ភ្នំពេញៈ បន្ទាប់ពី​ប្រទេស​ថៃ​បាន​ប្រកាស​ពី​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​ ១៩ នៅ​ខេត្ត​សាមុតសាខន​កាលពី​ថ្ងៃទី​ ២០ ខែធ្នូ ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ជាង​ ២ ០០០ ​នាក់​ បាន​វិល​មក​កម្ពុជា​វិញ និង​កំពុង​ស្ថិតក្នុង​វិធានការ​ចត្តាឡីស័ក​នៅតាម​ព្រំដែន ប៉ុន្តែ​មិនមាន​ករណី​វិជ្ជមាន​ជំងឺ​នេះ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ថ្លែង​ទៅកាន់​ជនរួមជាតិ​កាលពី​ថ្ងៃទី​ ២៩ ​ធ្នូ ​ក្នុង​ព្រឹត្តិការណ៍​បិទ​បញ្ចប់​ការឆ្លង​ជំងឺ​កូវីដ ១៩​ ក្នុង​សហគមន៍​ ២៨ វិច្ឆិកា លោក ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​នានា​ដែល​បាន​ចូលរួម​ទប់ស្កាត់​ការនាំចូល​ជំងឺ​នេះ​ពី​ថៃ​។ លោក​បញ្ជាក់ថា ចាប់ពី​ថ្ងៃ​ទី​ ២០ ​ធ្នូ​ មិនមាន​ជំងឺ​នេះ​ត្រូវបាន​រកឃើញ​នាំ​ចូលមក​កម្ពុជា​ពី​ប្រទេស​ថៃ​ ទេ​។

លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​ដោយសារ​តែ​រាជរដ្ឋាភិបាល​ថៃ និង​អាជ្ញាធរ​ថៃ​ក៏​បាន​ចាត់វិធានការ​ក្នុង​ល្បឿន​មួយ​យ៉ាងលឿន​ដែល​អាច​គ្រប់គ្រង​បាន​សភាពការណ៍​។ បន្ថែម​ពីលើ​នេះ អាជ្ញាធរ​តាម​ខេត្ត​របស់​យើង​ក៏បាន​ធ្វើការ​បន្ទាន់​តាមរយៈ​ការចង្អុល​បង្ហាញ​ពី​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល ហើយ​ផ្ដល់​លទ្ធភាព​គ្រប់​បែបយ៉ាង​តាម​បណ្ដា​ខេត្ត​នៅតាម​ព្រំដែន​»​។ ភាពជោគជ័យ​នេះ​ក៏មាន​ការចូលរួម​ពី​កម្លាំង​ប្រដាប់អាវុធ​ក្នុង​ការដឹក​ជញ្ចូន​ពលករ​ដោយ​មិនឲ្យ​ពួកគេ​ធ្វើដំណើរ​តាម​ឡាន​ ឬ​តាក់ស៊ី ដែល​អាច​ចម្លងជំងឺ​នេះ​ពី​ថៃ​មក​កម្ពុជា​។ នាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​យកចិត្ត​ទុកដាក់​ថែរក្សា​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើការ​នៅ​ថៃ​ផងដែរ​។ នេះ​បើតាម​លោក​ ហ៊ុន សែន​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ចំណុច​ដ៏ល្អ​នៅក្នុង​ទំនាក់ទំនង​ជិតខាង​របស់​យើង ហើយ​មិនមាន​ការរើសអើង​ចំពោះ​ពលករ​កម្ពុជា​។ បន្ថែម​លើ​នោះ បើតាម​ព័ត៌មាន អ្នក​ដែល​មិនមាន​កាត​ធ្វើការ​ខុសច្បាប់​ហើយ​ទៅដោយ​ខុសច្បាប់​ក៏​ត្រូវបាន​អាជ្ញាធរ​ថៃ​រៀបចំ​ឲ្យ​មាន​ការកាន់​កាត​បណ្ដោះអាសន្ន​»​។

លោក​បន្តថា នេះ​ជា​ផ្នែក​មួយ​នៃ​ការដោះស្រាយ​បញ្ហា​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូវីដ​ផង និង​ដោះស្រាយ​ការងារ​ជូន​ពលករ​កម្ពុជា​ផង​ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ផង ហើយ​ជា​ផ្នែក​មួយ​នៃ​ប្រាក់ចំណូល​របស់​ពលករ​កម្ពុជា​ផងដែរ​។

