ភ្នំពេញៈ មាន​ពលករ​ខ្មែរ​ជាង ២០ ម៉ឺន​នាក់​ បាន​ទទួល​ភាពស្របច្បាប់​ពី​រដ្ឋាភិបាល​ថៃ​នៅក្នុង​អំឡុង​ពេលដែល​ប្រទេស​ថៃ​បាន​ផ្តល់​ពេល ១ ​ខែ​ ឱ្យ​ពលករ​ដែល​រស់នៅ និង​ធ្វើការ​ខុសច្បាប់​អាចបំពេញ​ភាពស្របច្បាប់​វិញ​។

ចាប់ពី​ថ្ងៃទី​ ១៥ ខែមករា ដល់​ថ្ងៃទី​ ១៣ ខែ កុម្ភៈ ​ឆ្នាំ​ ២០២១ ​ពលករ​ចំណាកស្រុក​បរទេស​ខុសច្បាប់​ទាំង​ ៣ ​សញ្ជាតិ​ មាន​កម្ពុជា ឡាវ និង​ភូមា ត្រូវបាន​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​ធ្វើ​ការងារ និង​ស្នាក់នៅ​ស្របច្បាប់​ក្នុង​ប្រទេស​ថៃ​រយៈពេល​ ២ ​ឆ្នាំ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ចាប់ពី​ថ្ងៃទី​ ១៥ ខែ​មករា ដល់​ថ្ងៃទី​ ១៣ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ​ពលករ​បរទេស​ដែល​បាន​ចុះឈ្មោះ​ជាមួយ​ក្រសួង​ការងារ​ថៃ​មាន​ចំនួន ៦៥៤ ៨៦៤ នាក់​ ក្នុង​នោះ​មាន​ពលករ​កម្ពុជា​ចំនួន ២០៣ ៦៧០ នាក់​។

លោក​បន្តថា​៖ «​ពលករ​បរទេស​ទាំង ៣ ប្រទេស​ត្រូវ​បាន​ចែកចេញ​ជា​ពលករ​មាន​និយោជក​ចំនួន ៥៩៦ ៥០២ នាក់ ​ក្នុង​នោះ​ពលករ​កម្ពុជា​មាន​ចំនួន ១៨០ ៤៧៦ នាក់​ ហើយ​ពលករ​មិនមាន​និយោជក​ចំនួន ៥៨ ៣៦២ នាក់​ ក្នុង​នោះ​ពលករ​កម្ពុជា​មាន​ចំនួន ២៣ ២០៣ នាក់​»​។

យ៉ាងណាក្តី លោក ហេង សួរ បាន​អះអាងថា ក្នុងករណី​ដែល​ផុត​ការអនុគ្រោះ​នេះ ហើយ​រដ្ឋាភិបាល​ថៃ​ចាប់ផ្តើម​អនុវត្ត​វិធានការ​តឹងរ៉ឹង​លើ​ពលករ​ខុសច្បាប់ នោះ​គឺជា​សិទ្ធិ​របស់​រដ្ឋាភិបាល​នៃ​ប្រទេសមួយ​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា បាន​ខំប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ពលករ​ខ្មែរ​ទាំងនោះ​។

លោក​បញ្ជាក់ថា​៖ «​តម្លៃ​ធ្វើ​បណ្ណ​នេះ​ចន្លោះ​ពី ៣០០ ទៅ ៤០០ ដុល្លារ​) យើង​បាន​រួមគ្នា​ជាមួយ​ប្រទេស ២ ​ទៀត​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​ថៃ ពិចារណា​បន្ធូរបន្ថយ​កម្រៃ​សេវា​នេះ ហើយ​សេវា​នេះ​មិនមែន​បង់​ដោយ​បងប្អូន​ពលករ​ទាំងស្រុង​ទេ គឺ​មាន​កាតព្វកិច្ច​របស់​និយោជក​ខ្លះ​ផងដែរ​»​។

កញ្ញា បូ រ៉ាន ជា​ពលករ​ដែល​បាន​បន្ត​ភាពស្របច្បាប់​នៅ​ប្រទេស​ថៃ ​ក្នុងអំឡុង​ខែមករា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា សម្រាប់​ពលករ​ដែល​កំពុង​ធ្វើការ​ស្របច្បាប់​នៅ​ប្រទេស​ថៃ គឺ​មិនសូវ​ជា​ជួប​បញ្ហា​ប្រឈម​ប៉ុន្មាន​នោះទេ បើ​ពួកគេ​បាន​និយោជក​ដែល​គិតគូរ​ពី​សុខទុក្ខ​កម្មករ​។

