសួង​ក៏បាន​ប្រាប់​ឲ្យ​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ជាង​ ២៥ ០០០ ​នាក់ មក​បើកប្រាក់​ឧបត្ថម្ភ​ដំណាក់កាល​ទី​ ២ ក្រោយ​បាត់បង់​ការងារ​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ជូនដំណឹង​ចុះហត្ថលេខា​ដោយ​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កម្មករនិយោជិត ដែល​ប្រើប្រាស់​កិច្ចសន្យាការងារ​មាន​ថិរវេលា​មិន​កំណត់​គឺ​ការបើកប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​ ២០១៩ សម្រាប់​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ និង​ប្រាក់​បំណាច់ អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​ ២០២០ សម្រាប់​គ្រប់​វិស័យ​ត្រូវ​ពន្យារពេល​ក្នុង​ការអនុវត្ត​ទៅ​ឆ្នាំ​ ២០២១​។

សេចក្តី​ជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​អំឡុងពេល​ពន្យារ​ពេលនេះ​ម្ចាស់​រោងចក្រ ឬ​សហគ្រាស​ទាំងអស់​ត្រូវ​ទូទាត់​ប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​ ២០១៩ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ឆ្នាំ​ ២០២០ ជូន​កម្មករ​និយោជិត​របស់ខ្លួន​នៅពេល​បញ្ចប់​កិច្ចសន្យា​ការងារ លើកលែង​តែ​ការបញ្ចប់​កិច្ចសន្យា​នេះ បណ្តាល​មកពី​កំហុស​ធ្ងន់ធ្ងរ និង​ការលាឈប់​ពី​ការងារ​ដោយ​ឯកឯង​របស់​កម្មករ​និយោជិត​។

ក្រសួង​ការងារ​បាន​បញ្ជាក់​ថា​៖ «​មូលហេតុ​នៃ​ការពន្យារ​ពេលនេះ​គឺ​សំដៅ​រួមចំណែក​ជួយ​ដល់​វិស័យ ឯកជន និង​កម្មករ​និយោជិត​ដែល​ទទួល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩»​។

ក្រសួង​ការងារ​ក៏បាន​ប្រកាស​ឲ្យ​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ជាង​ ២៥ ៥៨៨ ​នាក់ មក​បើកប្រាក់​ឧបត្ថម្ភ​ដំណាក់កាល​ទី​ ២ តាមរយៈ​ភ្នាក់ងារ​វីង​ផងដែរ​។

តាមរយៈ​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​ ១ ខែ​មិថុនា បាន​ឲ្យ​ដឹងថា​៖ «​កម្មករ​ទាំង​ជាង​ ២៥ ០០០ ​នាក់​នេះ​ស្រង់​ចេញពី​រោងចក្រ សហគ្រាស​ទាំង​ ៦៧ នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ដែល​ពួកគេ​បាន​ផ្អាក​អាជីវកម្ម និង​បានប្រកាស​ព្យួរការងារ​កម្មករនិយោជិត​របស់​ខ្លួន ក្រោយ​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩»​។

តាម​ការប្រកាស​នេះ​កម្មករនិយោជិត​មាន​ពេល​ ១០ ​ថ្ងៃ ដើម្បី​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្រោយពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វីង​។ ក្នុងករណី​ដែល​កម្មករនិយោជិត​មិន​បាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​តាម​ការកំណត់ នោះ​ធនាគារ​វីង​នឹង​បង្វិល​ប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រដ្ឋាភិបាល​វិញ​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ កាលពី​ថ្ងៃ​អង្គារ​មិន​បាន​បកស្រាយ​អ្វី​បន្ថែម​លើ​ការពន្យារពេល​ទូទាត់​ប្រាក់​អតីតភាព​ការងារ​នោះទេ​។ ចំណែក​ករណី​កម្មករ​និយោជិត​ជាង​ ២ ​ម៉ឺន​នាក់ ដែល​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​វិញ លោក​អះអាង​ថា​គឺ​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​ដែល​រោងចក្រ​បាន​ព្យួរការងារ​របស់​កម្មករ​។