បើតាម​លោក ហ៊ុន សែន រាជរដ្ឋាភិបាល​បាន​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដល់​ពលករ ដែល​មកពី​ថៃ និង​កំពុង​ស្ថិត​ក្នុង​ការធ្វើ​ចត្តាឡីស័ក​។ លោក​ប្រាប់​ដល់​អាជ្ញាធរ ឲ្យ​រៀបចំ​ការធ្វើ​ចត្តាឡីស័ក​ឲ្យ​បានល្អ ហើយ​ប្រសិនបើ​ថវិកា​ដែល​រដ្ឋាភិបាល​ទម្លាក់​ជូន​ជិត​អស់​អាជ្ញាធរខេត្ត​អាច​ស្នើសុំ​បន្ថែមទៀត​។ លោក​ក៏​អំពាវនាវ​ជាថ្មី​ឲ្យ​ពលករ និង​ពលការិនី ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ​ឲ្យ​បន្ត​រស់នៅ​ប្រទេស​ថៃ​តទៅទៀត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ទទួល​លិខិត​របស់​ឯកឧត្តម ប្រាយុធ ចានអូចា សុំ​ឲ្យ​ទប់ស្កាត់​ចំពោះ​ពលរដ្ឋ​កម្ពុជា​កុំ​ឲ្យ​ចូលទៅក្នុង​ប្រទេស​ថៃ​ក្នុង​ពេល​ដែល​ថៃ​កំពុងតែ​ប្រយុទ្ធ​ទៅលើ​ជំងឺ​នេះ​»​។ លោក​បាន​អំពាវនាវ​តាំងពី​ថ្ងៃ​ដំបូង​នៃ​ការផ្ទុះឡើង​ជំងឺ​នេះ នៅ​ថៃ​ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ផ្អាក​ចូលទៅ​ប្រទេស​ថៃ​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​បាន​ស្វាគមន៍​ចំពោះ​វិធានការ​ជួយ​សម្រួល​របស់​រដ្ឋាភិបាល​ចំពោះ​ពលករ​ដែល​វិលត្រឡប់​ពី​ថៃ​ដោយ​លោក​សង្កេតឃើញ​រដ្ឋាភិបាល​បានរៀបចំ​ទទួល​ដឹកជញ្ជូន​គាត់​ផង និង​ពិនិត្យ​តាមដាន​សុខភាព​ដើម្បី​ការពារ​ការឆ្លង​រាលដាល​កូវីដ​ ១៩​ ផង​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ការរៀបចំ​កន្លែង​ទទួល​ពួកគាត់ ការរៀបចំ​ពិនិត្យ​សុខភាព​ជា​រឿង​មួយ​ល្អ ជា​រឿង​ត្រឹមត្រូវ​។ លើសពីនេះ មាន​ការអប់រំ​ដល់​ពលករ ពេល​គាត់​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​គាត់​ចេះ​ការពារ​ខ្លួន រក្សា​អនាម័យ និង​ដាក់ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ពេល​ទៅ​ដល់​សហគមន៍​។ ថ្មីៗ​នេះ​ក៏មាន​ការយក​រថយន្ត​ទៅ​ដឹក​គាត់ និង​យកទៅ​ធ្វើ​ចត្តាឡីស័ក​នេះ​ជា​រឿង​ត្រឹមត្រូវ ខ្ញុំ​សាទរ​»​។

លោក តុលា យល់ថា​៖ «​ការធ្វើ​ចត្តាឡីស័ក​គួរតែ​ពង្រឹង ព្រោះ​ដើម្បី​ឲ្យ​មនុស្ស​មក​ធ្វើ​ចត្តាឡីស័ក​បាន​ទាល់តែ​ពង្រឹង​សេវា​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ទាល់តែ​មាន​បាយ​ម្ហូប​គ្រប់គ្រាន់​ទើប​មនុស្ស​នៅ ព្រោះ​មនុស្ស​មកពី​ស្រុក​ក្រៅ ហើយ​បែកក្រុម​គ្រួសារ​រាប់​ឆ្នាំ​ហើយ ដំបូង​គាត់​ចង់​ជួប​ក្រុមគ្រួសារ​។ អ៊ីចឹង​ទាល់តែ​យើង​ពិនិត្យ​មើល​សេវា​របស់​យើង​ឲ្យ​បានល្អ​ទើប​ឲ្យ​គាត់​ទប់​ចិត្តបាន និង​ធ្វើ​ចត្តាឡីស័ក​រហូត​ ១៤ ​ថ្ងៃ​»៕

វីដេអូ៖