ប៉ុន្តែ​កញ្ញា មើលឃើញ​ថា​សម្រាប់​ពលករ​ដែល​រស់នៅ​ និង​ធ្វើការ​ខុសច្បាប់​វិញ គឺ​ពួកគាត់​មាន​បញ្ហា​ប្រឈម​ជាច្រើន ហើយ​ការទទួល​បាន​ភាពស្រប​ច្បាប់​ពី​រដ្ឋាភិបាល​ថៃ​នេះ​ក៏​មាន​ការលំបាក​ផងដែរ ជាពិសេស​បញ្ហា​ជីវភាព​។

កញ្ញា បន្តថា​៖ «​បើសិន​ជា​វិធានការ​នៅ​ថៃ គេ​បន្ត​រឹតបន្តឹង​គឺ​អាច​ប៉ះពាល់​ដល់​ពលករ​ខ្មែរ​ដែល​គាត់​មក​ដោយ​មិន​ស្របច្បាប់​។ ទី​១ ​ចំណាយ​លើ​លិខិត​ឆ្លងដែន ហើយ​ពួកយើង​ក៏​មិនមាន​ប្រាក់​ច្រើន​នោះដែរ បើសិន​ជា​អាច​ចង់​ឱ្យ​រដ្ឋាភិបាល​ខ្មែរ និង​ថៃ​សម្រួល​នូវ​នីតិវិធី​ឱ្យបាន​ល្អ ដើម្បី​ឱ្យ​ពលករ​ចូលមក​ធ្វើការ​ក្នុងប្រទេស​នេះ​ស្របច្បាប់​។ ១ ទៀត​សុំ​យក​តម្លៃ​សេវា​អ្វី​ក៏ដោយ​ឱ្យទាប​បន្តិច​ទៅ​»​។

លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ Central បាន​លើកឡើង​ថា មាន​ពលករ​ខ្មែរ​ចំនួន​តិចតួច​ដែល​ទទួលបាន​ភាពស្របច្បាប់ តាមរយៈ​ការផ្តល់​ឱ្យ​ដោយ​រដ្ឋាភិបាល​ថៃ ខណៈ​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​មិន​បាន​ទទួល​ឱកាស​នេះ ព្រោះតែ​គ្មាន​ថវិកា និង​លក្ខខណ្ឌ​ផ្សេងៗ​។

លោក​បារម្ភ​ថា នៅពេល​ដែល​រដ្ឋាភិបាល​បិទ​បញ្ចប់​គោលនយោបាយ​នេះ ហើយ​ចាប់ផ្តើម​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ច្រើនណាស់​នឹង​ជួប​បញ្ហា​ប្រឈម​។

លោក​បន្តថា​៖ «​រយៈពេល​ ១ ​ខែ​ ដែល​ផ្តល់​បណ្ណស៊ីជម្ពូ​ (​ភាពស្របច្បាប់​) នេះ​ដល់​ពលករ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ពួកគាត់​ទេ ព្រោះ​អ្នកខ្លះ​មាន​បញ្ហា​ប្រឈម​អត់​មាន​ការងារ​ធ្វើ អត់​មាន​លុយ​គ្រប់គ្រាន់​ក្នុង​ការចំណាយ​ទៅលើ​ការចុះបញ្ជី​ចន្លោះ​ពី ៣០០ ទៅ​ ៤០០ ​ដុល្លារ​។ អ៊ីចឹង​នេះហើយ​ដែល​ជា​ភាពអយុត្តិធម៌​សម្រាប់​ពលករ​»​។

លោក ឌី ថេហូយ៉ា រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​រដ្ឋាភិបាល​ថៃ គួរតែ​មាន​ការចរចា​ក្នុង​ការផ្តល់​អត្ថប្រយោជន៍ និង​ភាពងាយស្រួល​បន្ថែម​ទៀត​ដល់​ពលករ​ខ្មែរ ដើម្បី​ឱ្យ​ពួកគាត់​អាច​ទទួល​បាន​សិទ្ធិ​ធ្វើការ​ស្របច្បាប់​ក្នុង​ប្រទេស​ថៃ អំឡុង​ពេល​ប្រឈម​នឹង​វិបត្តិ​កូវីដ​ ១៩៕

វីដេអូ៖