វីដេអូ៖

កាលពី​ចុងខែ​ឧសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ឲ្យ​កម្មករនិយោជិត​កាត់ដេរ និង​ទេសចរណ៍​ដែល​ត្រូវបាន​ព្យួរការងារ​ជាង​ ៣៣ ០០០ ​នាក់​នៃ​រោងចក្រ និង​សហគ្រាស​ទាំង​ ១១១ បើកប្រាក់​ឧបត្ថម្ភ​ដែល​ត្រូវបាន​បែងចែក​ជា​ ៣ ​ផ្នែក​។ ក្នុងនោះ​ប្រាក់ឧបត្ថម្ភ​ចំនួន​ ៦០ ៧៥០ ​រៀល ​[១៥ ​ដុល្លារ​] សម្រាប់​ការព្យួរ​កិច្ចសន្យា​ការងារ​រយៈពេល​ ៧ ​ថ្ងៃ​ដល់​ ១០ ​ថ្ងៃ​។ ចំនួន ​១២១ ៥០០ ​រៀល​ [៣០ ដុល្លារ​] សម្រាប់​រយៈពេល​ ១១ ​ថ្ងៃ ដល់ ២០ ​ថ្ងៃ និង​ ១៦២ ០០០ ​រៀល [៤០ ​ដុល្លារ​] ​សម្រាប់​ការព្យួរ​ការងារ​ពី ២ ​ថ្ងៃ ដល់​ ១ ​ខែ​។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅថា សង់ត្រាល់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា វិធានការ​របស់​ក្រសួង​ការងារ​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ន័យ​ជួយ​សម្រាល​បន្ទុក​វិស័យ​ឯកជន និង​ជួយ​ដល់​កម្មករ ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ ​១៩​។

លោក​បន្តថា រដ្ឋាភិបាល​ត្រូវ​តែ​មាន​វិធានការ​រឹងមាំ​ជាង​នេះ ដើម្បី​ទប់ស្កាត់​ក្នុង​រយៈពេល​វែង​ដែល​ធនាគារ​ពិភពលោក​បាន​ព្យាករ ថា​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នេះ​អាច​នឹង​អូសបន្លាយ​យ៉ាងហោចណាស់​ជាង​ ១ ​ឆ្នាំ​បន្តទៀត​។

លោក ថារ៉ូ បាន​បញ្ជាក់​ថា​៖ «​ផលប៉ះពាល់​វា​អាច​មាន​ក្នុង​រយៈពេល​វែង បើសិន​ជា​អត់​មាន​អ្នកបញ្ជា​ទិញ ហើយ​ហាង​ទំនិញ​នៅក្រៅ​ប្រទេស​អត់​ដំណើរការ​ទេ​។ ដូច្នេះ​ស្ថិរភាព​ក្នុង​ការបញ្ជាទិញ និង​ផលិត​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ការវិវឌ្ឍ​នៃ​ព្រឹតិ្តការណ៍​សកល​ដែរ​។ រដ្ឋាភិបាល​ត្រូវតែ​ពិចារណា​ថា សាច់ប្រាក់​ដែល​បាន​តម្កល់ទុក​ហ្នឹង​ត្រូវ​ធានា​ថា កម្មករ​ទាំងអស់​មាន​ការងារ​ធ្វើ និង​វិស័យ​ឯកជន​ដំណើរការ​បាន​ធម្មតា​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​ប្រសិន​វា​មាន​រយៈពេល​វែង​ទៀត លុយ​ដែល​រដ្ឋ​មាន​ទាំង​ប៉ុន្មាន​នេះ ក៏​មិន​គ្រប់គ្រាន់​ដែរ ដែល​ទាមទារ​ឲ្យ​គិតពី​ការខ្ចី​បុល ឬ​ត្រូវ​គិត​អំពី​ការស្វែងរក​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​កសាង​ទំនុកចិត្ត​ក្នុង​ការនាំ​ចេញ​ទំនិញ​ទៅ​ក្រៅ​ប្រទេស និង​ការសម្របសម្រួល​កុំ​ឲ្យ​សហភាព​អឺរ៉ុប ព្យួរ EBA ២០ ​ភាគរយ​នៃ​ការនាំចេញ​នេះ ព្រោះ​ទាំងនេះ​គឺជា​ទីផ្សារ​ឧស្សាហកម្ម​ស្នូល​របស់​យើង ដើម្បី​អាច​រក្សា​និរន្តរភាព​បាន​»​។

ចំណែក​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៅដល់​កម្មករ​វិញ លោក​ ឃុន ថារ៉ូ ក៏បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​ពង្រីក​វិសាលភាព​ឲ្យ​បាន​គ្របដណ្តប់​ទៅ​ដល់​កម្មករ​ក្នុង​វិស័យ​ផ្សេងៗ​បន្ថែមទៀត មិន​ត្រឹម​តែ​នៅក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ស្បែកជើង និង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ព្រោះ​ថា​នាពេល​បច្ចុប្បន្ន ផលប៉ះពាល់​កើត​ចេញ​ពី​ជំងឺ​កូវីដ​ ១៩​ នេះ​កើត​មាន​លើ​គ្រប់​វិស័យ​៕